(ប្រស៊ីឡា)៖ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅប្រេស៊ីឡា) ប្រទេសប្រេស៊ីលបានកត់ត្រាចំនួនករណីឆ្លងថ្មីៗនៃជំងឺ COVID-19 រហូតដល់ ២០,៦៤៧នាក់ និងករណីស្លាប់ថ្មីៗចំនួន ៦២៧នាក់ឯណោះ។ នេះបើតាមការចុះផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០។

ប្រការនេះវាធ្វើឲ្យតួលេខសរុបនៃករណី COVID-19 នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ សរុបហក់ឡើងដល់ ៨៨៨,២៧១ករណី ក្នុងនោះអ្នកស្លាប់សរុបកើនដល់ ៤៣,៩៥៩នាក់។ សម្រាប់រដ្ឋសៅប៉ូឡូដែលមានប្រជាជនរស់នៅច្រើនបំផុត នៅក្នុងប្រទេសដែលមានប្រជាជនសរុបជាង ២១០លាននាក់មួយនេះ គឺជាតំបន់ដែលរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ជាមួយនិងករណីឆ្លងសរុប ១៨១,៤៦០ករណី ក្នុងនោះស្លាប់ ១០,៧៦៧នាក់។

គួរជម្រាបថា ប្រេស៊ីលជាប្រទេសឈរលំដាប់ថ្នាក់ទី ២ ក្នុងចំណោមប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត នៅទូទាំងពិភពលោក ដោយស្ថិតនៅក្រោមតែសហរដ្ឋអាមេរិកតែមួយប៉ុណ្ណោះ។ ទោះជាបែបនេះក្តី ថ្នាល់ដឹកនាំកំពូលនាពេលបច្ចុប្បន្ន របស់ប្រទេសអាមេរិកឡាទីនមួយនេះ ដែលជាមនុស្សស្តាំនិយម ត្រូវបានក្រុមអ្នករិះគន់ចោទប្រកាន់ថា មិនសូវឲ្យតម្លៃ ឬផ្តល់ការយកចិត្តទុកដាក់គ្រប់គ្រាន់ សម្រាប់ដំណោះស្រាយវិបត្តិសកលមួយនេះឡើយ ដោយលោកបានងាកទៅផ្តោតសំខាន់ លើការរៀបចំបើកប្រទេសឡើងវិញ ដើម្បីសង្គ្រោះសេដ្ឋកិច្ច៕