(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ បានប្រជុំជាមួយ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីពិភាក្សាអំពីសេចក្តីព្រាងច្បាប់ចំនួន២ ក្នុងនោះមាន សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ និងសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។
នៅក្នុងកិច្ចប្រជុំនោះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានចោទសំណួរមួយចំនួនពាក់ព័ន្ធនឹង សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ។ លោកបានចោទសួរទៅ លោកឧបនាយករដ្ឋមន្រ្តីថា៖ ១៖ តើដីសម្បទានសេដ្ឋកិច្ចចាត់ទុកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋដែរឬទេ? ២៖ តើដីសម្បទានសេដ្ឋកិច្ចដែលបានជួលឲ្យ ក្រុមហ៊ុនឯកជនកន្លងទៅ មានរយៈពេល៩៩ឆ្នាំអាចកាត់មក ៥០ឆ្នាំបានទេ?
ឆ្លើយតបនឹងសំណួរនេះឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានបំភ្លឺដូចតទៅ៖
១៖ ដីដែលធ្វើសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនឯកជនគឺចាត់ទុកជាដីឯកជនរបស់រដ្ឋតែម្តង។
២៖ ដីឯកជនរបស់រដ្ឋដែលបានធ្វើសម្បទានសេដ្ឋកិច្ចឲ្យទៅក្រុមហ៊ុនឯកជនកន្លងមកមានរយៈពេល៩៩ឆ្នាំ ខ្លះ ៩០ឆ្នាំ រីឯខ្លះទៀត ៧០ឆ្នាំនោះ គឺដាច់ខាតត្រូវកាត់រយៈពេលមកត្រឹម៥០ឆ្នាំវិញ ហើយបច្ចុប្បន្នភាពមានក្រុមហ៊ុនឯកជនបានជួលដីពីរដ្ឋមានចំនួន២៣១ ក្រុមហ៊ុនលើផ្ទៃដី១លាន១០ម៉ឺនហិកតា ចំពោះក្រុមហ៊ុនជួលដីពីរដ្ឋ២៣១ក្រុមហ៊ុននោះគឺខាងក្រសួងបានពិនិត្យសើររើមើលនូវរយៈពេលនៃការជួលដីបានចំនួន៦៤ក្រុមហ៊ុនហើយ ដើម្បីកាត់បន្ថយនូវ រយៈពេលជួលដីលើសពី៥០ឆ្នាំមកត្រឹមតែ៥០ឆ្នាំវិញឲ្យស្របតាមច្បាប់ចែង។
លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា ការជួលដីពីរដ្ឋកន្លងមក គឺមានតម្លៃ៥ដុល្លារ១ហិកតា ហើយរដ្ឋយកថ្លៃឈ្នួលតែលើដីណាដែលក្រុមហ៊ុនបានឈូសឆាយព្រៃស្អាត ក៏ប៉ុន្តែឥឡូវនេះ គឺរដ្ឋាភិបាល បានកំណត់ឲ្យក្រុមហ៊ុនឯកជនដែលបានជួលដីពីរដ្ឋ ត្រូវតែបង់ថ្លៃឈ្នួលដីតាមទំហំដីដែលខ្លួនបានជួលពីរដ្ឋដោយមិនគិតថា ឈូសឆាយដីស្អាតឬមិនស្អាតនោះទេ ដើម្បីធានាបានប្រាក់ចំណូលចូលរដ្ឋ និងធានាបានការអភិវឌ្ឍជាក់ស្តែងលើដី ដែលរដ្ឋបានជួលឲ្យទៅក្រុមហ៊ុនឯកជន ហើយបើរដ្ឋចុះពិនិត្យជាក់ស្តែងលើដីដែលក្រុមហ៊ុន បានជួលពីរដ្ឋឃើញមិនមានសកម្មភាពអភិវឌ្ឃន៍ទេ គឺរដ្ឋនឹងរំលាយកិច្ចសន្យាជួលដីពីរដ្ឋនោះចោលតែម្តងហើយក្រុមហ៊ុនមួយ មានសិទ្ធជួលដីពីរដ្ឋ គឺ មិនឲ្យលើសពី១ម៉ឺនហិកតានោះឡើយ។
ដោយឡែកពាក់ព័ន្ធនឹង សេចក្តីព្រាងច្បាប់ ស្តីអំពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មវិញ លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងថា ច្បាប់នេះធានាឲ្យបានការគ្រប់គ្រងប្រាក់ចំណូលចូលរដ្ឋ និង កំណត់តំបន់ដែលអនុញ្ញាតឲ្យបើកដំណើរការ។ ឆ្លើយតបនឹងចម្ងល់ លោក ពេជ្រ ស្រស់ ដែលបានចោទសួរត្រង់មាត្រា៣៦ ដល់ មាត្រា៥៣, លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ក៏បានបញ្ជាក់យ៉ាងច្បាស់ដែរថា៖ គឺល្បែងនេះប្រទេសកម្ពុជាយើងពិបាកគ្រប់គ្រងណាស់ ព្រោះការគ្រប់គ្រងនូវបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជាយើងនៅមានកម្រិត៕