(ភ្នំពេញ)៖ ប្រទេសចិន នឹងបើកស្ថានកុងស៊ុលមួយ នៅខេត្តព្រះសីហនុរបស់ប្រទេសកម្ពុជា ខណៈដែលប្រទេសកម្ពុជា នឹងបើកស្ថានអគ្គកុងស៊ុលមួយ នៅទីក្រុងជីណាន (Jinan) ប្រទេសចិន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួម ស្តីពីប្រជុំលើកទី៥ របស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល តាមរយៈវីដេអូ Video Conference ជាមួយលោក Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន សហប្រធានខាងភាគីចិន នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ។
ការគ្រោងបង្កើតស្ថានកុងស៊ុល រវាងប្រទេសទាំងពីរកម្ពុជា-ចិន ដើម្បីសម្រួលការងាររវាងប្រជាជនទាំងពីរ ឱ្យកាន់តែមានភាពងាយស្រួលបន្ថែមទៀត ខណៈបច្ចុប្បន្ននេះកំណើនទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យនានា មានការរីកចម្រើនទៅមុខជាលំដាប់។
តាមសេចក្តីប្រកាសព័ត៌មានរួមដដែលបានឱ្យដឹងថា ភាគីទាំងពីរ ឯកភាពគ្នាពង្រឹងការផ្លាស់ប្តូរបទពិសោធន៍ ស្តីពី អភិបាលកិច្ចរដ្ឋ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ រវាងប្រទេសទាំងពីរ ដើម្បីការពារប្រឆាំងនឹងបដិវត្តពណ៌។
បន្ថែមពីនេះភាគីចិន បញ្ជាក់ជំហរជាថ្មីគាំទ្រកម្ពុជា ក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ប្រទេសផ្អែក តាមស្ថានភាពជាក់ស្តែងរបស់ខ្លួន និងកិច្ចខិតខំប្រឹងប្រែង ការពារបូរណភាពទឹកដី ឯករាជ្យ និងស្ថិរភាពសង្គម។
ភាគីកម្ពុជា បញ្ជាក់ជំហរជាថ្មី ប្រកាន់ខ្ជាប់នូវគោលនយោបាយចិនមួយ និងគោលការណ៍ប្រទេសមួយប្រព័ន្ធពីរ ព្រមទាំងគាំទ្រលើសេចក្តី សម្រេចរបស់សភាប្រជាជនចិន ក្នុងការបង្កើត និងពង្រឹងប្រព័ន្ធច្បាប់ និងយន្តការអនុវត្តច្បាប់ថ្នាក់ជាតិ នៅតំបន់រដ្ឋបាលពិសេសហុងកុង ដើម្បីរក្សាសន្តិសុខជាតិ។
ជាមួយគ្នានេះដែរ ភាគីទាំងពីរឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ, ចរចាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការសុខភាពកងទ័ព និងបន្តកិច្ចសហប្រតិបត្តិការលើគម្រោងសំខាន់ៗ ដូចជាសមយុទ្ធយោធារួមគ្នា និងការអភិវឌ្ឍ បណ្ឌិតសភាយោធាជាដើម។ល។ ភាគីទាំងពីរ គួរតែផ្តល់តួនាទីពេញលេញ ដល់កិច្ចសហប្រតិបត្តិការពង្រឹងការ អនុវត្តច្បាប់នៃប្រទេសទាំងពីរ កម្ពុជា-ចិន និងដំណើរការនៃការិយាល័យសម្របសម្រួល ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនដូចជា៖ បទល្មើសលេង ល្បែងស៊ីសង តាមអនឡាញ និងបទល្មើសឆបោក តាមមធ្យោបាយទូរគមនាគមន៍ ព្រមទាំងបន្តលំអានល្អសម្រាប់ឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់៕