(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរ ដែលបានជាប់គាំងនៅប្រទេសម៉ាឡេស៉ី ដោយសារជំងឺកូវីដ១៩ សរុបជាង២០០នាក់ នឹងធ្វើដំណើរមកដល់រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ វេលាម៉ោង ៥៖៣០នាទី។
ការធ្វើមាតុភូមិនិវត្តន៍របស់ប្រជាពលរដ្ឋខ្មែរទាំងនេះ បានធ្វើឡើងបន្ទាប់ពី លោក ចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៉ី បានជួបពិភាក្សាតាមរយៈ Teleconference ជាមួយលោក Eldeen Husaini ឯកអគ្គរដ្ឋទូតម៉ាឡេស៉ីប្រចាំកម្ពុជា និងតំណាងក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៉ី កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដើម្បីរៀបចំជើងហោះហើរជូនពួកគាត់។
ជើងយន្តហោះពាណិជ្ជកម្មនេះ មានអ្នកដំណើរចំនួន ២១១នាក់ ដែលក្នុងនោះប្រជាពលរដ្ឋខ្មែរ មានចំនួន២០៤ និងជនបរទេសចំនួន៧នាក់។ ដោយឡែកនៅថ្ងៃដដែល ជើងយន្តហោះនេះ ក៏នឹងដឹកយកប្រជាពលរដ្ឋម៉ាឡេស៉ីចំនួនជាង ១៦០នាក់ ត្រឡប់មកកាន់ប្រទេសម៉ាឡេស៉ីវិញផងដែរ។ នេះបើតាមការអះអាងរបស់ ក្រសួងការបរទេសកម្ពុជា និងស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា។