(ភ្នំពេញ)៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនៃព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្មគម្រប់ ៨៤ យាងចូល ៨៥ព្រះវស្សា របស់ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៦ ខែមិថុនានេះ បានចាត់ឱ្យថ្នាក់ដឹកនាំ មន្ត្រី និងយុវជនកាកបាទក្រហមកម្ពុជា ធ្វើជាតំណាង អញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះពុទ្ធប្បដិមា និងនាំយកទេយ្យវត្ថុប្រគេន សម្តេចសង្ឃ និងព្រះសង្ឃ គង់នៅវត្តចំនួន៧ ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។
គណៈប្រតិភូតំណាង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានដូចជា៖
១៖ លោកស្រី អាន្នី សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញនាំយកទេយ្យវត្ថុប្រគេនសម្តេចសង្ឃ និងព្រះសង្ឃ គង់នៅវត្តលង្កាព្រះកុសុមារាម និងវត្តបទុមវតីរាជវរារាម ស្ថិតនៅរាជធានីភ្នំពេញ។
២៖ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃ គង់នៅវត្តប្រជុំនទី (ហៅវត្តក្រពើហា) ស្ថិតនៅខេត្តកណ្តាល។
៣៖ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា អញ្ជើញនាំយកទេយ្យវត្ថុប្រគេនសម្តេចសង្ឃ និងព្រះសង្ឃ គង់នៅវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) ស្ថិតនៅរាជធានីភ្នំពេញ។
៤៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា អញ្ជើញនាំយកទេយ្យវត្ថុប្រគេនសម្តេចសង្ឃ និងព្រះសង្ឃ គង់នៅវត្តសុវណ្ណមុនីសាគរ (ហៅវត្តសំរោងអណ្តែត) ស្ថិតនៅរាជធានីភ្នំពេញ។
៥៖ លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា អញ្ជើញនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃ គង់នៅវត្តកល្យាណមានជ័យ (ហៅវត្តទ័ពមាន) ស្ថិតនៅខេត្តកំពង់ស្ពឺ។
៦៖ លោក អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា អញ្ជើញនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃ គង់នៅវត្តសំពៅផុស (ហៅវត្តតាំងបំពង់) ស្ថិតនៅខេត្តកំពង់ស្ពឺ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីនៃកាកបាទក្រហមកម្ពុជាទាំងអស់ សូមលើកហត្ថប្រណម្យបួងសួង ព្រះរតនត្រ័យកែវទាំងបី គុណបុណ្យវត្ថុស័ក្តិសិទ្ធិទាំងអស់នៅលើលោក ជាពិសេស សូមទេព្តារក្សាព្រះមហាស្វេត្រឆត្រ បារមីព្រះវិញ្ញាណក្ខន្ធនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមឫទី្ធតេជៈបារមីខ្លាំងក្លាទាំងអស់ ជាពិសេសបារមី ព្រះវិញ្ញាណក្ខន្ធ អតីតព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ សូមប្រោសព្រះរាជប្រទាន ប្រោះព្រំនូវទឹកអម្រិតប្រសិទ្ធពរជ័យ សិរីសួស្តី ថ្វាយ និងសូមជួយបីបាច់ថែរក្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការ មានព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំនៃប្រជានុរាស្រ្ត ជាកូន ចៅ ចៅទួត របស់ព្រះអង្គទូទាំងប្រទេសយូរអង្វែងរៀងដរាបតទៅ។
សូមជម្រាបថា ទេយ្យវត្ថុដែលប្រគេនវត្តនីមួយៗ រួមមាន៖ អង្ករ ១តោន, មីជាតិ ១០កេស, ត្រីខ ២កេស, ស្ករស ២៥គីឡូក្រាម, តែ ៥គីឡូក្រាម, ទឹកដោះគោខាប់ ២កេស, កាហ្វេកញ្ចប់ ២កេស, អូរវ៉ាន់ទីន ២កេស, ទឹកក្រូច ១០កេស, ទឹកបរិសុទ្ធ ១០កេស, មៀនកំប៉ុង ២កេស, ផ្លែឈើស្រស់ ២កន្ត្រក, ផ្កាស្រស់ ២កន្ត្រក និងបច្ច័យចំនួន ១០លានរៀល។ ប្រគេន ព្រះចៅអធិការវត្ត-ព្រះសង្ឃ ៥អង្គ ក្នុងមួយវត្ត ដោយក្នុង១អង្គៗទទួលបាន៖ បច្ច័យ, សាដក ១, ចង្ហាន់ ១ស្រាក់ និងបង្អែម ១ស្រាក់តូច ៕