(ភ្នំពេញ)៖ ធនគារ ជីប ម៉ុង ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ប្រតិបត្តិការពាណិជ្ជកម្មរបស់ក្រុមហ៊ុន ជីប ម៉ុង និងដៃគូពាណិជ្ជកម្ម ឥឡូវកំពុងផ្ដល់ដំណោះស្រាយផ្នែកហិរញ្ញវត្ថុជូនអតិថិជនទូទៅផងដែរ។
លោក វង្ស សុខាល់ អគ្គនាយករងធនាគារ ជីប ម៉ុង បានមានប្រសាសន៍ថា ជីប ម៉ុង ជាក្រុមហ៊ុនពហុជំនួញ ដែលមានរហូតដល់១៣ពាណិជ្ជកម្មក្នុងដៃ និងមានភាពប្រទាក់ក្រឡាគ្នានៅគ្រប់វិស័យ ដែលតម្រូវឲ្យមានធនាគារ ជីប ម៉ុង ដើរតួនាទីក្នុងការផ្សារភ្ជាប់ឱ្យមានមូលដ្ឋានគ្រឹះហិរញ្ញវត្ថុយ៉ាងរឹងមាំ និងធានានូវការធ្វើប្រតិបត្តិការហិរញ្ញវត្ថុប្រកបដោយភាពរលូន សម្រាប់ពាណិជ្ជកម្មទាំងមូល ដៃគូពាណិជ្ជកម្ម ព្រមទាំងអតិថិជនទាំងអស់របស់ក្រុមហ៊ុន ជីប ម៉ុង។
លោក សុខាល់ បានលើកឧទាហរណ៍ថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រើប្រាស់សេវាប្រតិបត្តិការណ៍ហិរញ្ញវត្ថុធនាគារ ជីប ម៉ុង សម្រាប់បើកប្រាក់ខែបុគ្គលិក ការចំណាយ និងទូទាត់ ព្រមទាំងប្រមូលលុយសម្រាប់ការលក់ផលិតផលផ្សេងៗ។
សម្រាប់ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រើប្រាស់សេវាកម្ចីសម្រាប់ទិញផ្ទះ និងការបង់ថ្លៃសេវាគ្រប់គ្រងសហគមន៍ តាមរយៈធនាគារម៉ុង ជីប ម៉ុង ដូច្នេះអតិថិជនខ្លួនអាចខ្ចីទិញផ្ទះ ឬបង់ថ្លៃសេវាគ្រប់គ្រងសហគមន៍តាមធនាគារជីប ម៉ុង បានយ៉ាងងាយស្រួល។
លើសពីការកសាងមូលដ្ឋានគ្រឹះហិរញ្ញវត្ថុយ៉ាងរឹងមាំសម្រាប់ពាណិជ្ជកម្ម ដៃគូពាណិជ្ជកម្ម ធនាគារ ជីប ម៉ុង បាន និងកំពុងផ្តល់សេវាកម្មធនាគារយ៉ាងសម្បូរបែប និងប្រកបដោយទំនុកចិត្តខ្ពស់ដោយរួមមានសេវាធនាគារបុគ្គល សេវាធនាគារអាជីវកម្ម ភ្នាក់ងារធនាគារ ដល់អតិថិជន ដោយផ្តោតសំខាន់ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីជូនដំណោះស្រាយហិរញ្ញវត្ថុចាំបាច់ផ្សេងៗ។
លោក វង្ស សុខាល់ បានមានប្រសាសន៍បញ្ជាក់ថា ធនាគារ ជីប ម៉ុង មានឈ្មោះបោះសំឡេងក្នុងទីផ្សារប្រទេសកម្ពុជាយ៉ាងឆាប់រហ័ស ដោយទទួលបានទំនុកចិត្តខ្ពស់ពីដៃគូអាជីវកម្ម និងអតិថិជនទូទៅ៕