(ភ្នំពេញ)៖ លោក Eldeen Husaini Bin Mohd Hashim ឯកអគ្គរាជទូតនៃស្ថានទូតម៉ាឡេស៊ី ប្រចាំកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់ និងគាំទ្រដល់ស្ថានទូតចំពោះបញ្ហាជនជាតិម៉ាឡេស៊ី ដែលជាប់គាំងនៅកម្ពុជា ក្នុងដំណាក់ការរាតត្បាតជំងឺកូវីដ១៩។
ការថ្លែងអំណរគុណរបស់ Eldeen Husaini Bin Mohd Hashim បានធ្វើឡើង នាព្រលប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញ ក្នុងឱកាសដែលលោកផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន នាពិធីទទួល និងជូនដំណើរប្រជាពលរដ្ឋខ្មែរ ២០៤នាក់ ដែលជាប់គាំងនៅប្រទេសម៉ាឡេស៊ី និងប្រជាពលរដ្ឋម៉ាឡេស៊ី ១៦០នាក់ ដែលជាប់គាំងនៅកម្ពុជា ក្នុងវិបត្តិកូវីដ១៩ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ជាមួយគ្នានេះដែរ លោកអគ្គរាជទូតម៉ាឡេស៊ី ក៏បានថ្លែងអំណរគុណចំពោះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ, ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដែលបានជួយជ្រោមជ្រែងលើការងារទាំងនេះផងដែរ។
លោក Eldeen Husaini Bin Mohd Hashim បានបញ្ជាក់ថា មុននឹងមានការបញ្ជូនប្រជាពលរដ្ឋម៉ាឡេស៊ី និងប្រជាពលរដ្ឋខ្មែរ ឱ្យត្រឡប់ទៅកាន់មាតុភូមិកំណើតរៀងៗខ្លួន បានធ្វើឡើងបន្ទាប់ពី លោក ចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៉ី បានជួបពិភាក្សាតាមរយៈ Teleconference ជាមួយលោក និងតំណាងក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៉ី កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដើម្បីរៀបចំជើងហោះហើរជូនពួកគាត់។ ប្រជាពលរដ្ឋខ្មែរ ដែលបានជាប់គាំងនៅប្រទេសម៉ាឡេស៉ី ដោយសារជំងឺកូវីដ១៩ សរុបជាង២០០នាក់ បានធ្វើដំណើរមកដល់រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញ វេលាម៉ោង៥៖៣០នាទី។
ដោយឡែកនៅថ្ងៃដដែល ជើងយន្តហោះនេះ ក៏បានដឹកយកប្រជាពលរដ្ឋម៉ាឡេស៉ីចំនួនជាង ១៦០នាក់ ត្រឡប់មកកាន់ប្រទេសម៉ាឡេស៉ីវិញផងដែរ។
លោកថា សម្រាប់ការចំណាយផ្សេងៗរបស់ប្រជាជនម៉ាឡេស៊ី និងជនជាតិខ្មែរ ដែលជាប់គាំងនៅប្រទេសទាំងពីរ គឺពួកគាត់ជាអ្នករាប់រងលើកការចំណាយដោយខ្លួនឯង បន្ថែមពីនេះការជិះយន្តធ្វើដំណើរក៏ជាបន្ទុករបស់ប្រជាជនទាំងពីរផងដែរ។
អគ្គរាជទូតម៉ាឡេស៊ីរូបនេះ ក៏បានឱ្យដឹងថា ដោយឡែកសម្រាប់ការបញ្ជូនជន ជាតិម៉ាឡេស៊ី និងជនជាតិខ្មែរ ដែលជាជើងចុង ពុងជាប់គាំងនៅប្រទេសកម្ពុជា ម៉ាឡេស៊ីនេះ គឺមិនទាន់បញ្ជាក់ថានឹងបញ្ជូនពួកគាត់នៅថ្ងៃណានោះទេ គឺរងចាំកិច្ចពិភាក្សាគ្នារវាងស្ថានទូតទាំងពីរបន្តទៀត ដើម្បីបង្កើតជើងហោះហើរថ្មីនាំពួកគាត់មកមាតុភូមិកំណើតរៀងៗខ្លួន៕