(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញមកបញ្ជាក់ជូនថា អំពើហិង្សាអំពើហិង្សាកាប់ជិតដាច់ដៃនៅខណ្ឌបឹងកេងកង ដែលសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយថា ជាករណីប្លន់យកម៉ូតូនោះ គឺមិនមែនឡើយ តាមការពិត ក្រោយការសួរនាំទៅជារឿងទំនាស់ដេញកាប់គ្នារបស់ក្មេងស្ទាវ២ក្រុម។
លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះថា ចំពោះសារព័ត៌មានមួយចំនួនដែលបានចុះផ្សាយករណីខាងលើនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស និងលោកវរសេនីយ៍ទោ ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង សូមបដិសេធទាំងស្រុង។
លោកបានបន្តថា នៅល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៦៖៤០នាទីនៅតាមបណ្តោយផ្លូវ៣៦០ មានការផ្សាយថា មានករណីកាប់ជិតដាច់ដៃប្លន់យកម៉ូតូ Zoomer X នៅបឹងកេងកង តែតាមពិតមិនមែនជាករណីប្លន់នោះទេ គឺជាករណីទំនាស់របស់ក្មេងស្ទាវ២ក្រុម បានដេញកាប់គ្នា។
លោកបានបញ្ជាក់ជូនថា «ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបដិសេធករណីនេះ ដែលការផ្សាយធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។ ជាក់ស្តែងនេះជាករណីទំនាស់គ្នារវាងក្រុមក្មេង ស្ទាវ២ក្រុម ដែលដេញកាប់គ្នាដោយប្រើកាំបិតបុ័ងតោ ដែលបណ្តាលឲ្យរបួសទាំងសងខាង ពេលនេះក្មេងដែលរងរបួសទាំង២ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យ និងម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង»៕