(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំ ជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃអាជ្ញាធរមីន និងគណៈកម្មាធិការជាតិអេស្កាប់ ដែលបានចូលរួមជាកម្លាំងសាមគ្គី ក្នុងការបំពេញការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅថ្នាក់មូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤។
លោកទេសរដ្ឋមន្រ្តី លី ធុជ បានណែនាំឲ្យក្រុមការងារ ចុះមូលដ្ឋានទាំងអស់ ត្រូវបន្តកសាងភាពជិតស្និទ្ធ ផ្តល់ការគាំទ្រ និងការជឿជាក់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន មកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយត្រូវបន្តយកចិត្តទុកដាក់ និងសហការយ៉ាងជិតស្និទ្ធ បន្ថែមទៀត ជាមួយអាជ្ញាធរខេត្ត ស្រុក និងមូលដ្ឋាន ក្នុងការកាត់បន្ថយភាពអសកម្មនានា នៅមូលដ្ឋាន និងដោះស្រាយបញ្ហានានា ដើម្បីប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព និងគណនេយ្យភាព។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា គោលដៅ និងបេសកកម្មជាចម្បង របស់មន្រ្តីរាជការទាំងអស់ ត្រូវមាន និងរក្សាមនសិការទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមចំណែក និងបម្រើដល់ផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ ព្រមទាំងចូលរួមលើកកម្ពស់ប្រជាប្រិយភាពជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាបាននូវសុខក្សេមក្សាន្ត សុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសង្គម និងការអភិវឌ្ឍ ដូចអ្វីដែលយើងបានឃើញយ៉ាងច្បាស់ នូវសក្ខីភាពជាប្រវត្តិសាស្រ្ត នាពេលបច្ចុប្បន្ននេះ។
លោកបន្ដទៀតថា មន្រ្តីរាជការ និងក្រុមការងារចុះមូលដ្ឋានទាំងអស់ ត្រូវគោរពអនុវត្តន៍ និងយកគំរូតាមវីរៈភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានខិតខំប្រឹងប្រែង និងពលីគ្រប់បែបយ៉ាង ក្នុងការកសាងនូវកម្លាំងសាមគ្គីជាតិ និងកសាងជាតិមាតុភូមិនៃយើង៕