(ភ្នំពេញ)៖ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានទទួលជែលលាងដៃសម្លាប់មេរោគចំនួន១២កេស ស្មើនឹង៣០០០ដប ពីសហគ្រាស ណាវី ណាវី ក្រុមហ៊ុន ណាវី ណាវី ហូមនីឡេ (ខេមបូឌា) អ៊ីមផត អ៊ិចផត ខូអិលធីឌី។

ពិធីប្រគល់ និងទទួលបានធ្វើឡើងនាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាពរបស់ឧត្តមសេនីយ៍ឯក ពៅ ផារី នាយរងសេនាធិការចម្រុះ មេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានវិស្វកម្ម តំណាងនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានទទួលនូវជែលលាងដៃសម្លាប់មេរោគពីលោកស្រីនាយិកា ហាក់ ណាវី និងលោក ប៊ុន ចាន់ដារ៉ា ក្រុមហ៊ុន ណាវី ណាវី ហូមនីឡេ (ខេមបូឌា)អ៊ីមផត អ៊ិចផត ខូអ៊ិលធីឌី។

ក្នុងឱកាសនោះ លោកស្រី ហាក់ ណារី បានថ្លែងថា តាងនាមឱ្យក្រុមហ៊ុន មានសេចក្តីសោមនស្ស រីករាយយ៉ាងខ្លាំង ដោយបានការអនុញ្ញាតឱ្យក្រុមហ៊ុន បានចូលមកសួរសុខទុក្ខដល់នាយទាហាន នាយទាហានរង ពលទាហាន កងកម្លាំងវិស្វកម្ម អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាពេលនេះគឺជាសក្ខីភាពក្នុងការស្រឡាញ់រាប់អានរវាងកងទ័ពជាមួយក្រុមហ៊ុន ណាវី ណាវី ដែលបានបញ្ជាក់អំពីការចូលរួមចំណែកក្នុងការអនុវត្តនូវរាល់បទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន ការណែនាំរបស់ក្រសួងសុខាភិបាល ស្ដីអំពីការចូលរួមប្រឆាំងទប់ស្កាត់ ការឆ្លងនៃជំងឺកូវីដ ដែលកំពុងរាលដាលច្រើនៗឡើង នៅលើប្រទេសក្នុងពិភពលោក និយាយរួមដោយឡែកនៅក្នុងប្រទេសកម្ពុជា ក៏បានទទួលរងគ្រោះខ្លះដែរ។

លោកស្រី បានបន្តថា រឿងដែលបង្កឡើងដោយការនាំចូលពីប្រទេសខាងក្រៅ គឺពុំមានកើតនៅក្នុងសហគមន៍នោះទេនេះ ក៏ជាសក្ខីភាពមួយដែលយើងទាំងអស់គ្នាត្រូវតែចូលរួមការពារ ដូច្នេះ ថ្ងៃនេះតំណាងឱ្យក្រុមហ៊ុន ណាវី ណាវី បាននាំមកនូវអំណោយជាជែលលាងដៃសម្លាប់មេរោគចំនួន១២កេស ស្មើនឹង៣០០០ដប ជូនដល់កម្លាំងវិស្វកម្ម អគ្គបញ្ជាការ។

ស្ថិតក្នុងបរិបទនេះក្រុមហ៊ុន ណាវី ណាវី សូមអធ្យាស្រ័យចំពោះថ្នាក់ដឹកនាំ បញ្ជាការដ្ឋានវិស្វកម្ម ពិតមែនសម្ភារតិចតួច ប៉ុន្តែដោយមាននិស្ស័យជាមួយកងទ័ព និងមានការបង្ហាញពីប្អូនមួយរូបគាត់ បម្រើការនៅក្នុងកងកម្លាំងវិស្វកម្មនេះស្រាប់ គឺលោក ប៊ុន ចាន់ដារ៉ា នេះហើយជានិស្ស័យធ្វើឱ្យក្រុមហ៊ុន ណាវី ណាវី មានការរំភើបសប្បាយរីករាយយ៉ាងក្រៃលែង ហើយនេះជាលើកទី១ ហើយដែលក្រុមហ៊ុន ណាវី ណាវី បានចូលរួមមកភ្ជាប់និស្ស័យជាមួយកងទ័ព។

នាមតំណាងឱ្យក្រុមហ៊ុន ណាវី ណាវី សូមគោរពជូនពរដល់នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង មេបញ្ជាការ មេបញ្ជាការរង នាយទាហាន គ្រប់លំដាប់ថ្នាក់ និងនាយទាហាន នាយទាហានរង ពលទាហានទាំងអស់ នៃកងកម្លាំងវិស្វកម្ម អគ្គបញ្ជាការ ទាំងមូលសូមប្រកបដោយសេចក្តីសុខកម្លាំងមាំមួនប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តអនុវត្តក្នុងកិច្ចការពារជាតិមាតុភូមិ និងការស្តារ-អភិវឌ្ឍន៍ប្រទេសជាតិឲ្យទទួលបានជោគជ័យតាមបទបញ្ជា ដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនៅគ្រប់កាលៈទេសៈ។

ក្នុងខណៈនោះដែរ ឧត្ដមសេនីយ៍ឯក ពៅ ផារី ថ្លែងនូវសេចក្តីត្រេកអរជាអនេកចំពោះ ក្រុមហ៊ុន ណាវី ណាវី ហូមនីឡេ អ៊ីមផត អ៊ិចផត ខូលអិលធីឌី ព្រមទាំងតំណាងផ្នែកលក់ និងសហការីអមដំណើរទាំងអស់ដែលបានអញ្ជើញមកចូលរួមនៅពេលនេះ។

ឧត្តមសេនីយ៍ឯក ពៅ ផារី បានជម្រាបជូនលោកស្រីលោកប្រុសជាប្រតិភូទាំងអស់ អំពីការចូលរួមកសាងមាតុភូមិកម្ពុជា ពិសេសការកសាងផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា,ថៃ កម្ពុជា,ឡាវ ព្រំដែនកម្ពុជា,វៀតណាម និងសំណង់សិល្បៈការ្យ មន្ទីរពេទ្យ សាលារៀន ស្ពានបេតុង វត្តអារាមនានា។ល។ ដោយឡែកក្រៅពីការងារកសាងបណ្តាញគមនាគមន៍ នៅតាមខ្សែបន្ទាត់ព្រំដែនជាដើម កងកម្លាំងវិស្វកម្ម ក៏បានទទួលភារកិច្ចកសាងផ្ទះចល័តនៅក្នុងស្ថានការណ៍ជួបគ្រោះមហន្តរាយដូចជា៖ ទឹកជំនន់ បាក់រលំអគារ និងគ្រោះរាំងស្ងួតជាដើម ហើយក៏ជាទំនុកចិត្តមួយដ៏មុតមាំរបស់រាជរដ្ឋាភិបាលផងដែរ ក៏ដូចជាក្រសួងការពារជាតិ និងអគ្គបញ្ជាការ កម្លាំងវិស្វកម្ម បានចាត់តាំងប្រមូលទាំងកម្លាំង-មធ្យោបាយគ្រឿងចក្រ និងចេញទៅគ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីអនុវត្តភារកិច្ចជួយសង្គ្រោះប្រជាពលរដ្ឋយើងបានទាន់ពេលវេលា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

ជាបន្តបន្ទាប់មកទៀត លោកឧត្តមសេនីយ៍ឯក ពៅ ផារី បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជាទីបំផុតចំពោះក្រុមហ៊ុន ណាវីណាវី (ខេមបូឌា) អ៊ីមផត អ៊ិចផត ដែលបានឧបត្ថម្ភនូវជែលលាងដៃសម្លាប់មេរោគចំនួន ១២កេស ស្មើនឹង ៣០០០ដប ជូនដល់បញ្ជាការដ្ឋានវិស្វកម្ម ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងតាមផ្លូវដង្ហើមជំងឺកូវីដ-១៩៕