(ភ្នំពេញ)៖ ដោយសម្លឹងឃើញថា ប្រទេសកម្ពុជា មានភាពបើកចំហពេញលេញ ចំពោះការវិនិយោគក្រៅប្រទេស និងមានភាពរស់រវើក នៃសកម្មភាពវិនិយោគ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច បានជំរុញឲ្យអ្នកវិនិយោគចិនមួយក្រុម បោះទុនសាងសងអគារខុនដូដ៏ធំសម្បើមមួយ នៅក្នុងសង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ។

ជាក់ស្ដែងនាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ បានរៀបចំពិធីសម្ពោធជាផ្លូវការ នៃការិយាល័យលក់ Le Condé នៃគម្រោងអគារខុនដូមួយនេះ ដោយមានការចូលរួម ពីអ្នកវិនិយោគចិន និងភ្ញៀវកិត្ដិយសជាច្រើនរូបផងដែរ។

លោក Cui Hui អគ្គនាយកទីផ្សារ នៃក្រុមហ៊ុន Wangfu Guo Ji Property Development Co., Ltd បានបញ្ជាក់ថា ការសម្រេចចិត្ត ក្នុងការចូលមកកាន់ប្រទេសកម្ពុជា និងវិនិយោគលើវិស័យអភិវឌ្ឍអចលនទ្រព្យ មិនមែនដោយសារតែផលប្រយោជន៍ រយៈពេលខ្លីនោះទេ ប៉ុន្តែជាផែនការយុទ្ធសាស្រ្តរយៈពេលវែង។

លោកសង្ឃឹមថា ក្រុមហ៊ុនរបស់លោកនឹងចាក់ឬសគល់ឲ្យបានជ្រៅ នៅក្នុងប្រទេសកម្ពុជា និងនាំមកនូវបទពិសោធន៍ជីវិត កាន់តែប្រសើរ សម្រាប់ប្រទេស ដ៏ស្រស់ស្អាតមួយនេះ និងសម្រាប់សមាជិកគ្រួសារ ដែលទន្ទឹងរង់ចាំភាពកាន់តែប្រសើរ។

ក្នុងនាមជាអ្នកចូលរួម ក្នុងការអភិវឌ្ឍន៍ទីក្រុងនៃប្រទេសកម្ពុជា លោក Cui Hui មានការគោរពយ៉ាងខ្លាំងចំពោះទំនៀមទម្លាប់ជំនឿសាសនា និងវប្បធម៌របស់ ប្រទេសកម្ពុជា។ លោក Cui Hui យល់ឃើញថា វិស័យអភិវឌ្ឍអចលនទ្រព្យទាមទារការទទួលខុសត្រូវ ចំពោះសង្គមយ៉ាងខ្លាំង។

ជាមួយគ្នានោះ លោកក៏បានឲ្យដឹងផងដែរថា នាពេលបច្ចុប្បន្ននេះ ចំនួនបុគ្គលិកជនជាតិខ្មែរ ក្នុងក្រុមហ៊ុន Wangfu Guo Ji គឺមានចំនួនច្រើន ជាងបុគ្គលិកជនជាតិចិន ហើយសង្ឃឹមថា នឹងផ្តល់ឱកាសការងារកាន់តែច្រើន ដល់ប្រជាជនកម្ពុជា នាពេលអនាគត។

លោក Cui Hui បានឲ្យដឹងទៀតថា Le Condé គឺជាគម្រោងអភិវឌ្ឍធំជាងគេ នៅក្នុងសង្កាត់បឹងកេងកង១ ហើយបើនិយាយអំពីលំនាំ នៃការតាំងទីលំនៅ ក្នុងរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន គិតត្រឹមទីតាំង និងទំហំ តម្លៃនៃការរស់នៅរបស់គម្រោង គឺខ្ពស់ខ្លាំងណាស់។

លោកថា គម្រោង Le Condé ផ្តោតសំខាន់លើការរស់នៅបែបប្រណីត ដែលលុបបំបាត់ភាពស្មុគស្មាញ និងបញ្ហានៃការរស់នៅក្នុងទីក្រុង។ តាមរយៈការប្រើប្រាស់ ប្រចាំថ្ងៃ ការស្រឡាញ់ពេញចិត្ត និងការប្រើប្រាស់ជាក់ស្តែង នឹងមានការកើនឡើងជាលំដាប់៕