(ភ្នំពេញ)៖ រដ្ឋបាលសាលារាជធានីភ្នំពេញ បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលមិនទាន់បានបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង សូមអញ្ជើញរួសរាន់ឡើងដើម្បីទៅបង់ ដែលជាការកាតព្វកិច្ច ចៀសវាងការពិន័យផ្សេងៗ។ ជាមួយគ្នានេះ អាជ្ញាធរភ្នំពេញ ត្រៀមបង្ហាញឈ្មោះអ្នកមិនទាន់បានបង់ថ្លៃសេវាប្រមូលសំរាមថែមទៀតផង។
ជាថ្មីម្តងទៀតនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ អាជ្ញាធរភ្នំពេញ បានឲ្យដឹងថា ចៀសវាងនូវការបញ្ចេញឈ្មោះលើបណ្តាញសង្គម នាំឲ្យបងប្អូនខ្មាស់គេ សូមបងប្អូនយើងរូតរះអញ្ជើញទៅបង់ថ្លៃ សេវាប្រមូលសំរាមឲ្យបានរួសរាន់ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ សាលារាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងឲ្យប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ដែលមិនទាន់បង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង សូមរួសរាន់បំពេញកាតព្វកិច្ចនេះ ដើម្បីជៀសវាងការពិន័យផ្សេងៗ។
រដ្ឋបាលរាជធានីភ្នំពេញ បានកត់សម្គាល់ឃើញថា រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋភាគច្រើនបង់ថ្លៃសេវាប្រមូលសំរាមរួចហើយ ប៉ុន្ដែនៅមានមួយចំនួន មិនទាន់បានបំពេញកាតព្វកិច្ចបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងនេះនៅឡើយ។
រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការមួយចំនួនផងដែរ ប្រសិនបើប្រជាពលរដ្ឋមិនមកបំពេញកាតព្វកិច្ចនេះ៖
*ទី១៖ បញ្ចេញបញ្ជីឈ្មោះអ្នកមិនទាន់បានបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ជាសាធារណៈតាមបណ្ដាញសង្គម ឬប្រព័ន្ធផ្សព្វផ្សាយនានា
*ទី២៖ កត់ត្រាជាបំណុល ហើយអនុវត្តវិធានការរដ្ឋបាល ដោយបិទអាជីវកម្ម ឬសេវាកម្មជាបណ្ដោះអាសន្ន
*ទី៣៖ អនុវត្តវិធានការផ្សេងៗទៀតតាមការចាំបាច់។
គួរជម្រាបថា រាជរដ្ឋាភិបាលសម្រេចបង្វែរថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ពីក្រុមហ៊ុនស៉ិនទ្រី មកជូនរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណង់រឹងរាជធានីភ្នំពេញវិញ ដើម្បីជំរុញនូវប្រសិទ្ធភាពនៃការប្រមូលសំរាម៕