(ភ្នំពេញ)៖ បើទោះបីរងការគំរាមកំហែងពីជំងឺកូវីដ១៩ ក៏ដោយប៉ុន្ដែអង្ករកម្ពុជា ត្រូវបានគេរំពឹងថា អាចនឹងត្រូវនាំចេញទៅក្រៅប្រទេសប្រហែល៨០ម៉ឺនតោន ឬអាចដល់១លានតោន នៅឆ្នាំ២០២០នេះ ដែលចំនួននេះមានការកើនឡើងបើធៀបនឹងឆ្នាំ២០១៩។
ក្នុងសន្និសីទសារព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានអះអាងថា ត្រឹមរយៈពេល៥ខែដើមឆ្នាំនេះ អង្ករកម្ពុជា ចំនួន៣៥៦ពាន់តោនរួចមកហើយ ដែលបាននាំទៅកាន់ទីផ្សារបរទេស។
លោក ងិន ឆាយ បានថ្លែងយ៉ាងដូច្នេះថា «អង្ករដែលនាំចេញ យើងប៉ាន់ប្រមាណថា អាចនឹងឡើងរហូតដល់៨០ម៉ឺនតោនជាង ឬអាចឈានទៅដល់១លានតោន។ ខណៈត្រឹមរយៈពេល៥ខែដើមឆ្នាំនេះ អង្ករកម្ពុជា ចំនួន៣៥៦ពាន់តោនរួចមកហើយ ដែលបាននាំទៅកាន់ទីផ្សារបរទេស ក្នុងនោះទៅប្រទេសចិន រហូតដល់២៥.៦ភាគរយ (១៣៦ពាន់តោន), ទៅសហគមន៍អឺរ៉ុប កើនឡើង៥៦ភាគរយ, អាស៊ាន ៤៥.៣៩ភាគរយ និងប្រទេសផ្សេងៗទៀត»។
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកការងារកសិកម្មរូបនេះ បានគូសបញ្ជាក់ថា បើតាមការប៉ាន់ស្មានរបស់លោកទំហំនៃការនាំចេញផលិតផលកសិកម្មសរុប នៅឆ្នាំ២០២០ ក៏នឹងកើនឡើងដូចគ្នា ប្រមាណ៥លានតោនព្រោះថា ត្រឹមរយៈពេល៥ខែដើមឆ្នាំនេះ ការនាំចេញកសិផលកម្ពុជា មានការហក់ឡើងខ្លាំង ពិសេសចេកអំបូងលឿងតែម្ដង។
គួរជម្រាបថា កាលពីឆ្នាំ២០១៩កន្លងទៅ ប្រទេសកម្ពុជាទទួលបានចំណូលប្រមាណ៥០០លានដុល្លារអាមេរិក ពីការនាំចេញអង្ករ ក្នុងបរិមាណ៦២ម៉ឺនតោន ដែលនេះជាការជាប៉ាន់ស្មានដោយសហព័ន្ធស្រូវអង្ករកម្ពុជា។
សហព័ន្ធស្រូវអង្ករកម្ពុជាបានព្យាករណ៍ថា ក្នុងឆ្នាំ២០២០នេះ ស្ថានភាពទីផ្សារអាចមានសន្ទុះ និងកំណើនល្អជាងឆ្នាំ២០១៩ ដោយសារកត្តាចំនួន៤ដូចខាងក្រោម៖
១៖ ទីផ្សារចិន៖ ការចាប់ផ្តើមអនុវត្តនូវកូតានាំចូលថ្មីចំនួន៤០ម៉ឺនតោន ដែលបានចាប់ផ្តើមតាំងពីចុងខែធ្នូ ឆ្នាំ២០១៩ ក្នុងនោះកិច្ចព្រៀមព្រៀងបឋមជាមួយក្រុមហ៊ុននាំចេញរបស់កម្ពុជាចំនួន៤ លើបរិមាណប្រមាណ១២៥,០០០តោន នៅទីក្រុងសៀងហៃ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។ កិច្ចព្រៀមព្រៀងនេះ មិនរាប់បញ្ជូលការនាំចូល ដែលស្ថិតក្នុងកូតារបស់តំបន់ស្វ័យត និងតាមបណ្តាខេត្តនីមួយៗរបស់ចិននោះទេ គឺជាកូតារបស់ក្រុមហ៊ុន Cofco តែប៉ុណ្ណោះ។ ការជំរុញផ្សព្វផ្សាយបង្កើនតម្រូវការអតិថិជន នៅប្រទេសចិន ដោយមានកិច្ចសហប្រតិបត្តិការរវាង សហព័ន្ធស្រូវអង្ករកម្ពុជា និង ក្រុមហ៊ុន Cofco បានធ្វើការប្រជុំជាលក្ខណៈបច្ចេកទេស ជាមួយមន្ត្រីក្រុមហ៊ុន Cofco ចិន រួចហើយកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ។
២៖ ទីផ្សារសហភាពអឺរ៉ុប៖ ទីផ្សារនេះអាចមានកំណើនបន្តិចបន្តួច ដោយសារការទម្លាក់អត្រាយកពន្ធពីចំនួន១៧៥ អឺរ៉ូ ក្នុងឆ្នាំ២០១៩ មកត្រឹមចំនួន ១៥០ អឺរ៉ូ ក្នុងឆ្នាំ២០២០។ តែសហព័ន្ធស្រូវអង្ករកម្ពុជា ត្រូវបន្តជំរុញការផ្សព្វផ្សាយបន្ថែមទៀត នៅសហភាពអឺរ៉ុបតាមរយៈព្រឹត្តិការណ៍សំខាន់ៗដូច Sail and Anuka។
៣៖ ទីផ្សារអាស៊ាន៖ សម្រាប់ទីផ្សារ ប្រទេសម៉ាឡេស៊ី និងព្រុយណេ គឺកម្ពុជាអាចឈរជើងបានល្អ តែកម្ពុជាអាចចាប់ផ្តើម ពិចារណាទីផ្សារប្រទេសហ្វីលីពីន លើប្រភេទអង្ករក្រអូប ដែលបច្ចុប្បន្នគឺមានតែ អង្កររបស់ថៃ និងវៀតណាមប៉ុណ្ណោះចរាចរណ៍លើទីផ្សារនេះ តាមការអង្កេតទីផ្សារក្នុងទីក្រុងម៉ានីល កាលពីថ្ងៃទី១១ ខែវិច្ឆិកា ២០១៩ របស់ មន្ត្រីសហព័ន្ធស្រូវអង្ករកម្ពុជា ។
៤៖ ទីផ្សារផ្សេងៗទៀត៖ សម្រាប់ទីផ្សារផ្សេងៗមានជាអាទិ៍ដូចជា ប្រទេសកាប៉ុង និងតំបន់អាហ្វ្រិច មានហ្កាណា តូកូជាដើម អាចនៅបន្តរក្សាបានកំណើន។ តែទីផ្សារប្រទេសអូស្ត្រាលី អាចបន្តកើនឡើងបន្ថែមទៀត ជាពិសេសប្រភេទអង្ករសរីរាង្គ៕