(ភ្នំពេញ)៖ រថយន្តយោធាដែលកម្ពុជាទិញពីចិនចំនួន ២៩០គ្រឿង នឹងត្រូវចែកជូនដល់បណ្តាស្ថាប័ន អង្គភាពនៃកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ។
ពិធីប្រគល់ និងទទួលរថយន្តទាំងនេះ នឹងត្រូវធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។
សូមបញ្ជាក់ថា ការទិញរថយន្តយោធាទាំងនេះ មិនត្រូវបានប្រើប្រាស់ថវិការបស់រដ្ឋនោះឡើយ ជាថវិកាចូលរួមរបស់សប្បុរសជនតាមរយៈការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន។ វត្តមានរថយន្តទាំងនេះ ជាការចូលរួមបម្រើដល់ប្រតិបត្តិការក្នុងវិស័យយោធា ក៏ដូចជាកងនគរបាលជាតិសម្រាប់ជាប្រយោជន៍របស់ជាតិ៕