(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានកិត្តិយស ស.អ.ក ខេត្តស្វាយរៀង បានណែនាំអាជ្ញាធរដែនដី និងសមាគមអតីតយុទ្ធជនកម្ពុជាគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ត្រូវបន្តបង្កើនជួយឧបត្ថម្ភគាំទ្រដល់បងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ជាពិសេសនៅពេលមានតម្រូវការ និងបញ្ហាដែលត្រូវជួយដោះស្រាយ ក្នុងអំឡុងពេលនៃការរីករាលដាល នៃជំងឺកូវីដ-១៩ ដែលបងប្អូនអតីតយុទ្ធជនដែលរងប៉ះពាល់ ដល់ជីវភាពរស់នៅប្រចាំថ្ងៃ។

លោកអភិបាលខេត្តស្វាយរៀង បានលើកឡើងបែបនេះនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តស្វាយរៀង សហការជាមួយសមាគមអតីត យុទ្ធជនកម្ពុជាខេត្តស្វាយរៀង នៅក្នុងពិធីប្រារព្ធខួបលើកទី១៣ ទិវាអតីតយុទ្ធជនកម្ពុជា២១ មិថុនា ២០០៧-២១ មិថុនា ២០២០ ដែលរៀបចំដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តស្វាយរៀង សហការជាមួយសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្វាយរៀង។

លោកអភិបាលខេត្ត បានថ្លែងអរគុណចំពោះមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដែលបានសហការរៀបចំពិធី នេះឡើង ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល ជាការរួមចំណែកក្នុងការរំឭកដល់គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជនទាំងអស់ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន កាលពីអតីតកាល ដើម្បីបុព្វហេតុជាតិមាតុភូមិមានសុខសន្តិភាព និងការអភិវឌ្ឍ។

លោក ម៉ែន វិបុល ក៏បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនចំនួន៥ចំណុច៖

*ទី១៖ ត្រូវថែរក្សាសុខភាពអនាម័យខ្លួនប្រាណ លាងដៃ ជាមួយសាប៊ូ អាល់កុល ឬជែល គ្រប់ពេលវេលា ដើម្បីបញ្ចៀសឲ្យបាននូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩
*ទី២៖ បន្តចូលរួមថែរក្សា ការពារសុខសន្តិភាព និងការអភិវឌ្ឍដែលរកបានដោយលំបាករបស់សម្ដេចប្រមុខរាជរដ្ឋាភិបាល និងកំពុងមានសព្វថ្ងៃឲ្យបានគង់វង្សជារៀងដរាប
*ទី៣៖ ចូលរួមឲ្យបានគ្រប់សកម្មភាពនៅឯមូលដ្ឋាន ពិសេសគឺចលនា ភូមិឃុំមានសុវត្ថិភាព ដើម្បីបង្កលក្ខណៈរស់នៅប្រកបដោយសុខុដុមរមនាក្នុងមូលដ្ឋានរបស់យើង។
*ទី៤៖ សូមជួយអប់រំណែនាំកូនចៅចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា
*ទី៥៖ សូមមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិផ្សេងៗជាពិសេសរន្ទះ និងខ្យល់កន្ត្រាក់ជាដើម។

ចុងបញ្ចប់ នៃពិធីនេះលោកអភិបាលខេត្ត បានផ្តល់ជូននូវអំណោយដល់អតីតយុទ្ធជនក្នុងម្នាក់ៗទទួលបាន ក្រម៉ា១ ឃីត១កញ្ចប់ និងថវិកាចំនួន៤០,០០០រៀល(បួនម៉ឺនរៀល) ផងដែរ៕