(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ បានប្រាប់ឲ្យថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវពង្រឹងកិច្ចការសមាគមមិត្តនគរបាល ដោយចុះសួរសុទុក្ឋនគរបាលមានជំងឺ ពលី គ្រោះថ្នាក់ និងលើកសរសើរជូនរង្វាន់ដល់នគរបាលមានស្នាដៃល្អ។

ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆមាសទី១ និងដាក់ចេញទិសដៅការងារប្រចាំឆមាសទី២ ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានណែនាំឲ្យចេះឆ្លើយតបទៅនឹងបណ្តាញសង្គម ក៏ដូចជាសារព័ត៌មានពាក់ព័ន្ធភាពអសកម្ម និងការប្រព្រឹត្តខុសរបស់នគរបាល ប្រធាននាយកដ្ឋាន អង្គភាព ស្នងការរាជធានី ខេត្ត ត្រូវហ៊ានចេញមុខបកស្រាយ និងសូមទោសចំពោះកំហុសឆ្គងរបស់មន្រ្តីក្រោមឱវាទ។

បន្ថែមពីនេះ នាយកឧត្ដមសេនីយ៍ នេត សាវឿន បានដាក់បទបញ្ជាទៅស្នងការនគរបាលរាជធានី-ខេត្ត និងកងកម្លាំងនគរបាលទាំងអស់ ត្រូវបង្កើនការប្រមូលផ្ដុំក្ដាប់ សភាពការណ៍ប្រែប្រួល នូវសកម្មភាពភេរវកម្មអន្តរជាតិ និងអង្គការចាត់តាំងភេរវកម្មទាំងក្រៅ និងក្នុងតំបន់ នូវប្រភពព័ត៌មាន ដែលពាក់ព័ន្ធដល់សន្តិសុខជាតិ និងចាត់វិធានការបង្ការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

ទន្ទឹមនឹងនេះ ត្រូវតែបង្កើនការយកចិត្តទុកដាក់ប្រមូលផ្ដុំព័ត៌មានពាក់ព័ន្ធ ដល់ស្ថានការណ៍សន្តិសុខ ក្នុងនិងក្រៅប្រទេស ដើម្បីវិភាគវាយតម្លៃ និងម្ចាស់ការ ដាក់ចេញព្រឹត្តិការណ៍គន្លឹះ សំដៅទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព នូវអំពើភេរវកម្ម, ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងការប៉ុនប៉ងប្រើប្រាស់ ទឹកដីកម្ពុជាធ្វើជាមូលដ្ឋាន បង្កអសន្តិសុខដល់ប្រទេសជិតខាងជាដើម។

អគ្គស្នងការនគរបាលជាតិរូបនេះ ក៏ជំរុញឲ្យនគរបាលព្រំដែនទាំងអស់ បន្តលើកកម្ពស់ស្មារតីសាមគ្គីភាព ប្រកៀកស្មាគ្នាជាមួយកងយុទ្ធពលខេមរភូមិន្ទ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ដោយបង្កើនការស្ដាប់សភាពការណ៍ប្រែប្រួល នៅតាមខ្សែបន្ទាត់ព្រំដែន និងចាត់តាំងការដើរល្បាត តាមតំបន់ព្រំដែនគោកជាប្រចាំ ព្រមទាំងជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយ កម្លាំងការពារព្រំដែន នៃប្រទេសជិតខាង សំដៅកសាងព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

នាយឧត្តមសេនីយ៍ ក៏បញ្ជាឲ្យស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្តបទឧក្រិដ្ឋឆ្លងដែនពួកភេរជន និងចលនាអមិត្តផ្សេងៗ ដែលលាក់ខ្លួនពួនសម្ងំ ធ្វើសកម្មភាពតាមតំបន់ព្រំដែនគោក-ទឹក បង្កឲ្យមានអសន្តិសុខអំពើវិទ្ធង្សនាបំផ្លាញសន្តិសុខ សណ្ដាប់ធ្នាប់ សង្គមជាតិ និងទប់ស្កាត់ការប៉ុនប៉ងញុះញង់នានា បង្កអសន្តិសុខតាមព្រំដែន ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕