(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី អង្គ វង្សវឌ្ឍនា ត្រូវបានស្នើឲ្យធ្វើជាប្រធាន នៃអនុគណៈកម្មាធិការសេវាយុត្តិធម៌ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)។
សំណើឲ្យលោកទេសរដ្ឋមន្ត្រី អង្គ វង្សវឌ្ឍនា ធ្វើជាប្រធាននៃអនុគណៈកម្មាធិការសេវាយុត្តិធម៌ គ.ជ.អ.ប បានបង្ហាញឡើងនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងឱកាសដែល គ.ជ.អ.ប បើកកិច្ចប្រជុំលើកទី១៨ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប។
របាយការណ៍ដែលត្រូវបង្ហាញក្នុងកិច្ចប្រជុំនេះ បានឲ្យដឹងថា សំណើបង្កើតថ្មីនូវអនុគណៈកម្មាធិការសេវាយុត្តិធម៌ មានសមាសភាព៖ ទេសរដ្ឋមន្ត្រី អង្គ វង្សវឌ្ឍនា ជាប្រធាន, រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាអនុប្រធានអចិន្ត្រៃយ៍, រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធាន, រដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការនៃក្រសួងមួយចំនួនជាសមាជិក និងតំណាង១ ឬ២រូប នៃសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ ក្រោមជាតិ ជាសមាជិក។ អនុគណៈកម្មាធិការនេះ មានភារកិច្ចជួយ និងផ្តល់យោបល់ជូន គ.ជ.អ.ប លើការងារពាក់ព័ន្ធនឹងការងារសម្រុះសម្រួល និងការដោះស្រាយវិវាទមូលដ្ឋានក្រៅ ប្រព័ន្ធតុលាការ។
របាយការណ៍ដដែល បានឲ្យទៀតថា គ.ជ.អ.ប ក៏បានធ្វើសំណើកែសម្រួល និងបង្កើតថ្មីនូវអនុគណៈកម្មាធិការនានាមួយចំនួនទៀត រួមមាន៖
*សំណើកែសម្រួលអនុគណៈកម្មាធិការកិច្ចការសារពើពន្ធ និងហិរញ្ញវត្ថុ ដែលមានសមាសភាព៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអនុប្រធានអចិន្ត្រៃយ៍, រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធាន, រដ្ឋលេខាធិការក្រសួងផែនការ ជាអនុប្រធាន, រដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការក្រសួង នៃសមាជិក គ.ជ.អ.ប ជាសមាជិក, តំណាង១ ឬ២រូប នៃសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ជាសមាជិក។
*សំណើកែសម្រួលអនុគណៈកម្មាធិការបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានសមាសភាព៖ ទេសរដ្ឋមន្ត្រី ពេជ្រ ប៊ុនធិន ជាប្រធាន, រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាអនុប្រធានអចិន្ត្រៃយ៍, រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធាន, រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ជាអនុប្រធាន, រដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការក្រសួង នៃសមាជិក គ.ជ.អ.ប ជាសមាជិក, តំណាង១ ឬ២រូប នៃសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ជាសមាជិក។
*សំណើកែសម្រួលអនុគណៈកម្មាធិការផែនការអភិវឌ្ឍន៍ថ្នាក់ក្រោមជាតិ ដែលមានសមាសភាព៖ រដ្ឋមន្ត្រីក្រសួងផែនការ ជាប្រធាន, រដ្ឋលេខាធិការក្រសួងផែនការ ជាអនុប្រធានអចិន្ត្រៃយ៍, រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធាន, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអនុប្រធាន, រដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការក្រសួង នៃសមាជិក គ.ជ.អ.ប ជាសមាជិក, តំណាង១ ឬ២រូប នៃសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ជាសមាជិក។
*សំណើកែសម្រួលអនុគណៈកម្មាធិការមុខងារ និងធនធាន ដែលមានសមាសភាព៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន, រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធានអចិន្ត្រៃយ៍, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអនុប្រធាន, រដ្ឋលេខាធិការក្រសួងកិច្ចការនារី ជាអនុប្រធាន, រដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការក្រសួង នៃសមាជិក គ.ជ.អ.ប ជាសមាជិក, តំណាង១ ឬ២រូប នៃសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ជាសមាជិក។
*សំណើបង្កើតក្រុមការងារក្រមសីលធម៌ និងសវនកម្ម ដែលមានសមាសភាព៖ មន្ត្រីជាន់ខ្ពស់ថ្នាក់អគ្គនាយកដ្ឋាន ក្រសួងមហាផ្ទៃ ជាប្រធាន, មន្ត្រីជាន់ខ្ពស់ថ្នាក់អគ្គនាយកដ្ឋាន នៃក្រសួងសេដ្ឋកិច្ច ជាអនុប្រធានអចិន្ត្រៃយ៍, មន្ត្រីជាន់ខ្ពស់ថ្នាក់អគ្គនាយកដ្ឋាន ក្រសួងមុខងារសាធារណៈ ជាអនុប្រធាន, មន្ត្រីជំនាញក្រសួងមហាផ្ទៃ ១រូប ក្រសួងសេដ្ឋកិច្ច ១រូប និងក្រសួងមុខងារសាធារណៈ ១រូប ជាសមាជិក, តំណាង ៤រូប មកពីវិស័យឯក ជាសមាជិក៕