(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានថ្លែងថា ការរៀបចំឡើងវិញនូវអនុគណៈ កម្មាធិការនានារបស់ គ.ជ.អ.ប ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ។
ការថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាសសម្ដេចក្រឡាហោម អញ្ជើញជាអធិបតីបើកកិច្ចប្រជុំលើកទី១៨ របស់ គ.ជ.អ.ប នាព្រឹកថ្ងៃ១៧ ខែមិថុនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការសម្រេចរៀបចំឡើងវិញនូវអនុគណៈ កម្មាធិការនានារបស់ គ.ជ.អ.ប នេះ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ប្រសិទ្ធភាព ការងារដោយផ្អែកលើការវិវឌ្ឍន៍ ការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងផ្អែកលើកិច្ចដំណើរការបំពេញការងារ ជាក់ស្តែងនាពេលកន្លងមក របស់ គ.ជ.អ.ប ដែលមានតួនាទីផ្តល់យោបល់ ក្នុងការរៀបចំគោលនយោបាយ ក៏ដូចជាក្នុងការដោះស្រាយបញ្ហាប្រឈមនានា»។
សម្ដេចក្រឡាហោម បន្តថា ថ្មីៗនេះរាជរដ្ឋាភិបាល បានសម្រេច កែ សម្រួលសមាសភាព គ.ជ.អ.ប ដោយក្នុងនោះបានរក្សាទុកនូវសមាជិកចាស់ មួយចំនួន និងបន្ថែមនូវសមាសភាពថ្មី ហើយចំាំបាច់ត្រូវប្រគល់ភារកិច្ចមួយចំនួនបន្ថែមផងដែរ សម្រាប់គាំទ្រដល់ការដឹកនាំជារួមដោយ គ.ជ.អ.ប។ បច្ចុប្បន្នអនុគណៈកម្មាធិការចំនួន៤ ដែលត្រូវបានបង្កើតឡើង ដើម្បីដឹកនាំការពិគ្រោះយោបល់លើគោលនយោបាយ និងលិខិតបទដ្ឋាននានា មុននឹងដាក់ជូន គ.ជ.អ.ប ពិនិត្យនឹងសម្រេចនោះ គឺពុំបានបំពេញតួនាទីសមស្របទៅនឹងភារកិច្ចរបស់ខ្លួន ដែលបានកំណត់នោះឡើយ។ ផ្អែកតាមស្ថានភាពខាងលើនេះ សម្ដេចក្រឡាហោម ស ខេង បានណែនាំទៅ លេខាធិការដ្ឋាន គ.ជ. អ.ប ឲ្យសិក្សានឹងរៀបចំជម្រើសនានា ក្នុងការរៀបចំយន្តការទាំងនេះឡើងវិញ ដើម្បីធានាដល់ប្រសិទ្ធភាពនូវការបំពេញការងារ របស់រចនាសម្ព័ន្ធនានា ក្នុងការដឹកនាំកិច្ចការកំណែទម្រង់ គ.ជ.អ.ប។
ចំពោះការរៀបចំ អនុគណៈកម្មាធិការថ្មីនេះ សម្រេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ដែរថា គ.ជ.អ.ប បានបង្កើតយន្តការចំនួន២ គឺទី១អនុគណៈកម្មាធិការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលការ និងយន្តការទី២ គឺក្រុមការងារសវកម្មផ្ទៃក្នុង។ ដោយអនុគណៈកម្មាធិការនីមួយៗ មានរដ្ឋមន្ត្រីនៃក្រសួងនីមួយៗជាប្រធាន ទទួលខុសត្រូវមានតួនាទី សម្រេចគ្រប់យ៉ាង ដើម្បីធានាឱ្យកិច្ចដំណើរប្រកប ដោយប្រសិទ្ធិភាព។ ជាមួយគ្នានេះ ប្រធានត្រូវជ្រើសរើសរដ្ឋលេខាធិការនៃ ក្រសួងនោះជាអនុប្រធានអចិន្ត្រៃយ៍ ដើម្បីជួយសម្រួលកិច្ចការងារដល់រដ្ឋមន្ត្រី។ ទន្ទឹមនឹងនេះ រដ្ឋលេខាធិការដែលជាអនុប្រធានអិចិន្ត្រៃយ៍ ក៏អាចបើក កិច្ចប្រជុំជំនួសរដ្ឋមន្ត្រីដែលជាប្រធាន ព្រមទាំងអាចសុំគោលការណ៍ ណែនាំបានផងដែរ។
សូមបញ្ជាក់ថា របាយការណ៍ដែលត្រូវបង្ហាញក្នុងកិច្ចប្រជុំនេះ បានឲ្យដឹងថា គ.ជ.អ.ប បានធ្វើសំណើកែសម្រួល និងបង្កើតថ្មីនូវអនុគណៈកម្មាធិការនានា រួមមាន៖
* សំណើកែសម្រួលអនុគណៈកម្មាធិការកិច្ចការសារពើពន្ធ និងហិរញ្ញវត្ថុ ដែលមានសមាសភាព៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអនុប្រធានអចិន្ត្រៃយ៍, រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធាន, រដ្ឋលេខាធិការក្រសួងផែនការ ជាអនុប្រធាន, រដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការក្រសួង នៃសមាជិក គ.ជ.អ.ប ជាសមាជិក, តំណាង១ ឬ២រូប នៃសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ជាសមាជិក។
* សំណើកែសម្រួលអនុគណៈកម្មាធិការបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានសមាសភាព៖ ទេសរដ្ឋមន្ត្រី ពេជ្រ ប៊ុនធិន ជាប្រធាន, រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាអនុប្រធានអចិន្ត្រៃយ៍, រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធាន, រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ជាអនុប្រធាន, រដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការក្រសួង នៃសមាជិក គ.ជ.អ.ប ជាសមាជិក, តំណាង១ ឬ២រូប នៃសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ជាសមាជិក។
* សំណើបង្កើតថ្មីនូវអនុគណៈកម្មាធិការសេវាយុត្តិធម៌ ដែលមានសមាសភាព៖ ទេសរដ្ឋមន្ត្រី អង្គ វង្សវឌ្ឍនា ជាប្រធាន, រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាអនុប្រធានអចិន្ត្រៃយ៍, រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធាន, រដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការនៃក្រសួងមួយចំនួនជាសមាជិក និងតំណាង១ ឬ២រូប នៃសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ ក្រោមជាតិ ជាសមាជិក។ អនុគណៈកម្មាធិការនេះ មានភារកិច្ចជួយ និងផ្តល់យោបល់ជូន គ.ជ.អ.ប លើការងារពាក់ព័ន្ធនឹងការងារសម្រុះសម្រួល និងការដោះស្រាយវិវាទមូលដ្ឋានក្រៅ ប្រព័ន្ធតុលាការ។
* សំណើកែសម្រួលអនុគណៈកម្មាធិការផែនការអភិវឌ្ឍន៍ថ្នាក់ក្រោមជាតិ ដែលមានសមាសភាព៖ រដ្ឋមន្ត្រីក្រសួងផែនការ ជាប្រធាន, រដ្ឋលេខាធិការក្រសួងផែនការ ជាអនុប្រធានអចិន្ត្រៃយ៍, រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធាន, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអនុប្រធាន, រដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការក្រសួង នៃសមាជិក គ.ជ.អ.ប ជាសមាជិក, តំណាង១ ឬ២រូប នៃសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ជាសមាជិក។
* សំណើកែសម្រួលអនុគណៈកម្មាធិការមុខងារ និងធនធាន ដែលមានសមាសភាព៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន, រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធានអចិន្ត្រៃយ៍, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអនុប្រធាន, រដ្ឋលេខាធិការក្រសួងកិច្ចការនារី ជាអនុប្រធាន, រដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការក្រសួង នៃសមាជិក គ.ជ.អ.ប ជាសមាជិក, តំណាង១ ឬ២រូប នៃសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ជាសមាជិក។
* សំណើបង្កើតក្រុមការងារក្រមសីលធម៌ និងសវនកម្ម ដែលមានសមាសភាព៖ មន្ត្រីជាន់ខ្ពស់ថ្នាក់អគ្គនាយកដ្ឋាន ក្រសួងមហាផ្ទៃ ជាប្រធាន, មន្ត្រីជាន់ខ្ពស់ថ្នាក់អគ្គនាយកដ្ឋាន នៃក្រសួងសេដ្ឋកិច្ច ជាអនុប្រធានអចិន្ត្រៃយ៍, មន្ត្រីជាន់ខ្ពស់ថ្នាក់អគ្គនាយកដ្ឋាន ក្រសួងមុខងារសាធារណៈ ជាអនុប្រធាន, មន្ត្រីជំនាញក្រសួងមហាផ្ទៃ ១រូប ក្រសួងសេដ្ឋកិច្ច ១រូប និងក្រសួងមុខងារសាធារណៈ ១រូប ជាសមាជិក, តំណាង ៤រូប មកពីវិស័យឯក ជាសមាជិក៕