(បន្ទាយមានជ័យ)៖ គ្រួសារក្រីក្រខ្វះខាតស្បៀម មកពី៩ស្រុក-ក្រុង ក្នុងខេត្តបន្ទាយមានជ័យចំនួន២២០គ្រួសារ ទទួលបានអំណោយជាអង្ករ គ្រឿងឧបភោគបរិភោគ ពីគណៈកម្មាធិការគ្រីស្ទាន ខេត្តបន្ទាយមានជ័យ សម្រាប់ជួយដោះស្រាយបញ្ហារបស់បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ដោយសារវិបត្តិជំងឺកូវីដ-១៩។

ពិធីចែកអំណោយនេះ ធ្វើឡើងក្រោមអធិបតីលោក លី សារី អភិបាលរងខេត្តតំណាងលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដែលមានការចូលរួមពីក្រុមជុំនុំខេត្ត អាជ្ញាធរមូលដ្ឋាន នៅសាលាបឋមសិក្សា សម្រស់កុមារ ស្ថិតនៅខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។

លោក ហម ស៊ុយ ប្រធានគណៈកម្មាធិការគ្រីស្ទាន ខេត្តបន្ទាយមានជ័យ បានលើកឡើងថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបទុក្ខលំបាក ក្នុងនាមគណៈកម្មាធិការគ្រីស្ទាន ខេត្តបន្ទាយមានជ័យ ក៏បានធ្វើការកៀគរជាថវិកា សម្ភារ ហើយក៏មានការចូលរួមពីសប្បុរសជនក្នុង និងក្រៅប្រទេស បានរៀបចំជាអំណោយសម្រាប់ យកមកចែកជូន ដល់បងប្អូនពលរដ្ឋ ដែលកំពុងជួបផលលំបាលខ្វះខាតស្បៀង ដែលទទួលរងគ្រោះដោយសារ វិបត្តិកូវីដ-១៩ ដែលវាជាចំណែកមួយ សម្រាប់ដល់បងប្អូនបានដោះស្រាយមួយគ្រា។

លោកក៏បានបញ្ជាក់ថា សម្រាប់ការជួយនេះ គឺមិនមានការរើសអើសពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺគណកម្មាធិការគ្រីស្ទាន ខេត្តបន្ទាយមានជ័យ និងជួយទៅតាមអ្វីដែលអាចជួយបាន។

ថ្លែងនាឱកាសនោះ លោក លី សារី អភិបាលរងខេត្ត ក៏បានថ្លែងថា តាំងនាមឲ្យថ្នាក់ដឹកនាំខេត្ត សូមអរគុណចំពោះទឹកចិត្តរបស់បងប្អូនគ្រីស្ទាន ដែលតែងតែ បានចូលរួមចំណែកជួយដល់ បងប្អូនក្រីក្រ ជួបការលំបាកខ្វះខាតស្បៀង តាមរយៈការផ្តល់ជាកញ្ចប់ស្បៀងផ្សេងៗ។

ទន្ទឹមនឹងនោះ លោកបានលើកឡើងថា គ្រប់សាសនាទាំងអស់ គឺតែងតែដឹកនាំមនុស្ស ឲ្យទៅរកផ្លូវល្អ មិនត្រឹមតែអប់រំមនុស្សនោះទេ បងប្អូនគ្រិស្តសាសនា កន្លងមកតែងតែបានចូលរួមយ៉ាងសកម្ម ជាមួយនិងកិច្ចការងារសង្គម ជួយដល់បងប្អូនជួបការលំបាកជាដើម។

ជាមួយនឹងស្ថាននៃការរីករាលដាលកូវីដ-១៩ មិនទាន់មានធូស្រាល លោក លី សារី ក៏បានអំពាវនាវបន្ថែមដល់បងប្អូន ត្រូវបន្តការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ពីការចម្លង ពីជំងឺកូវីដ-១៩ ដែលកម្ពុជានៅតែបន្តរកឃើញជាបន្តបន្ទាប់ និងបានសូមឲ្យបងប្អូនបន្ត រក្សានូវវិធានការអនាម័យឲ្យបានជាប់ជាប្រចាំ រក្សាគម្លាតសង្គម ត្រូពាក់ម៉ាស រាល់ពេលចេញក្រៅផ្ទះ អនុវត្តការលាងសម្អាតដៃជាមួយសាប៊ូ និងទឹកស្អាត អាល់កុល ឬជែល រាល់ពេលចាប់កាន់របស់របរផ្សេងៗ នឹងបានសំណូមពរ បន្ថែមដល់ បងប្អូនត្រូវបន្តផ្សព្វផ្សាយ ពីវិធានការអនាម័យទៅបងប្អូន សាច់ញាតិមានប្រុងប្រយ័ត្នទាំងអស់គ្នា។

ចំពោះគ្រួសារក្រីក្រទាំង២២០គ្រួសារខាងលើ ក្នុងមួយគ្រួសារទទួលបាន អង្ករ២០គីឡូក្រាម មីមួយកេស ត្រីខ១យួរ៕