(ភ្នំពេញ)៖ មុខសញ្ញាឆក់កាបូបរដ្ឋលេខាធិការម្នាក់ នៅក្រោយព្រះបរមរាជវាំង ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ តាមស្រាវជ្រាវ និងបង្ក្រាបបានម្នាក់នៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ខណៈបក្ខពួកម្នាក់ទៀត កំពុងរស់គេចខ្លួន ដើម្បីសមត្ថកិច្ចក៏កំពុងស្រាវជ្រាវតាមបង្ក្រាបដូចគ្នា។
លោកវរសេនីយ៍ឯក មុំ ចេក នាយការិយាល័យរដ្ឋបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះថា ករណីឆក់កាបូប នេះបានកើតទ្បើង នៅចំណុចមុខការ៉ាស់លាងរថយន្ត ផ្លូវលេខ៥១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីថ្ងៃទី១៥ ខែមិថុនាកន្លងទៅ បង្កដោយជនសង្ស័យ២នាក់ ជិះម៉ូតូម្នាក់មួយគ្រឿង (ម៉ាក Click ពណ៌ស១គ្រឿង និងម៉ាក ស្កុបពី ពណ៌ខ្មៅ១គ្រឿង)។
ក្រោយទទួលបានព័ត៌មាននេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាន បានធ្វើការស្រាវជ្រាវ រហូតដល់ម៉ោង២ទាបភ្លឺ ឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ទើបកំណត់បានមុខសញ្ញាសង្ស័យ និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហេង ពិសិដ្ឋ អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ។
ជនសង្ស័យខាងលើបានសារភាពថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ខ្លួន និងឈ្មោះ ខាង សីហា ហៅសីហា បានចេញពីផ្ទះជួលនៅម្តុំច្បារអំពៅ ខណ្ឌច្បារអំពៅ ដោយជិះម៉ូតូមួយគ្រឿងម៉ាក Click ពណ៌ស ស៊េរីឆ្នាំ២០២០ មិនចាំស្លាកលេខ ចំណែកឈ្មោះ ខាង សីហា ជិះម៉ូតូមួយគ្រឿងម៉ាក Scopy ពណ៌ខ្មៅ គ្មានស្លាកលេខ ក្នុងគោលបំណងឆ្ពោះទៅផ្សារកណ្តាលដើម្បីយកទូរសព្ទ័ទៅដាក់បញ្ចាំ។
ពេលធ្វើដំណើរដល់ចំណុចកន្លែងលាងរថយន្ត តាមបណ្តាយផ្លូវលេខ៥១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ក៏ឃើញបុរសម្នាក់កំពុងឈរនៅក្បែរផ្លូវក្នុងកន្លែងលាងរថយន្ត មានកាន់កាបូបមួយពណ៌ប្រផេះ ឃើញឱកាសល្អឈ្មោះ ខាង សីហា បានជិះម៉ូតូទៅអែបបុររសនោះ ហើយធ្វើសកម្មភាពឆក់យកកាបូបបានសម្រេច ក៏ជិះគេចខ្លួនចេញពីទីនោះ ដោយមានរូបខ្លួនជាអ្នកជិះម៉ូតូបិទគូថពីក្រោយ ពេលមកដល់បន្ទប់ជួលវិញ បើកកាបូបនោះមើលឃើញមានប្រាក់ដុល្លារ ចំនួន២,០០០ដុល្លារ និងកាតធនាគារមួយចំនួន។
ជនសង្ស័យបានប្រាប់សមត្ថកិច្ចទៀតថា កន្លងមករូបគេធ្លាប់ជាប់ពន្ធនាគារ ចំនួន០៣ដង លើកទី១ ក្នុងឆ្នាំ២០១៣ ជាប់ពន្ធនាគាររយៈពេល១ឆ្នាំកន្លះ ពីបទឆក់, លើកទី២ ក្នុងឆ្នាំ២០១៥ ជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ពីបទឆក់ និងលើកទី៣ ក្នុងឆ្នាំ២០១៦ ជាប់ពន្ធនាគាររយៈពេល១០ខែ ពីបទ ឆក់ និងធ្លាប់ប្រើប្រាស់គ្រឿងញៀនផងដែរ។
បច្ចុប្បន្នក្រោយបញ្ចប់ការសួរនាំ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជូនសំណុំរឿង និងជនសង្ស័យទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕