(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានដឹកនាំកិច្ចប្រជុំលើកទី១៨ របស់ គ.ជ.អ.ប។
យោងតាមរបាយការណ៍ ដែលត្រូវបង្ហាញក្នុងកិច្ចប្រជុំនេះ បានឲ្យដឹងថា គ.ជ.អ.ប បានដាក់ចេញផែនការបន្ទាប់ ចំនួន៨ចំណុច រួមមាន៖
១៖ បន្តរៀបចំលិខិតបទដ្ឋានផ្ទេរធនធានថវិកាបន្ថែមទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ចាប់ពីដើមឆមាសទី២ ឆ្នាំ២០២០នេះតទៅ និងដើម្បីធានាឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ អាចគ្រោងថវិកាប្រចាំឆ្នាំ២០២១ សម្រាប់ដំណើការពេញលេញតាមមុខងារ និងរចនាសម្ព័ន្ធថ្មីរបស់ខ្លួន ស្របតាមប្រតិទិននៃដំណើរការរៀបចំគម្រោងថវិកាប្រចាំឆ្នាំ។
២៖ បន្តរៀបចំការផ្ទេរទ្រព្យសម្បត្តិរដ្ឋ ពាក់ព័ន្ធនឹងវិស័យទាំង២០ ទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ។
៣៖ ការពិនិត្យ និងកែសម្រួលសៀវភៅណែនាំស្តីពីកិច្ចការរដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឲ្យមានលក្ខណៈសមស្រប និងឆ្លើយតបទៅនឹងមុខងារ និងរចនាសម្ព័ន្ធគ្រប់គ្រងថ្មី របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។
៤៖ បន្តរៀបចំវគ្គបណ្តុះបណ្តាលតម្រង់ទិស និងវគ្គបណ្តុះបណ្តាលស្តីពីជំនាញបច្ចេកទេស ដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។
៥៖ ក្រុមការងារអន្តរក្រសួង ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតាមក្រុង ស្រុក ខណ្ឌ ដើម្បីស្វែងយល់អំពីបញ្ហាប្រឈមជាក់ស្តែង និងជួយដោះស្រាយបញ្ហាប្រឈមទាំងនោះ នៅនឹងកន្លែងផ្ទាល់តែម្តង។
៦៖ រៀបចំបញ្ចប់សេចក្តីណែនាំ ស្តីពីការពិពណ៌នាមុខតំណែងវិជ្ជាជីវៈ សម្រាប់ការិយាល័យ និងអង្គភាពនីមួយៗ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីធានាដល់ការរៀបចំពង្រាយបុគ្គលិក តាមការិយាល័យ និងអង្គភាពនីមួយៗមានលក្ខណៈសមស្រប និងឆ្លើយតបទៅនឹងតួនាទី ភារកិច្ច និងមុខតំណែងរបស់ការិយាល័យ និងអង្គភាពនីមួយៗទាំងនោះ។
៧៖ រៀបចំការសិក្សាដើម្បីចងក្រងទិន្នន័យដើមគ្រា សម្រាប់វិស័យជាក់លាក់មួយចំនួន ដូចជាវិស័យអប់រំ សុខាភិបាល និងសង្គមកិច្ចជាដើម ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការវាយតម្លៃលើបរិមាណ និងគុណភាពនៃការផ្តល់សេវាក្នុងវិស័យទាំងនោះ របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ នាពេលខាងមុខ។
៨៖ សិក្សា និងរៀបចំយន្តការជាក់លាក់ទាំងនៅថ្នាក់ជាតិ និងថ្នាក់រាជធានី-ខេត្ត ដើម្បីជួយគាំទ្រ តាមដានត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តការងាររបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមមុខងារ និងរចនាសម្ព័ន្ធថ្មី ដែលបានកំណត់ដោយអនុក្រឹត្យ និងលិខិតបទដ្ឋានជាធរមាន៕