(សៀមរាប)៖ អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានដាក់បទបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធត្រូវដាក់ម៉ាស៉ីនដើម្បីបូមភក់ ចេញពីកសិន្ធុប្រាសាទបាគង សង្គ្រោះត្រីដែលនៅសេសសល់ទាំងប៉ុន្មាន ឲ្យបន្ដមានជីវិតឡើងវិញ។

លោក សូប្លាតុង អភិបាលស្រុកប្រាសាទបាគង បានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះថា ក្រោយទទួលបានបទបញ្ជាពីអភិបាលខេត្ត, អាជ្ញាធរ និងនគរបាលបានដាក់ម៉ាស៊ីនបូមភក់ចេញពីកសិន្ធុប្រាសាទបាគង ដោយសារតែកន្លងមក អាជ្ញាធរបានប្រើប្រាស់ម៉ាស៊ីនបូមទឹកបាញ់ចូលទៅកាន់ កសិន្ធុប្រាសាទបាគងជាច្រើនគ្រឿង ដើម្បីសង្គ្រោះត្រីដែលនៅសល់ប៉ុន្តែ នៅតែមិនបានសម្រេចដោយសារភក់នៅក្នុងកសិន្ធនោះមានចំនួនច្រើន។

លោកបានបន្តថា ការបូមភក់ចេញពីកសិន្ធុប្រាសាទបាគងនេះ ពិតជាមានការលំបាកខ្លាំង ដោយសារភក់ជ្រៅដែលត្រូវចំណាយកម្លាំង និងពេលវេលាច្រើន បើទោះជាយ៉ាងណាក៏ត្រូវតែជួយសង្គ្រោះសត្វត្រីដែលនៅសល់ក្នុងកសិន្ធុនេះឲ្យបាន។

លោកបានអះអាងថា កន្លងមកអាជ្ញាធរបានប្រើប្រាស់វិធានការចំនួន៣រួចមកហើយ ដើម្បីសង្គ្រោះត្រីនេះ គឺទី១៖ប្រើប្រាស់រថយន្តដឹកទឹកចូលកសិន្ធុ, ទី២៖ការបុកអណ្តូងទឹកដើម្បីនាំយកទឹកចូលកសិន្ធុនេះ និងទី៣៖ប្រើប្រាស់កម្លាំងប្រជាការពារដើម្បីកាយភក់ចេញ និងមានការចូលរួមឧបត្ថម្ភពីលោក ហង្ស សុធី ដែលបានផ្តល់ម៉ាស៊ីនបូមខ្នាតធំ និងថវិកាផ្ទាល់ខ្លួនផងដែរ។

អាជ្ញាធរជាតិអប្សរា បានបន្ថែមថា ស្ថានភាពបច្ចុប្បន្ន ទឹកដែលមាននៅក្នុងកសិន្ធុប្រាសាទបាគង មានសភាពរីងហួតខ្លាំង និងមានទឹកនៅសល់តិចតួច ព្រោះតែដើមរដូវវស្សាកន្លងមកនេះ ពុំមានភ្លៀងធ្លាក់ច្រើន ហើយកសិន្ធុប្រាសាទបាគង មិនមានជាប់ទាក់ទងជាមួយស្ទឹងណាផ្សេងនោះទេ៕