(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្ដីជូនដំណឹងមួយស្ដីពីការរុះរើរបង និងរោងខ្ទមដែលជនល្មើសបានសាងសង់ដើម្បីរុករានទន្ទ្រានកាន់កាប់ដីខុសច្បាប់ នៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តកំពងឆ្នាំង គណៈបញ្ជាការឯកភាពខេត្ត នឹងចាប់ផ្ដើមអនុវត្តវិធានការរុះរើសម្ភារទាំងអស់នោះ ចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ រហូតបញ្ចប់ជាស្ថាពរ ដោយមិនទទួលខុសត្រូវលើការខូចខាតឡើយ។
រដ្ឋបាលខេត្តកំពង់ឆ្នាំង បានកត់សម្គាល់ឃើញថា បន្ទាប់ពីបានចេញសេចក្ដីជូនដំណឹងកាលពីពេលកន្លងទៅ មានបុគ្គលល្មើសមួយចំនួន បានភ្ញាក់រលឹករុះរើរួចហើយ និងមានជនល្មើសមួយចំនួនរត់គេចខ្លួន ដោយឡែកមានជនល្មើសមួយចំនួន នៅបន្ដធ្វើមិនដឹងមិនឮ និងមិនបានយកចិត្តទុកដាក់អនុវត្តឡើយ៕