(ភ្នំពេញ)៖ លោកស្រី Zuo Wenxing ទីប្រឹក្សាកិច្ចការនយោបាយ នៃស្ថានទូតចិនប្រចាំកម្ពុជា និងលោកក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ និងទទួលសម្ភារទប់ស្កាត់នឹងជំងឺ COVID-19 ដែលជាជំនួយរបស់ខេត្តក្រុងចំណងមេត្រីភាពក្នុងប្រទេសចិន។
កម្មវិធីនេះ ត្រូវបានរៀបចំឡើងនាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ក្នុងរដ្ឋបាលរាជធានីភ្នំពេញ។
លោកស្រី Zuo Wenxing បានថ្លែងថា ចាប់តាំងពីជំងឺ COVID-19 មានការផ្ទុះឡើងក្នុងប្រទេសកម្ពុជាមក ក្នុងនាមជាសហគមន៍ជោគវាសនារួមរវាងចិន និងកម្ពុជា ដែលតែងជួយយកអាសារគ្នា ទៅវិញទៅមក បណ្ដាខេត្តក្រុង និងតំបន់ក្នុងប្រទេសចិន បានចូលរួមផ្តល់សម្ភារទប់ស្កាត់ជំងឺនេះ ជូនដល់រាជធានីភ្នំពេញ ហើយសម្ភារទប់ស្កាត់នឹងជំងឺ ក្នុងពិធីប្រគល់ និងទទួលនាថ្ងៃនេះ ត្រូវបានផ្តល់ជូនដោយខេត្ត Fujian ទីក្រុង Nanning ទីក្រុងShenzhen និងទីក្រុង Guangzhou ជាដើម ដែលជាខេត្តក្រុងចំណងមេត្រីភាពជាមួយរាជធានីភ្នំពេញ។
លោកស្រីបន្តថា សម្ភារទាំងនោះរួមមាន៖ ម៉ាសវេជ្ជសាស្រ្ត ម៉ាសN95 ស្រោមដៃការពារសម្រាប់ប្រើមួយលើក ឧបករណ៍សម្រាប់វាស់កម្ដៅ និងរថយន្តបោសសម្អាតវិថីជាដើម ដែលទាំងនេះបានបង្ហាញពីមនោសញ្ចេតនាដ៏សែនជ្រាលជ្រៅ របស់ខេត្តក្រុង និងតំបន់ក្នុងប្រទេសចិន ជូនចំពោះប្រជាជនរាជធានីភ្នំពេញ ហើយក៏សង្ឃឹមថាសម្ភារទាំងនេះ នឹងអាចជួយដល់កិច្ចទប់ស្កាត់នឹងជំងឺកូវីដ ក្នុងរាជធានីភ្នំពេញផងដែរ។
លោក នួន ផារ័ត្ន បានថ្លែងអំណរគុណដល់ខេត្តក្រុងចំណងមេត្រីភាពក្នុងប្រទេសចិន ដែលបានផ្តល់ជាជំនួយសម្ភារៈទប់ស្កាត់នឹងជំងឺកូវីដជាច្រើន។ លោកបន្តថា ប្រជាជនរាជធានីភ្នំពេញ នឹងចងចាំជារៀងរហូតនូវសកម្មភាពទាំងនេះ ហើយរាជធានីភ្នំពេញនឹងប្រើប្រាស់សម្ភារទាំងនេះឲ្យបានល្អ ដើម្បីរួមចំណែកកិច្ចទប់ស្កាត់នឹងជំងឺនេះ ឲ្យបានល្អថែមមួយកម្រិតទៀត៕