(កំពង់ចាម)៖ លោក តូច ប៊ុនហ៊ួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកជើងព្រៃ និងលោក អូត ឈាងលី អភិបាលស្រុកជើងព្រៃ ព្រមទាំងសហការី នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ បានប្រគល់ផ្ទះ១ខ្នងទំហំ ៤ម៉ែត្រ គុណ៥ម៉ែត្រ ដែលជាអំណោយរបស់ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកជើងព្រៃ ជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្ត្រាក់ ដែលជាម្ចាស់ផ្ទះឈ្មោះ ម៉ុន ផន ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិដំណាក់អំពិល ឃុំស្តើងជ័យ ស្រុកជើងព្រៃ ដែលត្រូវខ្យល់កន្ត្រាក់ កាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០កន្លងទៅ។
ក្នុងពិធីនោះដែរ លោករដ្ឋមន្ត្រី វេង សាខុន បានឧបត្ថម្ភថវិកាចំនួន២០០,០០០រៀល តាមរយៈក្រុមការងារ ជូនក្មួយស្រីសម្រាប់ឡើងគេហដ្ឋានថ្មី។
លោកយាយ លោកតាចំនួន២៧នាក់ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន២០,០០០រៀល ស្មើនឹង៥៤០,០០០រៀល។ ថវិកាចំណាយសរុប ២,៨៤០,០០០រៀល។
ឆ្លៀតក្នុងឱកាសនោះ តាងនាមឲ្យប្រជាពលរដ្ឋស្រុកជើងព្រៃ លោក អូត ឈាងលី បានគោរពថ្លែងអំណរគុណលោក វេង សាខុន យ៉ាងជ្រាលជ្រៅបំផុតដែលបាន សាងសង់ផ្ទះ ជូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារខ្យល់កន្ត្រាក់បំផ្លាញផ្ទះគាត់ទាំស្រុងនា និងភ្លើងឆេះផ្ទះនាពេលកន្លងមក សរុបចំនួន៣ផ្ទះ និងជួសជុល ផ្ទះទ្រុតទ្រោម និងខ្យល់កន្ត្រាក់ចំនួន៩ផ្ទះផងដែរ។ សរុបជាទឹកប្រាក់ចំនួន ១៩,៤០០,០០០រៀល ក្នុងរយៈ៦ខែដើមឆ្នាំ២០២០នេះ៕