(រតនគិរី)៖ កាកបាទក្រហមកម្ពុជាខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ បានរៀបចំពិធីសូត្រមន្តថ្វាយព្រះពរ ក្នុងព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់៨៤ យាងចូល ៨៥ព្រះវស្សា។
ពិធីចម្រើនមង្គលដ៍ថ្លៃថ្លានេះ បានប្រារព្ធធ្វើឡើងនៅពុទ្ធសីម៉ា វត្តឥសានរតនារាម ហៅវត្តភ្នំស្វាយ ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ក្រោមអធិបតី ភាពលោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តរតនគិរី និងលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់អភិបាលរងខេត្ត, សមាជិកក្រុមប្រឹក្សាខេត្ត, សមាជិកគណៈកម្មាធិការសាខា អនុសាខាកាកបាទក្រហមខេត្ត ក្រុង សមាជិកសាខា យុវជនស្ម័គ្រចិត្តកាកបាទក្រហម និងលោកយាយ លោកតា យ៉ាងច្រើនកុះករ ។
លោក ថង សាវុន តាងនាមថ្នាក់ដឹកនាំគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី សូមព្រះរាជានុញ្ញាតក្រាបបង្គំទូលថ្វាយព្រះសព្ទសាធុការ បវរសួស្ដី សិរីមង្គល វិបុលសុខ ជាមួយនឹងមនោសញ្ចេតនា កត្តញ្ញូកតា វេទិតាធម៌ដ៏ជ្រាលជ្រៅ ចំពោះសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់ប្រកបដោយព្រះសុខភាពល្អ មានព្រះជន្មាយុយឺនយូរ បានបន្តគង់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់កូនចៅ ចៅទួត ចៅលួត ជាដរាបរៀងទៅ។
ក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី សូមចង់ចាំជានិច្ចនូវព្រះរាជលំអានដ៏ប្រសើរថ្លៃថ្លានៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានបូជា ព្រះកាយពល បំពេញព្រះរាជកិច្ចដ៏ឧត្តុងឧត្តមយាងដង្ហែព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ ក្នុងព្រះរាជបូជនីយកិច្ច ជាប្រវត្តិសាស្ត្រ ដ៏គួរឱ្យស្ញប់ស្ញែង ដើម្បីឯករាជ្យជាតិបូរណភាពទឹកដី សុខសន្តិភាព ស្ថិរភាពនិងវឌ្ឍនភាពជាតិក្នុងគ្របវិស័យ ហើយដែលនេះជាព្រះគំរូវីរៈភាពនៃមាគ៌ាដឹកនាំដ៏ត្រចះ ត្រចង់គ្មានអ្វីប្រៀបផ្ទឹមបានឡើយ។
ដោយគារវកិច្ចភក្ដីដ៏ខ្ពង់ខ្ពស់បំផុត និងព្រះករុណាទិគុណយ៉ាងជ្រាលជ្រៅនោះ ក្នុងនាមប្រធានគណៈកម្មាធិការសាខាព្រមទាំងសហការីនៃកាកបាទ ក្រហមកម្ពុជា ខេត្តរតនគិរី សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រៃយ៍ គ្រប់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតឆ័ត្រ ព្រះបារមីនៃអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរ គ្រប់ព្រះអង្គ ព្រះបារមី ព្រះករុណាព្រះបរមរតនកោដ្ឋ ជាពិសេសទេវតាឆ្នាំថ្មីព្រះនាម គោរគទេវី សូមជួយបីបាច់ថែរក្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជានុរាស្រ្តខ្មែរ ជាកូនចៅ ចៅទួត របស់ព្រអង្គទូទាំងព្រះរាជាណាចក្រកម្ពុជាជារៀងដរាបរៀងទៅ៕