(កណ្ដាល)៖ កូនតិរិច្ឆានញៀនថ្នាំប្រមឹកខួប បានស្រែកគំរាម និងទាញកាំបិទខ្វេវកាប់ម្ដាយ កាប់បងស្រី បំផ្លាញទ្រព្យក្នុងផ្ទះជាហូរហែរ។ ដោយសារតែភ័យខ្លាចម្ដាយបានរត់ចេញពីផ្ទះ បងស្រីបាន រត់ទៅប្ដឹងនគរបាលឱ្យឃាត់ខ្លួនកាលពីថ្ងៃទីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ នៅភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
សមត្ថកិច្ចបានឱ្យ Fresh News ដឹងថា ជនរងគ្រោះមានចំនួន២នាក់រួមមាន៖
*ទី១៖ ឈ្មោះ ហេង ទៀង ភេទស្រី អាយុ២៨ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិ ឃុំកើតហេតុ ត្រូវជាបងបង្កើត
*ទី២៖ ឈ្មោះ សយ យ៉ន ភេទស្រី អាយុ៥២ឆ្នាំ មុខរបរកោសខ្យល់ មានទីលំនៅភូមិ ឃុំកើតហេតុ ត្រូវជាម្តាយ។ រីឯជនសង្ស័យឈ្មោះ ហេង ខួច អាយុ២៦ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិ ឃុំកើតហេតុ។
កន្លងមកជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀនម៉ាទឹកកក ហើយឧស្សាប្រើអំពើហិង្សាមកលើម្តាយ និងបងស្រីរបស់ខ្លួនជាច្រើនលើកមកហើយ។ ស្រាប់តែមកដល់ល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២០ ជនសង្ស័យបានទាលុយពីម្តាយចំនួន៤០ដុល្លារ ដើម្បីយកទៅធ្វើរ៉ឺម៉ក តែម្តាយមានលុយតែ១០ម៉ឺនរៀលឲ្យទៅជនសង្ស័យ។
ពេលបានលុយ ជនសង្ស័យយកទៅទិញថ្នាំញៀនប្រើប្រាស់ ហើយបានយកកាំបិតខ្វែវគំរាមដេញកាប់ម្តាយ។ ម្តាយមានការភ័យខ្លាចក៏រត់ទៅនៅជាមួយកូនឯភ្នំពេញ។ បន្ទាប់មកជនសង្ស័យ បានធ្វើសកម្មភាពវាយបំផ្លាញចានឆ្នាំង និងកាប់សសរផ្ទះ។ លុះដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ម៉ោង១៨៖០០នាទី ជនសង្ស័យផឹកស្រាស្រវឹង បានវាយចានឆ្នាំងថែមទៀត និងបានគំរាមទៅលើបងស្រីខ្លួនឈ្មោះ ហេង ទៀង ថា ង៉ែងបើចេញពីផ្ទះកុំចូលប្រយ័ត្ឋមានរឿងធំ។
ជនរងគ្រោះជាបងមានការភ័យខ្លាច ក៏មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ព្រែកតាមាក់ កម្លាំងប៉ុស្តិ៍ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យឈ្មោះ ហេង ខូច បន្តចាត់ការតាមនីតិវិធី៕