(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានសម្រេចអនុញ្ញាតឲ្យរដ្ឋបាលខេត្តកំពង់ឆ្នាំង ចាក់បំពេញដីទំនាបលិចទឹកទំហំ៣ហិចតា នៅមុខវត្តយាយទេព ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង សម្រាប់ជាទីទួលសុវត្ថិភាព របស់ក្រុងកំពង់ឆ្នាំង។ នេះបើយោងតាមលិខិតរបស់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកផ្ញើទៅលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ។

ការអនុញ្ញាតនេះបន្ទាប់ពីលោកអភិបាលខេត្តកំពង់ឆ្នាំង ផ្ញើលិខិតទៅលោករដ្ឋមន្ត្រីក្រសួងធនធានទឹក ដើម្បីចាក់ដីបំពេញទំនាបទឹកលិចទីតាំងខាងលើ ត្រៀមឆ្លើយតបសង្គ្រោះប្រជាពលរដ្ឋ ពីគ្រោះទឹកជំនន់ទន្លេមេគង្គ ដែលកើតមានជាយថាហេតុ។

បើតាមលិខិតដដែល បានឲ្យដឹងថា ក្រសួងធនធានទឹក មិនជំទាស់ទៅនឹងការស្នើសុំខាងលើទេ តែក្រសួងស្នើឲ្យអនុវត្តទៅតាមលក្ខខណ្ឌបច្ចេកទេសមួយចំនួន រួមមាន៖

*ទីតាំងចាក់បំពេញដីសម្រាប់ធ្វើទីទួលសុវត្ថិភាពត្រូវរំកិលឱ្យបានយ៉ាងហោចណាស់ ចម្ងាយតិចបំផុតប្រវែង២០០ម៉ែត្រ ពីចុងទីទួល ដែលត្រូវបានចាក់បំពេញរួចហើយ ដល់ទីតាំងទំនប់បង្ហៀរទំនប់បារាំង។
*ទីតាំងរណ្ដៅសម្រាប់ជីកយកដីមកចាក់បំពេញទីទួល ត្រូវមានការកំណត់ជាក់លាក់ ដោយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ទាំងលើផ្នែកបច្ចេកទេស និងការតាមដាន និងត្រួតពិនិត្យ
*ទីទួលដែលចាក់បំពេញដីរួច សម្រាប់ទីទួលសុវត្ថិភាពឆ្លើយតបប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ គឺជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។

ក្រសួងធនធានទឹក ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្នុងការទប់ស្កាត់ការទន្ទ្រានរំលោភយកតំបន់ទំនាប (តំបន់ដីសើម) ដែលជាទីតាំងដ៏មានសារៈសំខាន់ ក្នុងការទទួលស្តុកទឹកទុក សម្រាប់កាត់បន្ថយទឹកជំនន់ក្នុងរដូវវស្សា និងរក្សាទឹកទុកសម្រាប់ប្រើប្រាស់ និងផ្គត់ផ្គង់នៅរដូវប្រាំង ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដែលប្រទេសកម្ពុជាក៏ដូចជាពិភពលោកកំពុងរងឥទ្ធិពល៕

សូមអានលិខិតខាងក្រោម៖