(ស្ទឹងត្រែង)៖ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ បានអញ្ជើញបំពាក់ឋានន្ដរស័ក្ដិ ជូននាយទាហា នាយទាហារង កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ចំនួន៣៩នាក់។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារ ដែលកម្លាំងអាវុធហត្ថទូទាំងខេត្ត ខិតខំប្រឹងប្រែងបំពេញទទួលបាន លទ្ធផលយ៉ាងល្អប្រសើរ ពិសេសការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងទប់ស្កាត់សកម្មភាពផ្សេងៗ ដើម្បីស្វែងរកសន្តិសុខជូនប្រជាពលរដ្ឋតាមមូលដ្ឋាន។
បើតាមលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ វិធានការជំនាញដែលបានប្រើប្រាស់នាពេលកន្លងមក រហូតលទ្ធផលការងារទទួលបានជោគជ័យនេះ មិនអាចកាត់ផ្ដាច់បានពីការ ចូលរួមចំណែករបស់កម្លាំងអាវុធហត្ថទាំងអស់បាននោះឡើយ ហើយកុំភ្លេចត្រូវយកបទពិសោធន៍នេះ ទៅអនុវត្តនៅពេលក្រោយទៀត។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ក៏មិនភ្លេចផ្ដាំផ្ញើ និងក្រើនរំលឹកដល់មន្ដ្រីអាវុធហត្ថដែលទើបទទួលបានការបំពាក់ឋានន្ដរស័ក្ដិទាំងអស់ ត្រូវយកតួនាទីនេះ ទៅបម្រើប្រជាពលរដ្ឋ និងសង្គមជាតិប្រកបដោយការទទួលខុសត្រូវ និងដើម្បីឲ្យស្របទៅតាមអ្វីដែលថ្នាក់ដឹកនាំប្រគល់ជូន៕