(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ជូនគ្រួសារសព ឧបាសកព្រឹទ្ធាចារ្យ លឹម ណៃ ដែលទទួលមរណភាពដោយជរាពាធ។
ឧបាសកព្រឹទ្ធាចារ្យ លឹម ណៃ ជាអតីតលេខាបក្សគណបក្សប្រជាជនកម្ពុជា ប្រចាំខេត្តព្រះសីហនុមុនគេ បានទទួលមរណភាព កាលពីថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០១៖១២នាទី រំលងអាធ្រាត្រក្នុងជន្មាយុ៨៥ឆ្នាំ ដោយជរាពាធ។
លិខិតរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ មានលើកឡើងថា «មរណភាពរបស់ឧបាសកព្រឹទ្ធាចារ្យ លឹម ណៃ គឺជាការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក ជីតា ជីតាទូត ប្រកបដោយព្រហ្មវិហារធម៌ល្អប្រពៃ ចំពោះកូនចៅ ក៏ដូចជាការបាត់បង់អតីតថ្នាក់ដឹកនាំដ៏ល្អមួយរូប ដែលពោរពេញដោយឆន្ទៈខ្ពស់ និងបានបូជាអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតី ដោយមិនខ្លាចនឿយហត់ ក្នុងបុព្វហេតុបម្រើជាតិ និងប្រជាជនគ្រប់កាលៈទេសៈ ជាពិសេស ចូលរួមចំលែកកសាងអភិវឌ្ឍន៍ប្រទេស ដោយស្មារតីស្មោះត្រង់បំផុត ចំពោះមាតុភូមិ និងប្រជាជនកម្ពុជា»។
គួរបញ្ជាក់ថា សពលោកតាព្រឹទ្ធាចារ្យ បានតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាននៃសពស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (ផ្ទះសពនៅទល់មុខផ្លូវចូលវិទ្យាល័យ ហ៊ុន សែន មិត្តភាពអូរ២)។
សពឧបាសកព្រឹទ្ធាចារ្យ លីម ឈៃ នឹងត្រូវបូជានៅបរិវេណគេហដ្ឋាននៃសព នៅថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៨៖០០នាទីយប់៕