(ភ្នំពេញ)៖ អង្ករចំនួន៥តោន ដែលជាអំណោយរបស់រាជរដ្ឋាភិបាល ត្រូវបានប្រគល់ជូនដល់សង្កាត់ចំនួន៥ ទូទាំងខណ្ឌចំការមន តាមរយៈលោកអភិបាលខណ្ឌ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ និងខ្វះខាត គ្រាដែលប្រទេសកម្ពុជាកំពុងស្ថិតក្នុងការបង្ការ និងការពារការឆ្លងរីករាលដាលនៃជំងឺ Covid-19។
ពិធីប្រគល់អង្ករទាំង៥តោនធ្វើឡើង ក្រោមវត្តមានលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងចៅសង្កាត់ទាំង៥ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ។
ថ្លែងទៅកាន់ចៅសង្កាត់ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌលោក ថេង សុថុល បានអំពាវនាវឲ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយរដូវនេះ មានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គរន្ទះ ដែលងាយបង្កគ្រោះថ្នាក់ ជាយថាហេតុ។
ពាក់ព័ន្ធនិងរដូវវស្សានេះលោក ថេង សុថុល ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ជាពិសេសត្រូវបញ្ចេញសំរាមទៅតាមពេលវាលាដែលរថយន្តមកប្រមូលសំរាម ជៀសវាងទុកចោលនៅខាងមុខផ្ទះ នៅពេលដែលមានភ្លៀងធ្លាក់អាចបណ្តាលឲ្យហូរចូលក្នុងលូបណ្តាលឲ្យស្ទះលូ។
ក្នុងឱកាសនោះដែរ លោកអភិបាលខណ្ឌ ក៏បានផ្តាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវលាងដៃនឹងសាប៊ូ ឬអាល់កុល ដើម្បីការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនូវមេរោគកូវីដ១៩។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ មិថុនានេះ កម្ពុជាមានការឆ្លងជម្ងឺកូវីដ១៩ សរុបចំនួន១២៩នាក់ តែ១២៦នាក់ បានព្យាបាលជាអស់ទំាងស្រុង គ្រាដែលអ្នកជម្ងឺដែលនៅសល់៣នាក់ បាននិងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
អ្នកជម្ងឺទំាង៣នាក់នោះ គឺមាន២នាក់ជាពលរដ្ឋខ្មែរ ហោះមកពីប្រទេសឥណ្ឌូណេស៊ី និងម្នាក់ទៀតគឺជាពលរដ្ឋខ្មែរមកពីប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៦ ខែមិថុនាកន្លងមកនេះ៕