(កោះកុង)៖ ថ្លែងចេញពីទឹកដីភូមិភាគនិរតីនៃប្រទេសកម្ពុជា លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ការគាំទ្រម្ហូបច្នៃពីគ្រំចំពុះទា មានប្រភពមកពីតំបន់ការពរធម្មជាតិពាមក្រសោម ដែលជាការគាំទ្រការអភិរក្សដើមកោងកាង និងបង្កើនចំណូលសម្រាប់ប្រជាសហគមន៍។
ការលើកឡើងបែបនេះរបស់មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានធ្វើឡើងនៅក្នុងឱកាសដែលលោក បានដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន អាជ្ញាធរខេត្តកោះកុង ចុងភៅប្រចាំសណ្ឋានគារឡឺរ៉ូយ៉ាល់មួយក្រុម ព្រមទាំងអ្នកសារព័ត៌មាន ចុះពិនិត្យការចិញ្ចឹមគ្រំ ឬខ្យងចំពុះទា និងការកែច្នៃផលនេសាទ នៅខេត្តកោះកុង ដើម្បីសិក្សារកទីផ្សារ ជូនប្រជាពលរដ្ឋក្នុងសហគមន៍ ដែលស្ថិតនៅភូមិសាស្រ្តដែនជម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុង។
លោក នេត្រ ភក្ត្រា បានថ្លែងថា ឱជារសដ៏ឈ្ងុយឆ្ងាញ់នៃមុខម្ហូបច្នៃប្រឌិតខ្ពស់ចេញពីគ្រំចំពុះទា ផលិតផលក្នុងស្រុកចេញពីសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប ទឹកដីខេត្តកោះកុង។ ម្ហូបដ៏ចាប់ចិត្តផ្សាភ្ជាប់រវាងការលើកកម្ពស់ជីវភាពប្រជាសហគមន៍ និងការអភិរក្សដើមកោងកាង ដើម្បីនិរន្តរភាពបរិស្ថាន។
បន្ថែមពីនេះ លោកបានឱ្យដឹងយ៉ាងដូច្នេះថា៖ «គ្រំចំពុះទាផលិតផលក្នុងស្រុកមកពីតំបន់ការពារធម្មជាតិពាមក្រសោបក្នុងខេត្តកោះកុង និមិត្តរូបនៃនិរន្តភាពធនធានធម្មជាតិ កើតចេញពីសុខដុមរមណីយកម្ម រវាងការបង្កើតសេដ្ឋកិច្ចមូលដ្ឋាន និងការអភិរក្សដើមកោងកាង»។
លោក នេត្រ ភក្ត្រា បានបន្ថែមថា សម្រាប់ជនជាតិអឺរ៉ុប និងបរទេសមួយចំនួនធំ បានស្គាល់ច្បាស់ពីគ្រំចំពុះទា ព្រមទាំងនិយមបរិភោគគ្រំចំពុះទានេះដែលមានតម្លៃថ្លៃ ក៏ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋខ្មែរ មួយចំនួនធំមិនសូវស្គាល់គ្រំប្រភេទននេះប៉ុន្មានទេ ហើយគ្រំចំពុះទានេះទៀតសោត គឺត្រូវបានប្រជាពលរដ្ឋនៅក្នុងសហគមន៍ប្រកបរបរចិញ្ចឹមវាតាំងពីទស្សវត្សឆ្នាំ១៩៩០មកម្ល៉េះ។ ដូច្នេះ លោកក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ចូលរួមបិភោគគ្រំនេះ ដើម្បីផ្សារភ្ជាប់ជីវិតរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងសហគមន៍ពាមក្រសោប ក៏ដូចជាផ្តល់ការងារ និងចូលរួមអភិរក្ស ព្រៃកោងកាង ជាពិសេសបានចូលរួមការពារធនធានសមុទ្រ និងជីវៈចម្រុះឱ្យកាន់តែសំបូរបែបរបស់កម្ពុជាផងដែរ។
អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានបន្តថា ក្នុងការពង្រឹងទៅលើការអភិរក្សជាមួយការបង្កើតសដ្ឋកិច្ចមូលដ្ឋាន រដ្ឋមន្ត្រី សាយ សំអាល់ ដែលជារដ្ឋមន្ត្រីក្រសួងបរិស្ថាន បានយកចិត្តទុកដាក់ការ ផ្សារភ្ជាប់សហគមន៍ជាមួយផ្នែកទីផ្សារ ហើយសហគមន៍ពាមក្រសោបនេះ ដែលអាចចិញ្ចឹមក្នុង១ឆ្នាំៗ យ៉ាងណោចណាស់ជាង១០,០០០តោន ហើយគ្រំប្រភេទនេះ ត្រូវបាននាំចេញទៅប្រទេសថៃ និងវៀតណាម។ ដោយឡែកក្នុប្រទេសកម្ពុជា គឺមានប្រជាពលរដ្ឋដឹកតិចតួចនៅឡើយ។ ដូច្នេះ ក្រសួងបរិស្ថាន បានខិតខំប្រឹងប្រែងផ្សព្វផ្សាយអំពីផលិតផល នៅក្នុងសហគមន៍ពាមក្រសោប ដល់ម្ចាស់សណ្ឋាគារ និងម្ចាស់ភោជនីយដ្ឋាន ព្រមទាំងប្រជាពលរដ្ឋទៅបានស្គាល់ និងភ្លក់រសជាតិបាន។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា សម្រាប់សហគមន៍ពាមក្រសោបនេះ មានប្រជាជន៣៥០គ្រួសារ បានប្រកបរបរចិញ្ចឹមគ្រំចំពុះទានេះ ក្រៅពីរបរនេសាទសមុទ្រ និងអាចប្រមូលផលបាន ចាប់ពីខែតុលា ដល់ខែឧសភា ដោយឡែកនៅឆ្នាំ២០២០នេះ ដោយសារតែអាកាសធាតុអំណោយផល គ្រំចំពុះទានេះ ត្រូវបានប្រមូលផលរហូតដល់ខែមិថុនា ឬខែកក្កដា ខាងមុខនេះ។
នាឱកាសនោះដែរ ក្នុងនាមក្រសួងមរិស្ថាន លោកបានអញ្ជើញក្រុមចុងភៅ ប្រចាំសណ្ឋានគារឡឺរ៉ូយ៉ាល់ទៅជាមួយនេះ ដោយមានគោលបំណងសំខាន់ចង់ឱ្យសណ្ឋានគារធំៗ និងភោជនីយដ្ឋានល្បីៗនៅកម្ពុជា បានសិក្សាស្វែងយល់ពីប្រភេទខ្យងចំពុះទារបស់កម្ពុជា ហើយអាចប្រមូលទិញទិន្នផលរបស់ប្រជាសហគមន៍ មកធ្វើម្ហូបប្រចាំសណ្ឋានគាររបស់ខ្លួន ដែលជាការមួយជួយលើកកម្ពស់តម្លៃការលក់ ក៏ដូចជាជួយលើកស្ទួយជីវភាពរបស់ពួកគាត់។
បើតាមលោក វង់ ដារ៉ា ជាអ្នកចិញ្ចឹមគ្រំចំពុះទា ក្នុងតំបន់សហគមន៍ពាមក្រសោប ខេត្តកោះកុង បានឱ្យដឹងថា ក្រៅពីមុខរបរនេសាទសមុទ្រ ប្រជាពលរដ្ឋនៅក្នុងសហគមន៍ជាង៧០ភាគរយ បានប្រកបរបរចិញ្ចឹមគ្រំចំពុះទា ដើម្បីចូលរួមលើកស្ទួយសេដ្ឋកិច្ចគ្រួសារ។
លោកបានថ្លែងថា គ្រំចំពុះទា ចាប់ផ្តើមពងកូន រយៈពេល៣ខែ គឺចាប់ពីខែ១០ ដល់ខែ១២ ដូច្នេះ ប្រជានេសាទទាំងក្នុងសហគមន៍ ត្រូវចាប់ផ្តើមបោះបង្គោល រាយខ្សែដើម្បីឱ្យគ្រំនេះមកតោង ដើម្បីពងកូន ហើយការចិញ្ចឹមគ្រំចំពុះទានេះ គឺតាមលក្ខណៈធម្មជាតិសុទ្ធសាធ មិនប្រើប្រាស់បច្ចេកទេស ឬដាក់សារធាតុគីមីណាមួយនោះទេ ក្រោយដាក់បង្គោលបាន៣ខែ ប្រជានេសាទមើលឃើញកូនគ្រំតោងជាប់នឹងបង្គោល ឬខ្សែដែលពួកគាត់បានដាក់នៅតាមទីតាំងរៀងៗខ្លួន អ្វីដែលកាន់តែពិសេសនោះគ្រំនេះមិនអាចផ្លាស់ទីពីបង្គោលមួយ ទៅកាន់បង្គោលមួយទៀតបាននោះទេ ជាហេតុបង្កលក្ខណៈងាយស្រួលដល់ប្រជាសហគមន៍ ដែលប្រកបអាជីពចិញ្ចឹមគ្រំប្រភេទនេះ។
សម្រាប់ការប្រមូលផលគ្រំចំពុះទានេះវិញ លោក វង់ ដារ៉ា បានបន្ថែមថា ក្រោយញាស់បានរយៈពេល៦ខែ ប្រជាសហគមន៍អាចប្រមូលគ្រំនេះបាន ដែលប្រជាពលរដ្ឋនៅទីនេះហៅថា «គ្រំក្រមុំ» ក៏ប៉ុន្តែ ទំហំរបស់គ្រំនេះនៅតូច ក៏ប៉ុន្តែ បើគ្រំធំល្អ គឺ
មានរយៈពេល១២ខែ នៃការចិញ្ចឹម។ លោកថា សម្រាប់រយៈពេលនៃការប្រមូលផលគ្រំចំពុះទានេះ មានរយៈពេល៦ខែ គឺចាប់ពីខែ១០ រហូតដល់ខែ៤ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ប្រជាសហគមន៍ដែលប្រកបរបរចិញ្ចឹមគ្រំចំពុះទា តាំងពីឆ្នាំ១៩៩៣រូបនេះ បានបង្ហាញថា សម្រាប់ឆ្នាំ២០២០ អាកាសធាតុអំណោយផល មិនសូវមានភ្លៀងធ្វើឱ្យប្រជាសហគមន៍អាចប្រមូលផលគ្រំចំពុះទាំនេះ រហូតដល់ខែ៦។ លោកថាសម្រាប់រដូវភ្លៀងនឹងធ្វើឱ្យគ្រំស្គម។
លោក វង់ ដារ៉ា បានបញ្ជាក់ថា នៅក្នុង១ឆ្នាំៗ ប្រជាសហគមន៍ចិញ្ចឹមគ្រំចំពុះទា ចិញ្ចឹមបានយ៉ាងហោចណាស់ជាង ១០,០០០តោន ហើយសម្រាប់ទីផ្សារទិញគ្រំនេះ ប្រទេសកម្ពុជា មិនទាន់មានទីផ្សារនៅឡើយទេ គឺពឆឹងទាំងស្រុងទៅលើឈ្មួញមកពីប្រទេសថៃ ចំណែកឈ្មួញមកពីវៀតណាម ទើបចាប់ផ្តើមមកទិញគ្រំចំពុះទាបានប្រហែល ២ ឬ៣ឆ្នាំនោះទេ ហើយសម្រាប់តម្លៃលក់ចេញវិញ គឺមានតម្លៃចាប់ពី១០០០រៀល ដល់៣០០០រៀល តាមទំហំគ្រំ និងរដូវរបស់វា។ បន្ថែមពីនេះគ្រំចំពុះទា មានឱជារសឆ្ងាញពិសារជាងគ្រំ ឬខ្យងទឹកសាប ផងដែរ ហើយគ្រំនេះ អាចយកមកធ្វើជាម្ហូបបានតាមត្រូវតម្រូវការរបស់អ្នកដូចជា៖ ស្លរម្ជូរគ្រឿង, ឆាក្រៀម, ញាំ, ឆាក្តៅ និងស្រុះជាដើម។ល។
តាមរយៈដំណើរទស្សនកិច្ចពេញមួយថ្ងៃនេះ ក្រុមចុងភៅ ប្រចាំសណ្ឋានគារឡឺរ៉ូយ៉ាល់ បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលបន្ទាប់ពីបានមើលឃើញដោយផ្ទាល់នូវការចិញ្ចឹមគ្រំចំពុះទានេះ ដោយអះអាងថា លោកមិននឹកស្មានថាប្រទេសកម្ពុជាយើងមានប្រភេទគ្រំនេះនោះទេ ព្រោះរាល់មុខម្ហូបដែលពួកខ្លួនធ្វើពីគ្រំនេះ គឺសុទ្ធតែនាំចូលពីទេសទាំងអស់។
ក្រុមចុងភៅ ប្រចាំសណ្ឋានគារឡឺរ៉ូយ៉ាល់ បានបន្តថា សម្រាប់ការចិញ្ចឹមគ្រំនេះទៀតសោធ គឺមានទំហំធាត់ល្អ ហើយគុណភាពវិញមិនចាញ់គ្រំណែនាំចូលពីបរទេសប៉ុន្មាននោះទេ។ បន្ថែមពីនេះ ក្រុមចុងភៅដដែល បានបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជា មានរបស់ខ្លួនហើយក៏ប៉ុន្តែមិនទាន់មានការច្នៃប្រឌិត ដូច្នេះ ប្រសិនយកគ្រំចំពុះទានេះទៅច្នៃជាម្ហូបអឺរ៉ុបវិញគ គឺរឹតតែមានឱជារស និងមានតម្លៃ។
ក្រុមចុងភៅ ប្រចាំសណ្ឋានគារឡឺរ៉ូយ៉ាល់ បានបញ្ជាក់ថា សម្រាប់ពួកគាត់ផ្ទាល់មានចំណាប់អារម្មណ៍ទៅលើគ្រំំពុះទា ដែលប្រជាសហគមន៍ចិញ្ចឹមនៅក្នុងតំបន់ពាមក្រសោបនេះ ហើយលោកនឹងនាំអ្វីដែលលោកជួបផ្ទាល់ទៅជម្រាបដល់ថ្នាក់ដឹកនាំសណ្ឋាគារ
ដោយឡែក លោក មាស រិទ្ធី អនុប្រធាននាយកដ្ឋានអភិរក្សសមុទ្រ និងតំបន់ឆ្នេរ នៃក្រសួងបរិស្ថាន បានឱ្យដឹងថា សម្រាប់នៅប្រទេសកម្ពុជាទីតាំង ដែលមានគ្រំងចំពុះទានេះ មាន៣កន្លែង ក្នុងខេត្តកោះកុង ដែលស្ថិតនៅភូមិសាស្រ្តដែនជម្រកសត្វព្រៃពាមក្រសោប គឺទី១៖ មុខលំហ, ពាមក្រសោបចាស់, ទី២៖នៅកោះកាង និងទី៣ ចំណុចឡាំដាំ ជាប់នឹងឈូងជ្រោយប្រស់។
គួរបញ្ជាក់ថា គ្រំចំពុះទា ត្រូវបានប្រជាសហគមន៍នៅខេត្តកោះកុង អាចចិញ្ចឹមលក់ក្នុងមួយគីឡូក្រាមថ្លៃត្រឹមតែ២៥០០ ដល់៣០០០រៀលប៉ុណ្ណោះ ខណៈគេលក់នៅបរទេសមានតម្លៃខ្ពស់ដែលមានចាប់ពីជិត១០ដុល្លារ ឡើងទៅ៕