(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានជំរុញឱ្យកម្ពុជាខិតខំប្រឹងប្រែងដើម្បីប្រែក្លាយខ្លួនជាប្រទេសអ្នកហូប មកជាប្រទេសអ្នកផលិតវិញ។ ការកែប្រែខ្លួនឱ្យទៅជាប្រទេសអ្នកផលិតនេះ ទាមទារឱ្យកម្ពុជាខិតខំកែច្នៃផលិតផលរបស់ខ្លួនឱ្យកាន់តែប្រសើរជាងនេះថែមទៀត។
លោកបណ្ឌិត សុខ ទូច បានលើកឡើងបែបនេះ នៅក្នុងវេទិកាតុមូលដែលរៀបចំដោយ រាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ដើម្បីពិភាក្សាពីការរៀបចំខ្លួនរបស់កម្ពុជា ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញក្រោយពេលបញ្ចប់ការរីករាតត្បាតជំងឺកូវីដ១៩។
នៅក្នុងវេទិកានេះ លោកបណ្ឌិត បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្មែរជាប្រទេសអ្នកហូប មិនមែនជាប្រទេសអ្នកផលិតទេ អញ្ចឹងធ្វើដូចម្តេចបានក្លាយទៅជាប្រទេសអ្នកផលិត»។ លោកបន្តថា «កុំក្លាយជាប្រទេសអ្នកហូប ត្រូវក្លាយជាប្រទេសផលិត»។
បើតាមលោកបណ្ឌិត សុខ ទូច, សព្វថ្ងៃនេះ ប្រទេសកម្ពុជា ក៏មានសក្តានុពលក្នុងវិស័យកសិកម្មផងដែរ ជាពិសេសគឺស្រូវ ប៉ុន្តែកម្ពុជាមិនទាន់បានកែច្នៃស្រូវឱ្យទៅជាផលិតផលផ្សេងៗ ដើម្បីបំពេញតម្រូវការទីផ្សារនៅលើពិភពលោកនោះទេ។ លោកបានលើកឡើងថា បើសិនជាកម្ពុជាអាចកែច្នៃស្រូវឱ្យទៅជាអាហារ ឬផលិតផលផ្សេងៗបាន១០ ទៅ២០មុខ កម្ពុជានឹងមានទីផ្សារច្រើន ហើយក៏បង្កើតការងារនៅក្នុងប្រទេសផងដែរ។
ដោយឡែក ពាក់ព័ន្ធនឹងបន្លែវិញ លោកបណ្ឌិត សុខ ទូច បានរិះគន់រឿងបន្លែដែលកម្ពុជាបាននាំចូលពីប្រទេសវៀតណាម ខណៈដែលកម្ពុជាក៏អាចផលិតបន្លែទាំងនោះបានដូចគ្នា។ លោកបណ្ឌិត សុខ ទូច ក៏បានជំរុញឱ្យពលរដ្ឋខ្មែរ កែច្នៃកសិកម្មរបស់ខ្លួនឱ្យទៅជាកសិទេសចរណ៍ផងដែរ។
បើតាម លោកបណ្ឌិតវិទ្យាសាស្រ្តនយោបាយរូបនេះ, ដើម្បីឱ្យកម្ពុជាខ្លាំង និងក្លាយទៅជាប្រទេសអ្នកផលិត, គឺត្រូវធ្វើកំណែទម្រង់ធនធានមនុស្ស ក៏ដូចជាសង្គមផងដែរ។ លោកលើកឡើងថា ក្នុងមួយជីវិត ធនធានកម្ពុជាម្នាក់ៗ គួរដាំដើមឈើមួយដើម បង្កើតកូនម្នាក់ ឬសរសេរសៀវភៅឱ្យបាន១ក្បាល បើមិនដូច្នោះទេ កម្ពុជានឹងក្លាយទៅជាទីផ្សាររបស់គេហើយ។
លោកបណ្ឌិត សុខ ទូច បាននិយាយថា លោកជាបណ្ឌិតវិទ្យាសាស្រ្តនយោបាយ តែមកចិញ្ចឹមគោ។ សកម្មភាពនេះ មិនមែនដើម្បីតែខ្លួនលោកទេ គឺដើម្បីប្រជាពលរដ្ឋ។ បើសម្រាប់តែខ្លួនរបស់លោក គឺលោកអាចធ្វើជាគ្រូបង្រៀន ដែលមានប្រាក់ខែអាចរស់ស្រួល។
លោកថ្លែងថា យើងត្រូវតែរួមគ្នាដើម្បីស្តារសេដ្ឋកិច្ច ហើយចង់ស្តារសេដ្ឋកិច្ច ធនធានរបស់យើងត្រូវតែខ្លាំង៕