(ភ្នំពេញ)៖ ស្ថានអគ្គកុងស៊ុល នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ បានសហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងហាណូយ និងអាជ្ញាធរវៀតណាម ទទួលពលរដ្ឋខ្មែរ០៤នាក់ ដែលរងគ្រោះដោយការជួញដូរទៅប្រទេសចិន ត្រឡប់ទៅកម្ពុជាវិញ។ នេះបើតាមការបញ្ជាក់ពីលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១៩ ខែមិថុនានេះ។
បើតាមលោក កុយ គួង បន្ទាប់ពីបានទទួលពលករខ្មែរទាំង៤នាក់ នៅស្ថានីយ៍រថភ្លើងទីក្រុងហូជីមិញ មកពីទីក្រុងហាណូយនោះ ពលករខ្មែរទាំង៤នាក់ ត្រូវបន្តដំណើរទៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបាយ-បាវិត និងបានប្រគល់ជូនមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តស្វាយរៀង ដើម្បីមានវិធានការណ៍បន្ត៕