(កំពង់ឆ្នាំង)៖ លោក យង់ សៅវុឌ្ឍី ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ បានអញ្ជើញ ទទួលអំណោយមនុស្សធម៌ពីទីប្រឹក្សាសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកត្តិឧទ្ទេសបណ្ឌិត ទេព វង្ស មួយចំនួនធំដើម្បីចូលរួមនិងគាំទ្រជាមួយសកម្មភាពមនុស្សធម៌ ក្នុងគោលបំណងចូលរួមអបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំស្រលាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»។
ពិធីប្រគល់ទទួលនេះបានធ្វើឡើងនៅវត្តព្រះវិហារហ្លួង ដោយអំណោយទាំងអស់ជារបស់ព្រះមេត្តិសត្ថា វង្ស កុសល ព្រះរាជាគណៈថ្នាក់កិត្តិយសគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ទីប្រឹក្សាសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកត្តិឧទ្ទេសបណ្ឌិត ទេព វង្ស និងជាព្រះគ្រូធម្មានុវឌ្ឍន៍ ព្រះអនុគណស្រុករលាប្អៀរ និងជាព្រះចៅអធិការវត្តព្រះវិហារហ្លួង ខេត្តកំពង់ឆ្នាំង, ព្រះសន្តិកោសល ប៉ិន គង្គា ព្រះរាជាគណៈថ្នាក់កិត្តិយសគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ទីប្រឹក្សាសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកត្តិឧទ្ទេសបណ្ឌិត ទេព វង្ស និងជាព្រះគ្រូមេកុដិលេខ២១ វត្តនាគវ័នភ្នំពេញ និងព្រះគ្រូបញ្ញាបទីបោ ម៉ុច សៅលី ទីប្រឹក្សាសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកត្តិឧទ្ទេសបណ្ឌិត ទេព វង្ស និងក្រុមការងារ ព្រះមន្ត្រីសង្ឃ ស្រុករលាប្អៀរ។
លោក យង់ សៅវុឌ្ឍី បានបង្ហាញក្តីរំភើបរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះមេត្តិសត្ថា វង្ស កុសល ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយនៃព្រះរាជាណា ចក្រកម្ពុជា ទីប្រឹក្សាសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកត្តិឧទ្ទេសបណ្ឌិត ទេព វង្ស និងព្រះតេជគុណគ្រប់ព្រះអង្គ ដែលបានជួយឧបត្ថម្ភជូនសាខាកាកបាទក្រហកម្ពុជាស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
លោក យង់ សៅវុឌ្ឍី ក៏បានសន្យាថានឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ក្នុងការជួយដល់ប្រជាពលរដ្ឋដែលជួបការ លំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗនៅក្នុងស្រុក ដោយមិនការរើសអើងពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ គឺទីណាមានកាលំបាក ទីនោះមានកាកបាទក្រហកម្ពុជា ដោយស្របតាមគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមកម្ពុជា។
សូមបញ្ជាក់ថា អំណោយដែរបានប្រគល់សាខាកាកបាទក្រហមកម្ពុជាស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង រួមមានអង្ក១០បេ ក្នុងមួយបេ២៥គីឡូ, មី១០កេះ, បាឡុង១០, ទឹកត្រី១០យួរ ទឹកស៊ីអ៊ីវ១០យួរ និងបច្ច័យចំនួន៨៥ម៉ឺនរៀល៕