(កណ្តាល)៖ ថ្លែងអះអាងចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អ្នកឧកញ៉ា ពង់ ឃាវសែ មហាសេដ្ឋីល្បីឈ្មោះ និងប្រធានក្រុមហ៊ុនសាងសង់ ព្រលានយន្តហោះកម្ពុជា (CAIC) ដែលទទួលបានសិទ្ធិសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី បានបញ្ជាក់ថា នឹងមិនធ្វើឲ្យការសាងសង់ព្រលានយន្តហោះថ្មីនេះ រាំងស្ទះនោះឡើយពាក់ព័ន្ធនឹងការចំណាយក្នុងការសាងសង់។
ការអះអាងនេះធ្វើឡើងក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ។
អ្នកឧកញ៉ា ពង់ ឃាវសែ បានថ្លែងយ៉ាងដូច្នេះថា «ចាប់ពីខែ៧ [កក្កដា] តទៅចំណាយមួយថ្ងៃៗ គឺ ១,១៥០,០០០ដុល្លារ ។ មូលនិធិឥណទានរបស់បរទេស មិនអាចរកបានភ្លាមៗនោះទេ ហើយចំណាយបច្ចុប្បន្នពឹងផ្អែកលើមូលនិធិក្នុងស្រុក ។ ទោះជាយ៉ាងណាក្តី ក្រុមហ៊ុន CAIC នឹងប្រឹងប្រែងអស់ពីលទ្ធភាពមិនឲ្យ រាំងស្ទះក្នុងការកសាងគម្រោងការនេះទេ [ព្រលានយន្តះភ្នំពេញថ្មី]»។
ជាមួយគ្នានេះ ឧកញ៉ា ពង់ ឃាសែ ក៏បានថ្លែងអំណរគុណដល់សម្តេចតជោ ហ៊ុន សែន ចំពោះការណែនាំ និងគាំទ្ររបស់សម្តេចសម្រាប់គម្រោងព្រលានយន្តហោះថ្មីនេះ ព្រោះបើគ្មានការគាំទ្រទេនោះ ព្រលានយន្តហោះថ្មីនេះ មិនអាចដំណើរការ និងលេចរូបរាងព្រលានយន្តហោះថ្មីនេះនោះទេ ។
ក្រុមហ៊ុនសាងសង់ព្រលានយន្តហោះកម្ពុជា (CAIC) គឺជាក្រុមហ៊ុនចម្រុះបង្កើតឡើងរួមគ្នាដោយ ក្រុមហ៊ុន OCIC និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ក្នុងឆ្នាំ២០១៨ ក្រោមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើការងារសាងសង់ ព្រលានយន្តថ្មីភ្នំពេញថ្មី ដែលស្ថិតនៅចម្ងាយ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដែលមានផ្ទៃដីសរុប២៦០០ហិកតា គម្រោងសាងសង់មាន៣ដំណាក់កាល។
សម្រាប់ដំណាក់កាលទី១ នឹងអាចដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០២៣ ដែលអាចទទួលភ្ញៀវទេសចរបាន១៣លាននាក់។ សម្រាប់ការងារសាងសង់ ដំណាក់កាលទី១មានដូចជា៖
* អគារស្ថានីយអ្នកដំណើរមានកម្ពស់៤៥ម៉ែត្រ ៥ជាន់ និងជាន់ក្រោមដី១ជាន់ ដែលមានផ្ទៃក្រឡា២៤៣០០០ម៉ែត្រការ៉េ ដែលរហូតមកដល់ពេលនេះ ការសាងសង់សម្រេចបាន៥ភាគរយ ដែលគ្រោងនឹងបញ្ចប់ចុងឆ្នាំ២០២២។
* ការសាងសង់ផ្លូវរត់យន្តហោះ (Runway) មានប្រវែង៤ពាន់ម៉ែត្រ និងទទឹង៦០ម៉ែត្រ ជាប្រភេទអាកាសយានដ្ឋាន 4F។
* ការសាងសង់អគារប៉មត្រួតពិនិត្យផ្លូវអាកាស មានកម្ពស់១០៨ម៉ែត្រ ដែលការងារនេះក្រុមហ៊ុនបានសាងសង់សម្រេចបាន៥% ហើយគ្រោងបញ្ចប់នៅចុងឆ្នាំ ២០២២។
* ការងារសាងសង់អគារ និងទីតាំងផ្សេងៗជាង៤០ផ្សេងទៀត សម្រាប់បម្រើប្រតិបត្តិការរបស់ព្រលានយន្តហោះមានដូចជា ស្ថានីយអ្នកដំណើរ VIP, ទីតាំងគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ទីតាំងស្តុកសំណល់រឹង កន្លែងជួសជុលរថយន្ត កន្លែងស្តុកប្រេង និងទីតាំងស្តុកទំនិញ ស្ថានីយពន្លត់អគ្គិភ័យជាដើម។
អ្នកឧកញ៉ា ពង់ ឃាវសែ បានថ្លែងថា ការងារសាងសង់សម្រាប់ដំណាក់កាលទី១នេះ គ្រោងនឹងចំណាយថវិកា១៥០០លានដុល្លារអាមេរិក ដែលមិនទាន់គិតបញ្ចូលតម្លៃដីនៅឡើយនោះទេ ដែលអាចនឹងទទួលបានភ្ញៀវទេសចរ ១៣លាននាក់ក្នុង១ឆ្នាំ ហើយដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣០ អាចទទួលភ្ញៀវទេសចរ៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលភ្ញៀវទេសចរ ៥០លាននាក់ក្នុង១ឆ្នាំ។
មហាសេដ្ឋីកម្ពុជារូបនេះបញ្ជាក់ថា សម្រាប់ការងាររចនាប្លង់ស្ថានីយអ្នកដំណើរត្រូវបានសម្តេចតេជោ ហ៊ុន សែន សម្រេចជ្រើសយកក្រុមហ៊ុន Foster & Partners របស់អង់គ្លេស ហើយក្រុមហ៊ុន China Construction Devotions III ជាអ្នកឈ្មោះនូវការដេញថ្លៃសាងសង់ក្នុងទឹកប្រាក់ ៥៩៥លានដុល្លារ។ ដោយឡែកតំបន់ហោះហើរ ត្រូវបានចរនាឡើងដោយក្រុមហ៊ុនអេវីក ដែលជាក្រុមហ៊ុនចិន។ ជាមួយគ្នានេះក៏មានការអញ្ជើញ ក្រុមហ៊ុនបរទេសល្បីៗជាច្រើនទៀត ជួយគាំទ្រដល់ការបច្ចេកទេសផងដែរ។
អ្នកឧកញ៉ា ពង់ ឃាសែ បន្ថែមថា បច្ចុប្បន្នគម្រោងសាងសង់អាកាសយានដ្ឋានភ្នំពេញថ្មីនេះ មានកម្លាំងពលកម្ម កំពុងបម្រើការចំនួន១,១០២នាក់ ក្នុងនោះមានវិស្វករបរទេសចំនួន៩៥នាក់ និងវិស្វករខ្មែរ១១០នាក់។ បើតាមការប៉ានស្មាន នៅពេលការងារសាងសង់មមាញឹកដល់កំពូល នោះតម្រូវការកម្លាំងពលកម្មនឹងកើនឡើងដល់២ម៉ឺនាក់ក្នុង១ថ្ងៃ។ តាមរយៈការសាងសង់ព្រលានយន្តហោះថ្មីនេះ នឹងជួយបណ្តុះបណ្តាលការងារបច្ចេកទេស ដល់វិស្វករខ្មែរ បានច្រើន និងផ្តល់កម្លាំងបន្ថែមសម្រាប់ការអភិវឌ្ឍន៍ ប្រទេសនាពេលអនាគតផងដែរ។
ប្រធានក្រុមហ៊ុនរូបនេះបន្តថា រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានចំណាយទឹកប្រាក់ចំនួន ១២០លានដុល្លារ ក្នុងការប្រឹក្សាយោបល់ ផ្នែករចនា គូរប្លង់ និងការឃួងគ្រឹះ ការចាក់ដី បង្ហាប់ដី និងកែកុនគុណភាពដី ចំណែកគម្រោងសាងសង់នឹងត្រូវចំណាយទឹកប្រាក់២០៨លានដុល្លារទៀត រហូតដល់ដាច់ឆ្នាំ២០២០នេះ។
លោកឧបនាយកដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការសាងសង់ គម្រោងព្រលានយន្តហោះភ្នំពេញថ្មី បានថ្លែងថា និយាមការសាងសង់ព្រលានយន្តថ្មីនេះ មានបណ្តាយ៦.២គីឡូម៉ែត្រ ទទួល៤.២គីឡូម៉ែត្រ ទំហំ២៦០០ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឹង ស្រុកស្អាង ខេត្តកណ្តាល និងស្រុកបាទីខេត្តតាកែវ ក្នុងនោះទំហំដីជាង៩០០ហិកតា ស្មើនឹង៣៥ភាគរយ ជារបស់ក្រុមហ៊ុន CAIC និងទំហំដី១៦៧៣ហិកតា ជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ និងក្រុមហ៊ុននានា។
លោកឧបនាយករដ្ឋមន្ត្រីបន្តថា ក្រុមការងារបានដោះស្រាយជាមួយប្រជាពលរដ្ឋបញ្ចប់ចំនួន១៧៣គ្រួសារ ដែលរស់នៅក្នុងសំណង់បណ្តោះអាសន្ន តាមបណ្តោយទំនប់ តាមរយៈគោលនយោបាយជាថវិកា និងផ្តល់ដី និងការដោះស្រាយបញ្ចប់ជាមួយប្រជាពលរដ្ឋចំនួន ៣៦គ្រួសារដែលរងផលប៉ះពាល់ ដោយការសាងសង់ផ្លូវ ទៅកាន់ដីឡូដិ៍លំនៅឋាន សម្រាប់ទៅជូនប្រជាពលរដ្ឋ ក្នុងនោះ៨គ្រួសារយល់ព្រមទទួលយកដីឡូដិ៍ និង២៨គ្រួសារផ្សេងទៀត ទទួលយកការដោះស្រាយជាថវិកា។
លោកបន្តថា ក្រុមការងារបានប្រមូលទិញដី តាមគោលការណ៍មិនលើសពី៨ដុល្លារក្នុង១ម៉ែត្រការ៉េ បានចំនួន៥៤ហិតកា ត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។ បច្ចុប្បន្ននេះក្រុមហ៊ុនបានសាងសង់ព្រលានយន្តហោះថ្មី ខ្នាត 4F សម្រាប់ដំណាក់កាលទី១ សម្រេចបានប្រហែល៥% ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣ ដែលអាចទទួលអ្នកដំណើរបាន១៣លាននាក់ក្នុង១ឆ្នាំ។
លោកបន្តថា គណៈកម្មការសាងសង់គម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នឹងបន្តសហការជាមួយក្រុមហ៊ុន ប្រជាពលរដ្ឋ និងស្ថាប័នពាក់ព័ន្ធ ដើម្បីបន្តដោះស្រាយបញ្ចប់បញ្ហាផ្សេងៗជាបន្តទៀត។
ក្នុងឱកាសចុះពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវរីករាយបានអញ្ជើញ មកពិនិត្យព្រលានយន្តហោះថ្មី និងកោតសរសើរដល់ក្រុមហ៊ុន ដែលបានខិតខំសាងសង់ព្រលានយន្តហោះថ្មីនេះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងកោតសរសើរដល់គណៈកម្មការសាងសង់ ដែលបានប្រឹងប្រែងសម្របសម្រួលដោះស្រាយបញ្ហាផ្សេងៗ ដើម្បីសម្រួលដល់ការសាងសង់។ សម្តេចបន្ថែមថា ជំងឺកូវីដ១៩ មិនបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ នៅក្នុងប្រទេសកម្ពុជា រួមទាំងព្រលានយន្តហោះថ្មីនេះផងដែរ នៅតែដំណើរការជាធម្មតា ហើយអាចបញ្ចប់តាមការគ្រោងទុក នៅឆ្នាំ២០២៣៕