(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ជំងឺកូវីដ១៩ មិនអាចសម្លាប់រដ្ឋាភិបាលកម្ពុជាបានទេ ដោយរាជរដ្ឋាភិបាលកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ក្នុងការបើកប្រាក់បៀវត្សជូនមន្រ្តីរាជការ និងជួយទំនុកបម្រុងដល់ប្រជាពលរដ្ឋជួបការលំបាក។
ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែល សម្តេចអញ្ជើញចុះពិនិត្យការដ្ឋាន សាងសង់ព្រលានយន្តហោះថ្មី ដែលជាព្រលានយន្តហោះខ្នាតអន្តរជាតិដ៏ធំមួយ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «អ្នកខ្លះបង្ហោះ Facebook ថា ឆ្នាំក្រោយកម្ពុជានឹងអត់មានប្រាក់បើកបៀវត្សទេ ខ្ញុំគ្រាន់តែបញ្ជាក់ថា កូវីដមិនអាចសម្លាប់រដ្ឋាភិបាល ហ៊ុន សែន បានទេ។ ឥឡូវនេះមន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធ ទទួលបាននូវបៀវត្ស បើទោះបីជាខែមេសា ត្រូវឡើងបៀវត្សមួយដំណាក់ទៀត ដែលពេលនោះកូវីដកំពុងវាយប្រហារហើយចំណូលធ្លាក់ចុះ ក៏រាជរដ្ឋាភិបាលនៅតែមានសមត្ថភាពដើម្បីដំឡើងបៀវត្ស ហើយបន្តបើកបៀវត្សក្នុង១ខែ២ដង»។
ជំងឺកូវីដ១៩ បានផ្ទុះឡើងដំបូងនៅទីក្រុងវូហាន ប្រទេសចិន ហើយបន្តរីកសាយភាយនៅលើពិភពលោក។ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ លើកដំបូងនៅខែមីនា ឆ្នាំ២០២០ ដែលរហូតមកដល់ពេលនេះកម្ពុជាបានរកឃើញអ្នកឆ្លងសរុប ចំនួន ១២៩នាក់ (ស្ត្រី៣៩នាក់ និងបុរស ៩០នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន១២៧នាក់ និង២នាក់ទៀតកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ក្រុមឧទ្ទាមក្រៅច្បាប់ និងសារព័ត៌មានប្រឆាំង បានឆ្លៀតយកឱកាសនេះ វាយប្រហាររាជរដ្ឋាភិបាលកម្ពុជា ហើយបំផុសចលនាឱ្យពលរដ្ឋឈប់សងលុយធនាគារជាដើម។
ថ្លែងក្នុងកម្មវិធីដដែលនោះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា «បើអ្នកឯងរង់ចាំយកជោគជ័យ ឱ្យរដ្ឋាភិបាល ហ៊ុន សែន ដួលអ្នកឯងកំពុងវង្វែងទិសដៅ ហើយខ្ញុំក៏ចង់ឱ្យអ្នកឯងវង្វេងទិសដៅ»។ សម្តេចបន្តថា៖ «ក្នុងសម័យកូវីដ១៩នេះ អត់ទាន់មានឃើញប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ ដោយយើងមិនបានដឹងហើយ មិនបានដោះស្រាយទេ»។
សម្តេចបញ្ជាក់់ថា៖ «គ្រាន់តែប្រាប់អ្នកឯងវិញថា កុំមើលស្រាលរដ្ឋាភិបាល ហ៊ុន សែន ឱ្យសោះ ហើយកុំមើលស្រាលសមត្ថភាពរបស់ ហ៊ុន សែន ក្នុងការដោះស្រាយ ប្រសិនបើ ហ៊ុន សែន គ្មានសមត្ថភាពទេ មិនអាចឈរជើងក្នុងចំណោមអ្នកនយោបាយស្រុកខ្មែរ រយៈពេល៤១ឆ្នាំកន្លងទៅទេ តាំងពីអាយុមិនទាន់គ្រប់៣០ឆ្នាំ គឺ២៦ឆ្នាំកន្លះ ធ្វើរដ្ឋមន្រ្តីរួចទៅហើយ អាយុ៣២ឆ្នាំធ្វើនាយករដ្ឋមន្រ្តី ហើយធ្វើជាង៣៥ឆ្នាំរួចទៅហើយ ហើយធ្លាប់ប្រើក្បាលអ្នកឯង»។
សម្តេចបានបន្តថា៖ «អ្នកឯងអ្នកចោទ ប៉ុន្តែខ្ញុំធ្លាប់ប្រើក្បាលអ្នកឯងឱ្យជួយកែរដ្ឋធម្មនុញ្ញ អ្នកឯនៅចាំទេ អញ្ចឹងបើអ្នកឯងហ៊ានជេរ “ ហ៊ុន សែន អាល្ងង់ អញ្ចឹងហ្អែងហ្នឹង អាល្ងង់ ព្រោះអាល្ងង់នេះ វាប្រើអាល្ងង់នោះបាន”»។ «អ្នកឯងជេរ ហ៊ុន សែន អាយ៉ង អញ្ចឹងអ្នកឯងកញ្ចះអាយ៉ងហ្នឹងទៅទៀត ព្រោះអញប្រើក្បាលហ្អែងបាន ហ្អែងត្រូវចាំ»។
សម្តេចបានថ្លែងថា នៅថ្ងៃខាងមុខនេះ ក្នុង១ខែ កម្ពុជាត្រូវចំណាយប្រមាណ២៥លានដុល្លារ សម្រាប់ជួយទំនុកបម្រុងពលរដ្ឋជាង៦០ម៉ឺនគ្រួសារ។ សម្តេចរំលឹកថា នៅរដូវកាលកូវីដ១៩នេះ កម្ពុជាបានរកចំណូលបានប្រមាណ៤០០លានដុល្លារក្នុង១ខែ ហើយចាយទៅលើបៀវត្សត្រឹមតែ២០០លានដុល្លារប៉ុណ្ណោះ ដូច្នេះការដ្ឋានដែលកំពុងដំណើរការនៅតែបន្ត។
សម្តេចតេជោ បានលើកឡើងអំពីការត្រៀមបម្រុងស្បៀង និងសម្ភារៈផ្សេងៗទៀត ក្នុងដំណាក់កាលកូវីដ១៩នេះ។ សម្តេចថ្លែងថា «យើងមានចំណូល១៥លានដុល្លារ ដែលចំណាយត្រឡប់ទៅវិញ ក្នុងការទិញសម្ភារៈ និងបំពាក់អ្វីៗ អស់ប្រហែលឮ៨លានដុល្លារ។ យើងមានសម្ភារៈស្តុកទុកនៅក្នុងឃ្លាំង មានសម្ភារសម្រាប់ប្រើប្រាស់សម្រាប់ក្រសួងសុខាភិបាល។ ម៉ាសមាន១១លាន ស្តុងក្នុងឃ្លាំង សំលៀកបំពាក់ រហូតដល់ស្តុកទុកអង្ករ មី និងឈានទៅដល់ការផលិតទឹកត្រី ទឹកស៊ីអ៉ីវ»។
«មានភាពលម្អិតនៅទីនេះ ខុសពីអ្នកឯងគិត ខ្ញុំចង់ឱ្យអ្នកឯងវាយតម្លៃខុសតទៅទៀតចុះ ដោយសារវាឈាមតិរច្ឆាន វាមិនងាយក្នុងការកែទេ អ្វីដែលជាសមិទ្ធផលរបស់ជាតិ វាជាផលអាក្រក់សម្រាប់ពួកគេ ដូច្នេះបានជាពួកគេម្តងហើយម្តងទៀតប្រឆាំង សម្បីតែយើងធ្វើអ្វីក៏ខុសចិត្តពួកវា»។ នេះបើតាមសម្តេចតេជោ ហ៊ុន សែន។
សម្តេចបានថ្លែងថា ចំណូលចរន្តរបស់កម្ពុជាទោះបីជាបានធ្លាក់ចុះបន្តិចមែន ប៉ុន្តែនៅតែមានចំណូលជាបន្តបន្ទាប់ ប្រមាណ ៤០០លានដុល្លារក្នុង១ខែៗដែរ។ ពេលនេះអត់មានការប្រជុំនៅក្រៅប្រទេស បានធ្វើឱ្យរដ្ឋាភិបាលសល់លុយយ៉ាងច្រើន៕