(ភ្នំពេញ)៖ ខណៈចុះពិនិត្យការដ្ឋាន សាងសង់ព្រលានយន្តហោះថ្មី នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើដល់អ្នកឧកញ៉ា ពុង ឃាវសែ ម្ចាស់ក្រុមហ៊ុន OCIC ដែលវិនិយោគលើព្រលានយន្តហោះថ្មី ឱ្យជួយស្តារបឹងជើងលោកឱ្យជ្រៅថែមទៀត ហើយយកដីពីការស្តាបឹងនេះ មកចាក់ធ្វើព្រលានយន្តហោះថ្មី។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំបានប្រាប់ លោក ពុង ឃាវសែ ឱ្យជួយជីក បឹងជើងលោកឱ្យជ្រៅហើយយកអាចម៍ដី មកចាក់ឱ្យព្រលានយន្តហោះ ហេតុអីបានជាខ្ញុំត្រូវរំលឹករឿងនេះ បឹងជើងលោកនេះមានតួនាទីសំខាន់ណាស់ ដែលវាទាក់ទងទៅខេត្តដល់ទៅ២ ស្រុក៣ (ខេត្តតាកែវស្រុក២ ហើយខេត្តកណ្តាលស្រុក១ គឺស្រុកស្អាង)»។
សម្តេចបានបញ្ជាក់បន្ថែមថា បឹងជើងលោកជាប្រភពនៃការដោះស្រាយទឹក សម្រាប់កសិករធ្វើស្រែប្រាំង នៅតំបន់ពុតស និងផ្នែកមួយចំនួននៃស្រុកព្រៃកប្បាស ហើយវាធ្លាក់មកជាតំបន់នៃការធ្វើស្រែប្រាំងតាំងពីក្រាំងយូវរហូតចេញមកទន្លេ បាសាក់ ដូច្នេះត្រូវតែស្តុកទឹកទុកឱ្យបានច្រើននៅទីនោះ។
សម្តេចបញ្ជាក់ថា៖ «យើងកំពុងត្រូវការរកអាចម៍ដី អញ្ចឹងយកអាចម៍ដីពីក្នុងអាងយកមកចាក់ដីធ្វើព្រលានយន្តហោះ ជាផលចំណេញរបស់ក្រុមហ៊ុន តែជាផលចំណេញរបស់រដ្ឋ និងរបស់ប្រជាជនដែរ។ នៅពេលបឹងជើងលោកជ្រៅ វានឹងបង្កើតបាននូវការស្តុកត្រី របស់យើងនឹងធំធាត់នៅបឹងជើងលោក តែបឹងជើងលោក មិនមែនគ្រាន់តែដោះស្រាយបញ្ហាប្រភពទឹកសម្រាប់ស្រោចស្របមួយមុខទេ បឹងជើងលោកជាប្រភពនៃការដែលយើងជម្លៀសទឹកជំនន់ព្រែកត្នោត ព្រោះយូរៗម្តងជំនន់ព្រែកត្នោត នឹងកើតឡើង ជំនន់ព្រែកត្នោតធ្លាក់ទៅក្នុងទន្លេបាសាក់ ប៉ុន្តែនៅពេលទឹកទន្លេបាសាក់វាខ្ពស់ដែរ ពេលទឹកជំនន់មកវាទៅណា យើងត្រូវបញ្ចៀសវាទៅបឹងជើងលោក»៕