(សៀមរាប)៖ សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស ក្នុងឱកាសយាងទៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២០ សម្ដេច រួមទាំងមន្រ្តីសង្ឃ និងគណៈអធិបតីរួមដំណើរប្រទានអំណោយដល់ប្រជាពលរដ្ឋក្រីក្រី និងរៀបចំពីធីបួងសួងសុំសេចក្ដីសុខជាច្រើនកន្លែង លើទឹកដីប្រវត្តិសាស្រ្តខេត្តសៀមរាប។
ក្នុងឱកាសយាងទៅខេត្តសៀមរាបនេះ សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស ក្រោមព្រះរាជហារទ័យ គិតគូរដល់ប្រជាពលរដ្ឋ សម្ដេចសង្ឃ រួមទាំងមន្រ្តីសង្ឃ និងគណៈអធិបតីរួមដំណើរ បានប្រទានអំណោយ ដល់ប្រជាពលរដ្ឋក្រីក្រចំនួន១៥០គ្រួសារ ដែលរស់នៅក្នុងឃុំ នគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប។
សម្រាប់ព្រះរាជអំណោយរបស់សម្ដេចព្រះមហាសង្ឃរាជ បានប្រទានជូនគ្រួសារនីមួយៗ នូវថវិកា៤ម៉ឺនរៀល មីមួយកេស អង្ករ២៥គីឡូ។ ជាមួយគ្នានោះ សម្ដេចព្រះមហាសង្ឃរាជ ក៏បានប្រទានថវិកាមួយចំនួន ជូនដល់អាជ្ញាធរមូលដ្ឋានផងដែរ ព្រះរាជហារទ័យ សណ្ដោសប្រទានរបស់ព្រះអង្គ ទទួលបានការគោរពស្រលាញ់ជាខ្លាំងពីប្រជាពលរដ្ឋ។
ក្រុមប្រជាពលរដ្ឋដែលទទួល បានអំណោយនាពេលនេះ បានបញ្ជាក់ថា ពួកគាត់ពិតជាមានកិត្តិយសបំផុត ដែលទទួលបានការប្រទានអំណោយពីព្រះអង្គដោយផ្ទាល់។
ក្រោយពីបញ្ចប់ការប្រទានអំណោយ ជូនដល់ប្រជាពលរដ្ឋក្រីក្រ សម្ដេចព្រះមហាសង្ឃរាជ ក៏បានយាងរៀបចំពិធីគោរពបួងសួង និងយាងទតតំបន់មួយចំនួន រួមមានប្រាសាទ មេបុណ្យដែលកំពុងជួសជុលក្នុង បារាយ តំបន់អភិរក្សអង្គរ ប្រាសាទកណ្ដាល ស្រះស្រង់ រួមទាំងតំបន់ជាច្រើនផ្សេងទៀតផងដែរ។
សូមបញ្ជាក់ថា កន្លងមកនេះ សម្ដេចព្រះមហាសង្ឃរាជ បានសណ្ដោសប្រណីប្រទានអំណោយ ជូនជនក្រីក្រទាំង ក្នុងរាជធានីភ្នំពេញ ទាំងទីបណ្ដាខេត្តជាច្រើនជារៀងរាល់ឆ្នាំ៕