(កណ្តាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ជំងឺកូវីដ-១៩ បាននឹងកំពុងផ្លាស់ប្តូរឥរិយាបទរស់នៅរបស់មនុស្សទាំងអស់នៅក្នុងពិភពលោកដែលមានរាប់ពាន់ឆ្នាំ ឱ្យប្រែក្លាយជាទម្លាប់ថ្មីនាដំណាក់កាលកូវីដ-១៩។
ការបញ្ជាក់បែបនេះ របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០នេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «អីឡូវជំងឺកូវីដ-១៩ បានដាក់ឱ្យយើងនៅសភាពការណ៍មួយមិនច្បាស់លាស់បញ្ហាស្ថិតនៅត្រង់ថា តើកូវីដនឹងបញ្ចប់នៅពេលណា? ហើយកូវីដ នឹងមានអ្វីកើតឡើងនៅពេលខាងមុខបន្ថែមទៀត រហូតទៅដល់កូវីដ បានផ្លាស់ប្តូរឥរិយាបទរបស់មនុស្ស ដែលមានរាប់រយ រាប់ពាន់ឆ្នាំហើយមកនោះឱ្យក្លាយទៅជាទម្លាប់ថ្មីហើយ»។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងថា ពិភពលោកទាំងមូលកាលពីមុនមិនទាន់មានជំងឺកូវីដ-១៩ ក្នុងមួយថ្ងៃៗ មានដំណើរចរាចរណ៍យន្តហោះ ហោះពេញមេឃ ក៏ប៉ុន្តែនាដំណាក់កាលនេះ ដំណើរចរាចរណ៍ទាំងឡាយត្រូវបានផ្អាក់ជាបណ្តុះអាសន្ន ដើម្បីការពារការរីករាលដាលជំងឺផ្លូវដង្ហើមមួយនេះ ជាដើម។
ពាក់ព័ន្ធនឹងពិភពលោកក្នុងដំណាក់រាតត្បាតពីជំងឺកូវីដ-១៩នេះដែរ នាយករដ្ឋមន្ត្រីកម្ពុុជា បានបន្តថា ជំងឺកូវីដ-១៩ បានបង្កើតឱ្យមានស្ថានភាពមិនច្បាស់លាស់សម្រាប់ប្រជាជនទូទាំងពិភពលោក។ សម្តេចបានបន្ថែមទៀតថា ជំងឺកូវីដ១៩ ធ្វើឱ្យការរស់នៅរបស់មនុស្សជាតិជួបភាពមិនច្បាស់លាស់ តែភាពច្បាស់លាស់មួយ គឺជំងឺកូវីដ១៩ មិនអាចរំលាយភពផែនដីបានទេ។
ទន្ទឹមនឹមនេះដែរ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីជឿជាក់ថា ថ្ងៃណាមួយអ្នកវិទ្យាសាស្ត្រនឹងរកឃើញវ៉ាកសាំងការពារជំងឺកូវីដ-១៩ បានហើយនោះ ការអភិវឌ្ឍផ្សេងៗនឹងវិលត្រឡប់មកដូចដើមវិញ ក៏ប៉ុន្តែ ភាពប្រក្រតីនោះវាស្ថិតនៅក្នុងគន្លងថ្មី ដូចអ្វីដែលអង្គការសុខភាពពិភពលោកបានប្រកាសថា ប្រជាជនទាំងអស់នៅលើពិភពលោកត្រូវរៀនរស់នៅក្នុងវិបត្តិកូវីដ-១៩។ ដូច្នេះ ប្រសិនបើប្រជាជន ឬថ្នាក់ដឹកនាំប្រទេសនានា មិនធ្វើការសម្របសម្រួលនៅក្នុងស្ថានភាពនេះដោះទេ ជំងឺនេះនឹងបំផ្លាញយើងជាមិនខាន។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅឆ្នាំ២០២០នេះ ប្រទេសភាគតិចណាស់ ដែលអាចមានសេដ្ឋកិច្ចវិជ្ជមាន ពោលប្រទេសភាគច្រើនបំផុតនឹងទទួលបានភាពអវិជ្ជមានសម្រាប់សេដ្ឋកិច្ច រហូតដល់សញ្ញាដកទៅទៀត។ មានប្រទេសខ្លះបានប្រកាសខ្លួនរួចជាស្រេចថា សេដ្ឋកិច្ចរបស់ខ្លួន ដករហូតដល់៧ភាគរយឯណោះ ហើយក៏មានប្រទេសខ្លះមានសញ្ញាដករហូតដល់ ១០ភាគរយជាដើម។
សម្តេចតេជោ ហ៊ុន សែន ក៏បានបន្ថែមថា ដោយឡែកសម្រាប់ប្រទេសកម្ពុជា បើតាមការប៉ាន់ស្មានរបស់ធនាគារអភិវឌ្ឍអាស៊ី IMF និងធនាគារពិភពលោក បានវាយតម្លៃថា សេដ្ឋកិច្ចអាចធ្លាក់ក្នុងរង្វង១,៥ភាគរយ ទៅ២,៩ភាគរយ។ ក៏ប៉ុន្តែ សម្រាប់កម្ពុជា ខ្លួនឯងផ្ទាល់អាចវាយតម្លៃថា អាចដក១,៩ភាគរយ នៅក្នុងឆ្នាំ២០២០ ហើយនេះគឺជាស្ថានភាពមួយមិនធ្លាប់មានក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ។
វិបត្តិរាតត្បាតជំងឺកូវីដ១៩ មិនទាន់ដល់ថ្នាក់ធ្វើឱ្យសម្តេចផ្តល់ថវិកាឧបត្ថម្ភក្នុងកម្មវិធី ដូចទម្លាប់ដែលសម្តេចបានធ្វើនោះទេ។
គួជម្រាថា យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៨,៩០៦,១៣៧នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤៦៦,២៥៣នាក់ និងជាសះស្បើយឡើងវិញ ៤,៧៣២,៧៦៦នាក់។ គេហទំព័រអន្តរជាតិ ដដែលបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន៕