(កំពង់ឆ្នាំង)៖ ដោយសារតែការបើកបរខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ និងបានបង្កឲ្យមានអ្នករងរបួសធ្ងន់ធ្ងរពីរនាក់ ហើយត្រូវបានរថយន្តពេទ្យដឹក យកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងទាំងព្រឹកផងដែរ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងរវាងម៉ូតូ និងគោយន្តកន្ត្រៃយ៍ កើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្លៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវក្រាលកៅស៊ូ មួយខ្សែ ត្រង់ចំណុចភូមិស្វាយជ្រុំថ្មី ឃុំស្វាយជ្រុំស្រុករលាប្អៀរ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍ខាងលើនេះ គឺរងរបួសធ្ងន់ចំនួន២នាក់ ម្ដាយនិងកូន ដែលម្ដាយមានឈ្មោះ ញិ នីម អាយុ៤០ឆ្នាំ រងរបួសបាក់ជើងឆ្វេងចំនួន២កំណាត់ និងកូនឈ្មោះ សូ ចិន្តា ភេទប្រុស អាយុ១៩ឆ្នាំ រងរបួសបាក់ជើងខាងឆ្វេង និងដៃឆ្វេង ទាំងពីរនាក់ម្ដាយកូន រស់នៅក្នុងភូមិទំពរឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។ ក្រោយកើតហេតុ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដឹកយកទៅធ្វើការសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យផងដែរ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុស្ត្រីពីរនាក់ម្ដាយកូន បានជិះម៉ូតូមួយគ្រឿងឌុបគ្នាពីរនាក់ ធ្វើដំណើរត្រឡប់មកពីមន្ទីរពេទ្យបង្អែកខេត្ត ដែលបាននាំកូនទៅពិនិត្យ និងព្យាបាលមុខរបួស ដែលរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ កាលពី២ ទៅ៣ថ្ងៃមុន លុះមកដល់ចំណុចកើតហេតុ ក៏មានគោយន្តមួយគ្រឿងសណ្ដោងរម៉ក បើកបរដោយឈ្មោះ តែម សារឿនអាយុ១៤ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ បានបត់ចូលតាមផ្លូវគ្រួសក្រហម។
ស្របពេលនោះម៉ូតូរបស់ជនរងគ្រោះពីរនាក់ម្ដាយនិងកូន ក៏បានទៅដល់ចំណុចនោះផងដែរ និងបានវ៉ាក់អឺដោយម៉ូតូ ត្រូវបានកង់គោយន្តជាន់ពីលើ នឹងបណ្ដាលឱ្យពីរនាក់ម៉ែកូនរងរបួសធ្ងន់ធ្ងរ។
បន្ទាប់ពីកើតហេតុអ្នកបើកគោយន្តបានរត់គេចខ្លួន ចំណែកជនរងគ្រោះទាំងពីរនាក់ ក៏ត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកគោយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅប៉ុស្តនគរបាលរដ្ឋបាល ឃុំស្វាយជ្រុំរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕