(សៀមររាប)៖ ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា បានប្រទះឃើញសិលាចារឹកជាភាសាសំស្ក្រឹតចារលើផ្ទាំងថ្មភក់ ដែលគេយកមករៀបជាគ្រឿងបង្គុំថ្មកម្រាលខ្លោងទ្វារខាងមុខប្រាង្គកណ្តាល នៃប្រាសាទទន្លេស្ងួត ក្នុងពេលលាងសម្អាតថ្ម មុនយកទៅរៀបផ្គុំនៅទីតាំងដើមវិញ។
ថ្មចារឹកនេះ អាជ្ញាធរជាតិអប្សរាបានយកមករក្សាទុកក្នុងទីស្នាក់ការនៃនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។
តាមការបញ្ជាក់របស់លោក អ៉ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ឱ្យដឹងថា ផ្ទាំងថ្មចារឹកនេះអាចពុំមែនជារបស់មន្ទីរពេទ្យទន្លេស្ងួតទេ ប្រហែលជាគេយកចេញពីប្រាសាទណាមួយមកប្រើធ្វើជាថ្មកម្រាល ដោយរៀបដាក់ផ្កាប់ផ្ទៃមានអក្សរចារឹកទៅក្រោម។ ចំណែកផ្ទៃខាងក្រោយពុំមានអក្សរគេដាក់ផ្ងារឡើងលើ ហើយដាប់ធ្វើជាល្បាក់សម្រាប់ទ្រថ្មធ្នឹមទ្វារ។
ករណីនេះ បានធ្វើឱ្យបាត់បង់តួអក្សរមួយផ្នែក តែក៏នៅមានសេចក្តីច្រើនដែលអាចសិក្សាស្រាវជ្រាវបន្ថែមបាន ហើយនេះក៏មិនចាត់ទុកជាករណីបំផ្លាញដែរ ព្រោះគេកាត់តម្រឹមឱ្យត្រូវចន្លោះ ដើម្បីធ្វើជាថ្មកម្រាលក្នុងការកាសាងប្រាសាទទន្លេស្ងួតពីបុរាណ។ ការយកថ្មចាស់ពីកន្លែងផ្សេងមកកសាងប្រាសាទថ្មីបន្ទាប់ ក៏ជាទម្លាប់ធម្មតានាសម័យបុរាណដែរ។
លក្ខណៈពិសេសនៃសិលាចារឹកនេះ គឺពុំទាន់មានការសិក្សានៅឡើយ ដែលសរសេរជាភាសាសំស្ក្រឹតមានចំនួន ៥៥ បន្ទាត់ កម្ពស់ ១០០ សង់ទីម៉ែត្រ ទទឹង ៤០ សង់ទីម៉ែត្រ និងកម្រាស់ ២០ សង់ទីម៉ែត្រ។ បើយោងតាមការសន្និដ្ឋានដំបូងលើលក្ខណៈតួអក្សរឆ្មារៗ និងពិចិត្រ ដែលប្រៀបនឹងសិលាចារឹកនៅប្រាសាទភ្នំដី ស្ថិតនៅខាងជើងប្រាសាទទន្លេស្ងួតនោះ គេអាចស្មានបានថាសិលាចារឹកនេះប្រហែលចារនៅចុងស.វ.ទី ១១ ដល់ដើមស.វ.ទី ១២។
លោក សុខរិទ្ធី បញ្ជាក់ថា «នៅពេលនេះយើងមិនទាន់ដឹងខ្លឹមសារនៅក្នុងសិលាចារឹកនេះទេ គឺត្រូវការពេលវេលាដើម្បីឱ្យអ្នកជំនាញប្រែសម្រួលពីភាសាសំស្ក្រឹត ដើម្បីស្វែងយល់ពីរឿងរ៉ាវផ្សេងៗ និងកាលបរិច្ឆទនៃអក្សរចារឹកមួយផ្ទាំងនេះ។ តែវាបានផ្តល់ព័ត៌មានសំខាន់មួយឱ្យយើងដឹងអំពីប្រវត្តិនៃការសាងសង់ប្រាសាទទន្លេស្ងួត និងភស្តុតាងបុរាណវិទ្យា ដែលបង្ហាញអំពីការតាំងទីមនុស្សសម័យអង្គរនៅក្នុងតំបន់នេះ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ (១១៨១-១២១៨)»៕