(ភ្នំពេញ)៖ លោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន និងជាប្រធានអាហារូបករណ៍ ស សុខា នាវេលារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ បានដឹកនាំសមាជិក សមាជិកា រួមទាំងចៅសង្កាត់ មេភូមិ ចុះសំណេះសំណាល ប្រជាពលរដ្ឋភូមិ៧ និងនាំយកអំណោយរបស់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន ស.ស.យ.ក ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកស្រី កែ សួនសុភី មកប្រគល់ជូនដល់ប្រជាពលរដ្ឋពិការភាព។
អ្នកស្រី ពុត ម៉ានី ជាស្ត្រីមេម៉ាយពិការជើង មានកូន និងរស់នៅជាមួយបងប្អូន ចំនួន ៦នាក់ ក្នុងបន្ទុក ក្នុងមូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
លោក អាំង សិរីពិសិដ្ឋ បានឲ្យដឹងថា ដោយទទួលបាននូវសេចក្តីរាយការណ៍របស់លោកចៅសង្កាត់ អំពីគ្រួសារអ្នកស្រី ពុត ម៉ានី ជួបនូវបញ្ហាខ្វះខាត ដោយមានជំងឺប្រចាំពិការភាព ដើរពុំបាននោះ ទើបលោកក៏បាននាំយកអំណោយលោក ស សុខា មកប្រគល់ជូន ដល់លំនៅឋានផ្ទាល់។
ជាមួយគ្នានោះ លោក អាំង សិរីពិសិដ្ឋ ក៏បានផ្តាំផ្ញើដល់អ្នកស្រី ចូរខិតខំថែរក្សាសុខភាព និងធ្វើអនាម័យជាប្រចាំ ដើម្បីបង្ការ Covid-19 ។ លោកបន្តថា ដោយសារជំងឺ Covid-19 នេះ ធ្វើឲ្យការសិក្សាត្រូវបានផ្អាកបណ្តោះអាសន្ន មិនអាចទៅសិក្សារៀនសូត្រនៅសាលាបាន ដូច្នេះសូមជួយឲ្យកូនប្រឹងប្រែងរៀនសូត្រនៅផ្ទះ ចៀសជាងយកពេលវេលានេះ ទៅដើរលេងអត់ប្រយោជន៍ គឺមានតែការសិក្សាទេ ដែលអាចធ្វើឲ្យជីវភាពគ្រួសារបានល្អប្រសើរនាពេលអនាគត។
លោក អាំង សិរីពិសិដ្ឋ បញ្ជាក់ថា អំណោយទាំងអស់រួមមាន៖ រទេះសម្រាប់ជនពិការ ០១គ្រឿង, អង្ករ ២៥គីឡូក្រាម, ត្រីខកំប៉ុង ០១យួរ, ទឹកត្រី ០១យួរ, ទឹកស៉ីអ៉ីវ ០១យួរ និងថវិកា ១០០.០០០រៀល៕