(ភ្នំពេញ)៖ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ បានថ្លែងកោតសរសើរ និងអបអរសាទរចំពោះវិធានការទាន់ពេលវេលារបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលបានចេញជាបន្ដបន្ទាប់រហូតមកដល់ពេលនេះ ដើម្បីការពារ និងទប់ស្កាត់ជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា។
ក្នុងជំនួបជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៤ ខែមិថុនានេះ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ក៏បានអំណរគុណក្រសួងមហាផ្ទៃ ជាពិសេសសម្តេចក្រឡាហោម ដែលតែងតែជួយសម្រួលលើបញ្ហាផ្សេងៗក្នុងស្ថានភាពនៃជំងឺ COVID-19 ជាពិសេសទាក់ទងទៅនឹងការសម្រួលបញ្ហាទិដ្ឋការដល់ប្រជាពលរដ្ឋជប៉ុន ដែលកំពុងតែរស់នៅប្រទេសកម្ពុជា។
ឯកអគ្គរាជទូតជប៉ុនរូបនេះ បានបន្តថា ក្នុងស្ថានភាពនៃជំងឺ COVID-19 រាជរដ្ឋាភិបាលជប៉ុន បានជួយគាំទ្រលើវិស័យសុខាភិបាលកម្ពុជា ដែលជួយដោយផ្ទាល់ទៅកាន់ក្រសួងសុខាភិបាល ហើយក៏ជួយទៅដល់អង្គការអន្តរជាតិនានាដូចជា អង្គការ IOM ជាដើម។
ជាការឆ្លើយតបនៅក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានស្វាគមន៍ជាថ្មីម្តងទៀតចំពោះ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ដែលបានចូលរួមចំណែក ផ្តល់កិច្ចសហការយ៉ាងសកម្ម នៅក្នុងបេសកកម្មរបស់លោក តាមរយៈការជួយឧបត្ថម្ភ ដែលជាការរួមចំណែករបស់រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ជូនមកប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺ COVID-19 ទោះបីជាប្រទេសជប៉ុនកំពុងតែប្រយុទ្ធប្រឆាំងទៅនឹងជំងឺនេះយ៉ាងណាក៏ដោយ ដែលកាយវិការ និងទឹកចិត្តដ៏ល្អនេះ គឺមិនអាចកាត់ថ្លៃបានឡើយ។
សម្តេចក្រឡាហោម បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ដែលបានជួយមកកម្ពុជាតាមរយៈ កម្មវិធីផ្សេងៗ ក្នុងការអភិវឌ្ឍ និងលើកម្ពស់សេដ្ឋកិច្ចសង្គម។
ជាងនេះទៀត សម្តេចបានបញ្ជាក់ផងដែរ ទាក់ទងទៅនឹងវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការ និងទប់ស្កាត់ជំងឺ COVID-19 ដោយកម្ពុជាស្តារសេដ្ឋកិច្ចឡើងវិញ តាមរយៈការយកចិត្តទុកដាក់គិតគូរជាបន្តបន្ទាប់ លើសុខទុក្ខប្រជាពលរដ្ឋ ជាក់ស្តែងដូចកាលពីព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២០នេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានប្រកាសពីការអនុវត្តនូវគោលនយោបាយ លើការឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺ COVID-19។
សូមបញ្ជាក់ថា រហូតដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកមានជំងឺកូវីដ១៩ នៅទូទាំងប្រទេស សរុបចំនួន ១៣០នាក់ (ស្ត្រី ៣៩នាក់ និងបុរស ៩១នាក់) ក្នុងនោះមានអ្នកសរុបចំនួន១២៨នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងអ្នកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន០២នាក់ប៉ុណ្ណោះ។
ទោះជាយ៉ាងនេះក្តី ទន្ទឹមនឹងការដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងទប់ទល់ជាមួយការធ្លាក់ចុះសេដ្ឋកិច្ច ដែលបណ្តាលមកពីផលប៉ះពាល់ នៃជំងឺនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏នៅតែអំពានាវឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន និងរស់នៅប្រកបដោយអនាម័យ ព្រមទាំងអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាលផងដែរ៕