(ព្រៃវែង)៖ ឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការហិរញ្ញកិច្ច និងភស្តុភារ តំណាងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ នាំថវិការបស់សប្បុរសជន ចំនួន១៩ម៉ឺនដុល្លារ ឧបត្ថម្ភជូនសាខាកាកបាទក្រហមខេត្តព្រៃវែង តំណាងដោយលោក ជា សុមេធី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តព្រៃវែង។
សប្បុរសជនដែលបានចូលរួមឧបត្ថម្ភថវិកាផ្ទាល់ជូន កាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដើម្បីទុកសម្រាប់ជួយទ្រទ្រង់បន្តដល់សកម្មភាពមនុស្សធម៌នៅក្នុងខេត្ត ឲ្យកាន់តែមានប្រសិទ្ធភាព គុណភាព និងភាពរស់រវើកនេះ ក៏មានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រៃវែងផងដែរ។
ក្នុងនាមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន, លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង បានបញ្ជាក់ថា ថវិកាដែលប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង នាពេលនេះ គឺជាទឹកចិត្តសប្បុរស និងក៏ជាវប្បធម៌នៃការចែករំលែកជួយគ្នា ក្នុងការរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។
ថ្វីត្បិតកម្ពុជាបច្ចុប្បន្នក៏ជាប្រទេសមួយ ក្នុងចំណោមប្រទេសផ្សេងៗទៀត លើសកលលោក ដែលបានរងផល ប៉ះពាល់ពីជំងឺកូវីដ១៩ ក៏ដោយប៉ុន្តែថវិកាដែលប្រមូលបាននៅតែមានចំនួនច្រើន នេះសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុក្ខដាក់ខ្ពស់ពី ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសប្បុរសជននានា ក្នុងការរួមចំណែកលើវិស័យមនុស្សធម៌។ នេះបើតាមលោកឧត្តមសេនីយ៍ឯក ឡោ សុឡេង។
លោក ជា សុមេធី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តព្រៃវែង បានសម្តែងនូវការគោរពកោតសរសើរ និងថ្លែងអំណរគុណចំពោះ សម្តេចក្រឡាហោម ថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រុមការងារ ព្រមទាំងសប្បុរសជននានា ដែលជារៀងរាល់ឆ្នាំ បានលះបង់ធនធានថវិកាផ្ទាល់ ក្នុងការចូលរួមជាមួយ កាកបាទក្រហមកម្ពុជា និយាយជារួម និយាយដោយឡែក សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ ប្រជាពលរដ្ឋរងគ្រោះ ដោយប្រការផ្សេងៗបានទាន់ពេលវេលា។
លោក ជា សុមេធី ក្នុងនាមសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង នឹងចាត់ចែងប្រើប្រាស់ថវិកាទាំងអស់នេះ ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធិភាព និងចំគោលដៅ ដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយឡើយ ដោយស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការ របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម។ ជាពិសេស ដើម្បីបម្រើសេចក្តីត្រូវការរបស់ជនរងគ្រោះ ដោយគ្រោះថ្នាក់ធម្មជាតិ គ្រោះមហន្តរាយផ្សេងៗ និងការការពារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៕