(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្ដីការបរទេសអាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្ដិសុខលើកទី២១ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី២៦ ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូអនឡាញ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចែករំលែកទស្សនៈមួយចំនួន។
នៅក្នុងកិច្ចប្រជុំទាំងនេះ លោកឧបនាយករដ្ឋមន្រ្តីបានលើកឡើងដូចតទៅ៖
* ក្រៅពីបញ្ហាប្រឈមនៃជំងឺរាតត្បាត និងសង្គម-សេដ្ឋកិច្ច អាស៊ានគឺកំពុងទទួលរងនូវភាពលំបាកលើភូមិសាស្រ្ដនយោបាយ បណ្ដាលមកពីការប្រកួតប្រជែងយុទ្ធសាស្រ្ដកាន់តែខ្លាំងឡើងរបស់ប្រទេសមហាអំណាច។ ថ្វីបើមានសម្ពាធលើមជ្ឈភាពអាស៊ានក្ដី ប្រទេសសមាជិក អាស៊ាន គឺមិនមានចំណាប់អារម្មណ៍ក្នុងការជ្រើសរើសភាគីមហាអំណាចណាមួយ ហើយបន្ដគាំទ្រលើប្រព័ន្ធពហុភាគីនិយម ផ្អែកលើច្បាប់ ដែលតែងបន្ដរងការវាយប្រហារ។
* ចំពោះស្ថានភាពរដ្ឋរ៉ាខាញ កម្ពុជា លើកទឹកចិត្ដចំពោះការបន្ដកិច្ចសន្ទនារបស់ភាគីពាក់ព័ន្ធដើម្បីធានាបាននូវការរៀបចំដំណើរមាតុភូមិនិវត្ដន៍ ប្រកបដោយ សុវត្ដិភាព សណ្ដាប់ធ្នាប់ និងសេចក្ដីថ្លៃថ្នូរ។
* ចំពោះបញ្ហានៅឧបទ្វីបកូរ៉េ កម្ពុជាសូមគូសបញ្ជាក់អំពីសារៈសំខាន់នៃតួនាទីរបស់អាស៊ាន ជាពិសេសតាមរយៈយន្តការវេទិកាតំបន់អាស៊ាន និងវិធានការកសាងទំនុកចិត្តផ្សេងៗ ក្នុងការជំរុញឱ្យមានការវិវត្តជាវិជ្ជមាននៅឧបទ្វីបកូរ៉េ។ កម្ពុជាកោតសរសើរចំពោះគំនិតផ្តួចផ្តើមថ្មីៗ រួមគ្នារវាងប្រទេសរុស្ស៊ី អាមេរិក ចិន និងជប៉ុនក្នុងការបង្កើតផែនការសកម្មភាព។
* ចំពោះបញ្ហាសមុទ្រចិនខាងត្បូង កម្ពុជាក្នុងនាមជារដ្ឋដែលមិនទាមទារអធិបតេយ្យនៅក្នុងសមុទ្រចិនខាងត្បូង សូមរក្សាភាពអព្យាក្រឹតលើបញ្ហាជម្លោះទឹកដី ហើយកម្ពុជាសង្ឃឹមថាភាគីពាក់ព័ន្ធគួរបន្តរក្សាបរិយាកាសអំណោយផលក្នុងការថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ដែលនឹងចូលរួមចំណែកដល់ការបញ្ចប់ការចរចាលើក្រមប្រតិបត្តិនៅក្នុងសមុទ្រចិនខាងត្បូង។
កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សន្តិសុខ-នយោបាយអាស៊ាន (APSC) លើកទី ២១
* កិច្ចប្រជុំបានកត់សំគាល់អំពីវឌ្ឍនភាពនៃការអនុវត្តផែនការលម្អិតនៃសហគមន៍សន្តិសុខ-នយោបាយអាស៊ានដែលសកម្មភាពចំនួន ៩៦% នៃផែនការសកម្មភាពខាងលើត្រូវបានអនុវត្ត។ កិច្ចប្រជុំទន្ទឹងរង់ចាំការបញ្ចប់របាយការណ៍ត្រួតពិនិត្យពាក់កណ្តាលអាណត្តិនៃចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ដែលរួមទាំងផែនការលម្អិតនៃសហគមន៍នយោបាយ-សន្តិសុខអាស៊ាន ឆ្នាំ២០២៥។
* លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីតួនាទីសំខាន់របស់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) ក្នុងការលើកកម្ពស់ការយល់ដឹងអំពីគ្រោះថ្នាក់នៃសំណល់ជាតិផ្ទុះពីសង្គ្រាមនៅក្នុងតំបន់ និងពិភពលោក ការផ្តល់ជំនួយផ្នែកវេជ្ជសាស្ដ្រ និងនីតិសម្បទា ដល់ជនរងគ្រោះដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងការសម្របសម្រួលដល់ប្រទេសសមាជិកអាស៊ាន ក្នុងការស្រាវជ្រាវ ចែករំលែកចំណេះដឹងអំពីផលប៉ះពាល់នៃសំណល់ជាតិផ្ទុះពីសង្គ្រាម និងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាទាំងនោះ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា ចាប់តាំងពីឆ្នាំ២០១៧-២០១៩ កម្ពុជាដែលជាប្រទេសម្ចាស់ផ្ទះនៃមជ្ឈមណ្ឌលបានផ្តល់វិភាគទានចំនួន ៦៧៥ ០០០ ដុល្លារអាមេរិក ដើម្បីធានានិរន្តរភាពនៃដំណើរការរបស់មជ្ឈមណ្ឌល និងជំរុញឱ្យមានការចូលរួមចំណែកឱ្យបានគ្រប់គ្រាន់របស់អាស៊ានដើម្បីធានានិរន្តរភាពនៃដំណើរការមជ្ឈមណ្ឌល។
កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី ២៦ (ACC)៖
* កិច្ចប្រជុំបានពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ និងកិច្ចប្រជុំពាក់ព័ន្ធនានា និងអនុម័តលើលក្ខខណ្ឌប្រតិបត្តិនៃមូលនិធិអាស៊ានឆ្លើយតបជំងឺកូវីដ១៩ ព្រមទាំងបានឯកភាពលើភាពចាំបាច់ក្នុងការជំរុញឱ្យមានកិច្ចប្រឹងប្រែងគ្រប់ជ្រុងជ្រោយរបស់អាស៊ានដើម្បីស្តារឡើងវិញពីផលប៉ះពាល់ដោយសារជំងឺកូវីដ១៩៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេស៖