(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្ដីការបរទេសអាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្ដិសុខលើកទី២១ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី២៦ ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូអនឡាញ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានគូសបញ្ជាក់អំពីជំហររបស់កម្ពុជា ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង។
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានប្រាប់រដ្ឋមន្រ្តីការបរទេសអាស៊ានថា៖ «ចំពោះបញ្ហាសមុទ្រចិនខាងត្បូង កម្ពុជាក្នុងនាមជារដ្ឋដែលមិនទាមទារ អធិបតេយ្យនៅក្នុងសមុទ្រចិនខាងត្បូង សូមរក្សាភាពអព្យាក្រឹតលើបញ្ហាជម្លោះទឹកដី ហើយកម្ពុជាសង្ឃឹមថាភាគីពាក់ព័ន្ធគួរបន្តរក្សាបរិយាកាសអំណោយផលក្នុងការថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ដែលនឹងចូលរួមចំណែកដល់ការបញ្ចប់ការចរចាលើក្រមប្រតិបត្តិនៅក្នុងសមុទ្រចិនខាងត្បូង»។ នេះបើតាមសេចក្តីប្រកាសលទ្ធផលនៃកិច្ចប្រជុំ របស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
បើតាមប្រមុខការទូតកម្ពុជា, ក្រៅពីបញ្ហាប្រឈមនៃជំងឺរាតត្បាត និងសង្គម-សេដ្ឋកិច្ច អាស៊ានគឺកំពុងទទួលរងនូវភាពលំបាកលើភូមិសាស្រ្ដនយោបាយ បណ្ដាលមកពីការប្រកួតប្រជែងយុទ្ធសាស្រ្ដកាន់តែខ្លាំងឡើងរបស់ប្រទេសមហាអំណាច។ ថ្វីបើមានសម្ពាធលើមជ្ឈភាពអាស៊ានក្ដី ប្រទេសសមាជិក អាស៊ាន គឺមិនមានចំណាប់អារម្មណ៍ក្នុងការជ្រើសរើសភាគីមហាអំណាចណាមួយ ហើយបន្ដគាំទ្រលើប្រព័ន្ធពហុភាគីនិយម ផ្អែកលើច្បាប់ ដែលតែងបន្ដរងការវាយប្រហារ។
នៅក្នុងទាំង៣នេះ រដ្ឋមន្រ្ដីការបរទេសអាស៊ាន ក៏បានផ្លាស់ប្ដូរទស្សនៈគ្នា ទាក់ទងទៅនឹងបញ្ហាតំបន់ និងអន្ដរជាតិ ដូចជាស្ថានការណ៍នៅឧបទ្វីបកូរ៉េ រដ្ឋរ៉ាខាញ និងការវិវឌ្ឍនៅសមុទ្រចិនខាងត្បូង។ រដ្ឋមន្រ្ដីការបរទេសអាស៊ាន បានចែករំលែកទស្សនៈលើសារៈសំខាន់នៃការពង្រឹង មជ្ឈភាពអាស៊ាន ក្នុងការវិវឌ្ឍនិម្មាបនកម្មក្នុងតំបន់ ពង្រឹងសន្ដិភាព និងស្ថិរភាពក្នុងតំបន់ ជាពិសេសការពន្លឿនការងារ ដើម្បីផ្សារភ្ជាប់កិច្ចសហប្រតិបត្ដិការឱ្យកាន់តែជិតស្និទ្ធក្នុងអាស៊ាន ដែលឆ្លើយតបជាមួយស្ថានភាពងើបឡើងវិញពីជំងឺកូវីដ-១៩។
រឿងសមុទ្រចិនខាងត្បូង បានក្លាយទៅជាជម្លោះដណ្តើមដែនទឹកដ៏រ៉ាំរ៉ៃរវាងប្រទេសមហាអំណាចចិន និងប្រទេសអាស៊ានចំនួន៤ ក្នុងនោះមានឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម។ ជម្លោះនេះបានចាប់ផ្តើមកើនឡើងខ្លាំងនៅពេលដែលចិនចាប់ផ្តើមធ្វើកោះសិប្បនិម្មិតនៅក្នុងសមុទ្រចិនខាងត្បូង។
កាលពីពេលថ្មីនេះ សហរដ្ឋអាមេរិក បានចោទប្រទេសចិនថា កំពុងប្រើវិបត្តិជំងឺកូវីដ១៩ ដើម្បីលាក់បាំងនូវយុទ្ធនាការជំរុញការទាមទារអធិបតេយ្យភាព នៅក្នុងដែនទឹកសមុទ្រចិនភាគខាងត្បូង តាមរយៈការបង្កើនសកម្មភាពរបស់កងទ័ពជើងទឹកចិន នៅតំបន់នោះ។
ខណៈដែលចិន បានចោទសហរដ្ឋអាមេរិកថា បាន និងកំពុងបង្កើនការធ្វើសកម្មភាពរបស់ខ្លួនមិនធ្លាប់មានពីមុនមក នៅក្នុងតំបន់ អាស៊ី-ប៉ាស៊ីហ្វិក ដែលនេះអាចនឹងនាំឱ្យមានការប៉ះទង្គិចគ្នាជាយថាហេតុណាមួយ ជាមួយកងនាវាចិនផងដែរ៕