(ពោធិ៍សាត់)៖ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ ដឹកនាំដោយ លោកស្រី ឯម ប៉ុណ្ណា សមាជិការដ្ឋសភាមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិ និងលោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសាខា នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ ចុះសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនដល់គ្រួសារក្រីក្រ និងជនចាស់ជរាគ្នានទីពឹង ចំនួន៣៦គ្រួសារ នៅឃុំក្រពើពីរ និងឃុំអន្លង់រាប ស្រុកវាលវែង។
លោកស្រី ឯម ប៊ុណ្ណា បានលើកឡើងថា គ្រឿងឧបភោគបរិភោគ ដែលយកមកផ្តល់ជូននាពេលនេះ គឺជាអំណោយ របស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ រួមជាមួយអំណោយរបស់លោក ម៉ៅ ធនិន អភិបាលខេត្ត ដែលជាសន្តានចិត្តសប្បុរសធម៌ គិតគូអំពីសុខទុក្ខប្រជាពលរដ្ឋជាប្រចាំ។ ទោះបីជាអំណោយទាំងនេះមានតិចតួចក្តី ប៉ុន្តែក៏អាចជួយសម្រាលការលំបាកបានមួយកម្រិត ក្នុងកាលៈទេសៈប្រទេសជាតិ ក៏ដូចជាសកលលោក កំពុងទទួលរងគ្រោះ ដោយជំងឺរាលត្បាតកូវីដ១៩ (Covid-19)។
លោកស្រីបន្ដថា បើទោះជាករណីកូវីដ១៩ មានការធូរស្រាលបានច្រើនយ៉ាងណាក្តី តែជំងឺនេះមិនទាន់ផុតរលត់ពីផែនដីនៅឡើយទេ រីឯវ៉ាក់សាំងការពារ ក៏ពុំទាន់មានការបញ្ជាក់យ៉ាងណានោះដែរ ដូចនេះយើងត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់គ្រប់ក្រុមគ្រួសារ និងរួមគ្នាបង្ការ ទប់ស្កាត់ជំងឺនេះ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការណ៍ សារាចរណែនាំជាច្រើន របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកស្រី ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវផ្តោតការយកចិត្តទុកដាក់ថែរក្សាសុខភាពនារដូវវស្សានេះ ព្រមទាំងត្រូវឆ្លៀតដាំដំណាំ និងបន្លែបង្កា ដើម្បីកាត់បន្ថយការចំណាយ និងទទួលបានសុវត្ថិភាព ក្នុងការទទួលទានសម្រាប់ក្រុមគ្រួសារ ជាពិសេសអាចនាំចេញទៅទីផ្សារក្នុង និងក្រៅខេត្ត ដោយលើកហេតុផលថា ទីតាំងនៅតំបន់នេះអំណោយផល និងមានផ្លូវធ្វើដំណើរល្អ។
គួរបញ្ជាក់ថា អំណោយដែលត្រូវចែកជូនដល់គ្រួសារក្រីក្រ និងជនចាស់ជរាគ្នានទីពឹង ចំនួន៣៦គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ១០គីឡូក្រាម, ក្រមា១, គ្រឿងឧបភោគបរិភោគ ១កញ្ចប់ និងថវិកា២ម៉ឺនរៀល។ ជាមួយគ្នានោះ ប្រតិភូសាខាសមាគមនារីខេត្ត ក៏បានឧបត្ថម្ភជូនបងប្អូនប្រជាការពារ ចំនួន១៤នាក់ ក្នុងម្នាក់ៗអង្ករ១០គីឡូក្រាមផងដែរ៕