(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាដល់ប្រធានមន្ទីរកសិកម្ម គ្រប់រាជធានី-ខេត្ត ឲ្យចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ជលផល និងការកាប់រាន ដុត ឈូសឆាយដីព្រៃឈើ ព្រៃលិចទឹកតាមគ្រប់រូបភាព។ នេះបើតាមលិខិតរបស់រដ្ឋមន្ដ្រី វេង សាខុន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។
លោករដ្ឋមន្ដ្រី វេង សាខុន បានឲ្យដឹងថា សកម្មភាព បទល្មើសពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ ការកាប់រានដីព្រៃឈើ និងព្រៃលិចទឹក ការដឹកជញ្ជូនផល អនុផលព្រៃឈើ និងការកាប់រាន ដុត ឈូសឆាយដីរដ្ឋខុសច្បាប់ នៅតែបន្តកើតមានឡើង គួរឲ្យកត់សម្គាល់នៅតាមបណ្ដាខេត្តមួយចំនួន។
ដូច្នេះ ដើម្បីធានាបានប្រសិទ្ធភាព នៃការគ្រប់គ្រងធនធានធម្មជាតិ ពិសេសធនធានព្រៃឈើ និងជលផលនោះ ក្រសួង សម្រេចឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ជលផល និងការកាប់រាន ដុត ឈូសឆាយដីព្រៃឈើ ព្រៃលិចទឹកតាមគ្រប់រូបភាព ក្រោមយន្តការគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ស្របតាមស្មារតីអនុក្រឹត្យលេខ១៥៦ អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤ និងសារាចរណែនាំលេខ០៥ សរណន ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់៕
ខាងក្រោមនេះ ជាលិខិតរបស់រដ្ឋមន្ដ្រីកសិកម្ម ផ្ញើជូនទៅប្រធានមន្ទីរកសិកម្ម រាជធានី-ខេត្ត៖