(សៀមរាប)៖ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលខេត្តសៀមរាប បានសម្រេចសិក្សាលើ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធផ្លូវមេនៅក្រុងសៀមរាបចំនួន ៣៨ខ្សែ ដែលមានប្រវែងសរុបជិត ១០០គីឡូម៉ែត្រ ដើម្បីលើកកម្ពស់វិស័យសាធារណការ-ដឹកជញ្ជូន សម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ពិសេសដើម្បីគាំទ្រដល់វិស័យទេសចរណ៍ ក្នុងខេត្តផងដែរ។
ការសម្រេចលើគម្រោងដ៏សំខាន់ ដែលប្រជាពលរដ្ឋទូទៅតែងតែទន្ទឹងរង់ចាំនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំមួយ នៅសាលាខេត្តសៀមរាប ក្រោមអធិបតីភាពទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងសិក្សាទៅលើគម្រោងខ្សែផ្លូវមេចំនួន ៣៨ខ្សែ សរុបប្រវែងប្រមាណ ៩៨.៣៤គីឡូម៉ែត្រ ក្នុងនោះមានផ្លូវពីរគន្លង មានប្រវែងប្រមាណ ៤៤គីឡូម៉ែត្រ និងផ្លូវបួនគន្លងមានប្រវែងប្រមាណ ៥៤គីឡូម៉ែត្រ លាតសន្ធឹងក្នុងសង្កាត់ទាំង១២ របស់ក្រុងសៀមរាប និងមួយផ្នែកនៃស្រុកបាគង ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍហេដ្ឋរចនាសម្ពន្ធក្នុងក្រុងសៀមរាប។
គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធផ្លូវមេក្នុងក្រុងសៀមរាបទាំង៣៨នេះ ត្រូវបានសិក្សាក្នុងគោលបំណងដើម្បីចូលរួមលើកកម្ពស់វិស័យសេដ្ឋកិច្ច សោភ័ណភាពទីក្រុងសៀមរាបឱ្យសាកសមជាទីក្រុងទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ព្រមទាំងតភ្ជាប់ទីប្រជុំជនក្រុងសៀមរាបទៅតំបន់ដាច់ស្រយាលនៅជាយក្រុង និងជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងខេត្តសៀមរាប។
លោកអភិបាលខេត្ត ទៀ សីហា បានឱ្យដឹងថា ខេត្តសៀមរាប គឺជាខេត្តទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ហើយស្ថានភាពហេដ្ឋារចនាសម្ពន្ធផ្លូវជាច្រើន ត្រូវធ្វើការជួសជុល និងកែលម្អឡើងវិញ ហើយគម្រោងខ្សែផ្លូវមេទាំង៣៨ខ្សែនេះ ដែលបានសិក្សានេះគឺជាសរសៃឈាម និងជាបេះដូងរបស់ខេត្ត ដើម្បីកំណើតសេដ្ឋកិច្ច ទេសចរណ៍ និងសោភ័ណភាពរបស់ខេត្ត។
លោកបានលើកឡើងពីការងារជួសជុល និងកែលម្អផ្លូវចំនួន ១០ខ្សែ ដោយរដ្ឋបាលខេត្តសៀមរាប រួមមានផ្លូវតាអុច ផ្លូវនាគទេព ផ្លូវខ្នែងជន្លង់ ផ្លូវតុងសេង ផ្លូវអាទីហ្សង់ ផ្លូវគោកស្រិត ផ្លូវជាប់សូហ្វីតែល ផ្លូវពន្ធដារខេត្ត ផ្លូវកេសរកូល និងផ្លូវស្វាយមាស។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្ដ្រីបានលើកឡើងថា ហេដ្ឋារចនាសម្ពន្ធផ្លូវក្នុងក្រុងសៀមរាប ដល់ពេលដែលត្រូវសិក្សារៀបចំផែនការមេ ដើម្បីធ្វើការជួសជុស កែលម្អឡើងវិញ ដូចក្រុងព្រះសីហនុឱ្យសាកសមជាទីក្រុងទេសចរណ៍ ដើម្បីលើកស្ទួយមុខមាត់ប្រទេសជាតិនៅលើឆាកអន្តរជាតិ តាមរយៈភ្ញៀវទេសចរណ៍អន្តរជាតិ ហើយរាជរដ្ឋាភិបាលកំពុងសិក្សាស្វែងរកប្រភពថវិកា ដើម្បីអនុវត្តគម្រោងហេដ្ឋារចនាសម្ពន្ធផ្លូវមេ៣៨ខ្សែនេះ។
លោកទេសរដ្ឋមន្ដ្រីបានលើកឡើង គម្រោងដែលក្រសួងកំពុងជួសជុលកែលម្អឡើងវិញ គម្រោងផ្លូវវាងក្រុងរួមមាន៖ ផ្លូវខេត្តលេខ 2SR3 ប្រវែង ១៤.៩៥គ.ម បំបែកពីផ្លូវជាតិលេខ៦ ត្រង់គ.ម ៣០៨+៨៣០ (ចុងកៅស៊ូ) ដល់គ.ម ៣១៩+៦០០ (ទឹកវិល) ក្រាលកៅស៊ូ DBST និងផ្លូវខ្នារចាស់ (វិថីសម្តេច ជា ស៊ីម) ប្រវែង ៤,៦០គីឡូម៉ែត្រ បន្តពីផ្លូវ ៧មករា ចាប់ពីផ្លូវលេខ 2SR3 ឆ្ពោះទៅកាន់ផ្លូវខេត្តលេខ 265F មានប្រវែង ៤៥គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ ៦ ត្រង់ចំណុចគីឡូម៉ែត្រ ២៩១ ដល់គីឡូម៉ែត្រ ៣៣០ កំពុងសិក្សាជ្រើសរើសគន្លងខ្សែផ្លូវ និងសិក្សាសមិទ្ធិលទ្ធភាពគម្រោង ព្រមជាមួយគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ ក្នុងក្រុងសៀមរាបផងដែរ៕